ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា

លោកជំទាវ ហ៊ុន ម៉ាណា ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា


ថ្នាលទូរទស្សន៍ឌីជីថលដែលជាបោះទុនវិនិយោគរួមគ្នារវាងរាជរដ្ឋាភិបាលជាមួយក្រុមហ៊ុនឯកជនបានឈានដល់ការចុះហត្ថលេខាលើឯកសារលក្ខន្តិកៈក្រុមហ៊ុនហើយ ដែលជាការវិវត្តន៍ថ្មីមួយទៀត មុនឈានទៅបង្កើតថ្នាលឌីជីថលនេះក្នុងពេលឆាប់ៗខាងមុននេះ។ នៅក្នុងឯកសារលក្ខន្តិកៈក្រុមហ៊ុននេះ បានសម្រេចបង្កើតក្រុមប្រឹក្សាភិបាលមួយដែលមានសមាជិកចំនួន៧រូប ដែលមានតំណាងពីភាគីរាជរដ្ឋាភិបាលចំនួន១រូប និងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជាចំនួន៦រូប។ ក្នុងនោះលោកជំទាវ ហ៊ុន ម៉ាណា ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិថ្មីនេះ។
លោកជំទាវ ហ៊ុន ម៉ាណា ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា

បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នារវាងរដ្ឋាភិបាលជាមួយក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជាបានប្រមាណ៨ខែរួចមក ការបង្កើតថ្នាលទូរទស្សន៍ឌីជីថលកម្ពុជាបានវិវត្តន៍ទៅមុខមួយកម្រតិទៀតហើយ ពោលគឺបានឈានដល់ការចុះហត្ថរួមគ្នាលើឯកសារ«លក្ខន្តិកៈក្រុមហ៊ុន» ដើម្បីឈានទៅបង្កើតថ្នាលនេះក្នុងពេលឆាប់ៗខាងមុខនេះ។ បើគ្មានការប្រែប្រួលទេថ្នាលទូរទស្សន៍ឌីជីថលនេះ នឹងដាក់ឲ្យប្រើប្រាស់នៅក្នុងអំឡុងឆ្នាំ២០២៣ ខាងមុខនេះ។

បើតាមឯកសារលក្ខន្តិកៈក្រុមហ៊ុន ភាគីរាជរដ្ឋាភិបាល និងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជាបានសម្រេចបង្កើតក្រុមប្រឹក្សាភិបាលមួយដែលមានសមាជិកចំនួន៧រូប ដើម្បីទទួលខុសត្រូវក្នុងការបង្កើតថ្នាលទូរទស្សន៍ឌីជីថលនេះ។ សមាជិកទាំងពីររូបនេះ ម្នាក់ត្រូវបានជ្រើសរើសចេញពីភាគីរាជរដ្ឋាភិបាល និង៦នាក់ចេញពីក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ដែលមានក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប, ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប។ ជាមួយគ្នានេះសមាជិកនៃក្រុមប្រឹក្សាភិបាលបានសម្រេចជ្រើសតាំងលោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុបជាប្រធានសម្រាប់អាណត្តិដំបូង។

គួរជម្រាបថា ថ្នាលទូរទស្សន៍ឌីជីថលដែលជាការវិនិយោគរួមគ្នារវាងវិស័យឯកជន និងរដ្ឋនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយ និងអភិវឌ្ឍន៍វិស័យសោតទស្សន៍នៅកម្ពុជាឲ្យស្របតាមការរីកចម្រើននៃប្រព័ន្ធបច្ចេកឌីជីថលនាពេលបច្ចុប្បន្ន និងទៅអនាគត។ មួយវិញទៀត ដើម្បីឈានទៅបិទការផ្សាយរបស់ទូរទស្សន៍តាមប្រព័ន្ធអាណាឡូកនៅឆ្នាំ២០២៥ ដើម្បីទុកប្រេកង់ឲ្យរដ្ឋាភិបាលប្រើប្រាស់សម្រាប់ប្រែក្លាយកម្ពុជាជាសង្គម និងសេដ្ឋកិច្ចឌីជីថល។

ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា ដែលជាក្រុមហ៊ុនចម្រុះរវាងរដ្ឋ និងឯកជនថ្មីនេះ នឹងផ្តល់ជូននូវសេវាថ្នាលទូរទស្សន៍ឌីជីថលផ្សាយតាមប្រព័ន្ធ DVB-T2 ដែលមានប៉ុស្តិ៍ច្រើនប្រភេទសម្បូរបែប សំដៅលើកស្ទួយវិស័យព័ត៌មាន អប់រំ ចំណេះដឹង សិល្បៈកម្សាន្ត និងកីឡា ដែលនាំមកនូវភាពសុខដុមរមនាដល់ក្រុមគ្រួសារកម្ពុជា។ នេះជាភាពរីកចម្រើនមួយដ៏ធំក្នុងវិស័យសោតទស្សន៍និងផ្សព្វផ្សាយស្របតាមគោលនយោបាយរដ្ឋាភិបាលសម្រាប់សង្គមឌីជីថលកម្ពុជា ឲ្យដើរស្របតាមគន្លងឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលជំនាន់ទី៤ ដូច្នេះការផ្លាស់ប្តូររូបរាងថ្មី និងបទពិសោធន៍នៃការកម្សាន្តនេះ ធ្វើឲ្យប្រទេសកម្ពុជាអាចដើរតាមបច្ចេកវិទ្យាឈានមុខទន្ទឹមនឹងឆាកអន្តរជាតិដោយទស្សនិកជនអាចទស្សនារាល់ទស្សនីយភាពដែលផលិតឡើងមានគុណភាពស្តង់ដាខ្ពស់ច្បាស់ត្រជាក់ភ្នែកពីគេហដ្ឋាន ឬមើលតាមទូរស័ព្ទដៃគ្រប់ពេលវេលា គ្រប់ទីកន្លែង នៅលើថ្នាលតែមួយ។ នេះក៏ជាការលើកទឹកចិត្តដល់ផលិតករឲ្យផលិតនូវទស្សនីយភាពមានគុណភាពខ្ពស់បន្តទៀត ដែលមានថ្នាលអាចបង្ហាញស្នាដៃរបស់ខ្លួនទៅកាន់ពិភពលោក៕




អត្ថបទបន្ទាប់


កសិដ្ឋានចិញ្ចឹម និងកែច្នៃត្រីធំមួយគ្រោងនាំចេញសាច់ត្រីទីឡាព្យ៉ា ២តោនក្នុង១ខែ ទៅកាន់ប្រទេសជប៉ុននៅឆ្នាំក្រោយ

ព័ត៌មាន
ម្ចាស់កសិដ្ឋានចិញ្ចឹមត្រី និងកែច្នៃត្រី Cambodia Fresh Farm បានអះអាងថា គ្រោងនឹងនាំចេញសាច់ត្រីទីឡាព្យ៉ាទៅកាន់ប្រទេសជប៉ុននៅឆ្នាំ២០២៣ខាងមុ…

តើជំនួបរវាងប្រមុខបក្សកុម្មុយនិស្ដវៀតណាម និងចិនបានសច្ចារួមគ្នាអ្វីខ្លះ?

ព័ត៌មាន
ប្រធានាធិបតីចិនលោក Xi Jinping បានប្រាប់ទៅកាន់អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូជុង កាលពីថ្ងៃចន្ទ ទី ៣១ តុលា ថា ប្រទេសចិន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ