
ថ្លែងទៅកាន់នាយឧត្ដមសេនីយ៍យោធា និងកងទ័ពក្នុងពិធីជួបសំណេះសំណាលមួយកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យពង្រឹងតួនាទីរបស់យោធាក្នុងកិច្ចការក្នុងស្រុក និងណែនាំគោលការណ៍ថ្មីដល់កងទ័ព រួមទាំងស្តង់ដានៃការកំណត់កាយសម្បទារបស់កងកម្លាំង។ ការបញ្ជារបស់លោក ត្រាំ នេះមិនត្រឹមតែដើម្បីកែទម្រង់មន្ទីរបញ្ចកោណប៉ុណ្ណោះទេ ថែមទាំងដើម្បីបញ្ចូលធនធានយោធាសម្រាប់ការងារអាទិភាពរបស់ប្រធានាធិបតី រួមទាំងការបង្ក្រាបភាពចលាចល និងឧក្រិដ្ឋកម្មហិង្សាទៀតផង។
ទន្ទឹមនឹងនេះ លោក ត្រាំ បានសង្កត់ធ្ងន់ថា កងទ័ពគួរតែប្រើប្រាស់ទីក្រុងអាម៉េរិក ដ៏គ្រោះថ្នាក់មួយចំនួនធ្វើជាកន្លែងហ្វឹកហាត់សម្រាប់យោធា ខណៈអាម៉េរិក កំពុងស្ថិតក្រោមការឈ្លានពានពីសត្រូវខាងក្នុង ដែលវាមិនខុសពីសត្រូវបរទេសនោះទេ ហើយសត្រូវបែបនេះវាអាចពិបាកជាងសត្រូវបរទេសទៅទៀតដោយសារពួកគេមិនពាក់ឯកសណ្ឋានយោធា។
ការកោះប្រជុំក្រុមនាយឧត្តមសេនីយ៍នេះ ធ្វើឡើងចំពេលពលរដ្ឋអាម៉េរិក បានប្រមូលផ្ដុំគ្នាធ្វើការតវ៉ាជាបន្តបន្ទាប់ ដើម្បីប្រឆាំងនឹងវិធានការដ៏ក្ដៅគគុករបស់លោក ត្រាំ ក្នុងការបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់តាមការសន្យារបស់លោក ក្នុងយុទ្ធនាការបោះឆ្នោតកាលពីចុងឆ្នាំ២០២៤៕
ដោយ៖ សុខ មង្គល