បទឈប់បាញ់

មេដឹកនាំអាម៉េរិក និងរុស្ស៊ី អាចនឹងជួបពិភាក្សាគ្នាលើបទឈប់បាញ់នៅអ៊ុយក្រែន ក្នុងសប្តាហ៍នេះ


ក្រោយដាក់ការខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ប្រមាណ៣សប្តាហ៍កន្លងមកនេះ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាជាមួយលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នៅក្នុងសប្តាហ៍នេះ។ នេះបើតាមការអះអាងរបស់បេសកជនកំពូលរបស់លោក ត្រាំ ដែលទើបវិលប្រឡប់ពីទីក្រុងមូស្គូ ក្រោយសហរដ្ឋអាម៉េរិក បានសម្របសម្រួលឲ្យអ៊ុយក្រែន គាំទ្រគំនិតផ្តួចផ្តើមបទឈប់បាញ់រយៈពេល៣០ថ្ងៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Strait Times។
បទឈប់បាញ់
ដោយ

លោក ស្ទីវ វិតខុហ្វ (Steve Witkoff) បេសកជនពិសេសរបស់លោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មានក្រោយវិលត្រឡប់ពីទីក្រុងម៉ូស្គូ ថា ប្រធានាធិបតីអាម៉េរិក អាចនឹងជួបជជែកជាមួយសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅសប្តាហ៍នេះ ដើម្បីស្វែងរកវិធីសាស្ត្រក្នុងការបញ្ចប់សង្រ្គាមដ៏អូសបន្លាយនៅអ៊ុយក្រែន។ បេសកជនរូបនេះ បានបង្ហាញសុទិដ្ឋិនិយមថា ការពិភាក្សារវាងលោក ត្រាំ និងលោក ពូទីន អាចនឹងមានភាពវិជ្ជមានច្រើន។

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅពេលនេះ កំពុងព្យាយាមបញ្ចុះបញ្ចូលឱ្យលោក ពូទីន គាំទ្រសំណើបទឈប់បាញ់រយៈពេល៣០ថ្ងៃ ផ្តួចផ្តើមដោយខ្លួន ដែលអ៊ុយក្រែន បានគាំទ្រកាលពីសប្តាហ៍មុន ខណៈរុស្ស៊ី និងអ៊ុយក្រែន កំពុងវាយប្រហារគ្នាតាមផ្លូវអាកាស ស្របពេលទីក្រុងម៉ូស្គូ កំពុងសម្រុកការបាញ់ប្រហារនៅលើដីគោក ដើម្បីបណ្តេញកងកម្លាំងអ៊ុយក្រែន ចេញពីទីតាំង ដែលខ្លួនធ្លាប់ឈរជើងនៅក្នុងតំបន់ ឃឺស (Kursk ) ភាគខាងលិចប្រទេសរុស្ស៊ី។

ពាក់ព័ន្ធនឹងសំណើបទឈប់បាញ់រយៈពេល៣០ថ្ងៃខាងលើ លោក ពូទីន ក៏បានបង្ហាញជំហរគាំទ្រផងដែរ តែភ្ជាប់ជាមួយលក្ខខណ្ឌជាច្រើន ហើយចំណុចមួយដែលរុស្ស៊ី អាចនឹងប្រឆាំងខ្លាំងនោះ គឺពាក់ព័ន្ធនឹងវត្តមានកងទ័ពរក្សាសន្តិភាពមកពីអឺរ៉ុប ឬអាម៉េរិក នៅអ៊ុយក្រែន។

ជុំវិញបញ្ហានេះ ប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង បាននិយាយនៅក្នុងបទសម្ភាស​មួយថា ការបោះទីតាំងកងទ័ពរក្សាសន្តិភាពនៅប្រទេសអ៊ុយក្រែន ដែលបានស្នើឡើងដោយអង់គ្លេស និងបារាំង ជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយរុស្ស៊ី។ លោក ម៉ាក្រុង បាននិយាយនៅក្នុងបទសម្ភាស​ជាមួយកាសែតក្នុងតំបន់ជាច្រើនរបស់បារាំងថា អ៊ុយក្រែន ជារដ្ឋអធិបតេយ្យភាព ហើយអ៊ុយក្រែន មានសិទ្ធិស្វ័យសម្រេចលើកិច្ចការនេះ។

អ្នកវិភាគបានលើកឡើងថា ប្រទេសរុស្ស៊ីនឹងបន្តច្រានចោលពាក់ព័ន្ធនឹងការអះអាងរបស់លោក ម៉ាក្រុង ដោយសារតែរុស្ស៊ី មិនចង់ឲ្យមានការសម្រេចចិត្តណាមួយឆ្លងកាត់តាមយន្តការអឺរ៉ុប ឬណាតូ ហើយម្យ៉ាងវិញទៀតដើមចមដែលរុស្ស៊ី យកជាលេសលុកលុយអ៊ុយក្រែន ក៏មានទំនាក់ទំនងនឹងការដែលអ៊ុយក្រែន ប៉ុនប៉ងចង់ក្លាយជាសមាជិតអង្គការណាតូនេះដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាម៉េរិក ជំរុញឱ្យវៀតណាម កែលម្អតុល្យភាពពាណិជ្ជកម្មជាមួយខ្លួន បើមិនចង់រងសម្ពាធពន្ធ

តំណាងពាណិជ្ជកម្មអាម៉េរិក លោក ជេមីសុន គ្រៀ (Jamieson Greer) បានប្រាប់មន្ត្រីពាណិជ្ជកម្មវៀតណាម ថា វៀតណាមត្រូវតែកែលម្អតុល្យភាពពាណិជ្ជកម្ម និ…

ចិន ដាក់ចេញផែនការបង្កើនប្រាក់ចំណូលរបស់ពលរដ្ឋ និងជំរុញកំណើនតម្រូវការប្រើប្រាស់ ដើម្បីសម្រេចគោលដៅកំណើន GDP

មហាយក្សចិន នឹងដាក់ចេញផែនការជំរុញកំណើនតម្រូវការប្រើប្រាស់ក្នុងស្រុកតាមរយៈការបង្កើនប្រាក់ចំណូលរបស់ប្រជាជន ដើម្បីសម្រេចគោលដៅកំណើនផលិតផលក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ