សារព័ត៌មាន Nikkei Asia បានរាយការណ៍នៅថ្ងៃទី៧ ខែមេសា ថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានត្អូញត្អែរថា ប្រទេសជប៉ុន និងកូរ៉េខាងត្បូងមិនបានជួយគាំទ្រសហរដ្ឋអាម៉េរិកនោះឡើយ ទោះបីជាកងទ័ពអាម៉េរិកការពារពួកគេពីការគំរាមកំហែងរបស់កូរ៉េខាងជើង យ៉ាងណាក៏ដោយ ហើយមិនតែប៉ុណ្ណោះ លោក ថែមទាំងហៅអង្គការបក្សសម្ព័ន្ធយោធា NATO ថា ជា
ខ្លាក្រដាសទៀតផង។ ផ្ទុយទៅវិញលោក ត្រាំ បែរជាសរសើរបណ្ដាប្រទេសជាដៃគូនៅតំបន់មជ្ឈិមបូព៌ា ដូចជាប្រទេសគុយវ៉ែត កាតា និងអារ៉ាប៊ីសាអូឌីតជាដើមថា មានទឹកចិត្តល្អដែលបានជួយគាំទ្រអាម៉េរិក ក្នុងសង្គ្រាមនេះ។
យ៉ាងណាមិញលោក ត្រាំ បានដាក់ឱសានវាទដោយព្រមានអ៊ីរ៉ង់ឱ្យបើកច្រកសមុទ្រ Hormuz ឡើងវិញនៅត្រឹមថ្ងៃទី៧ ខែមេសា បើមិនព្រមបើកទេ អ៊ីរ៉ង់នឹងត្រូវទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើហេដ្ឋារចនាសម្ព័ន្ធថាមពល ហើយថា អាម៉េរិកអាចនឹងកម្ទេចគោលដៅសំខាន់ៗយ៉ាងឆាប់រហ័ស ប្រែក្លាយប្រទេសអ៊ីរ៉ង់ ទៅជាឋាននរកលោកិយ៍ ប្រសិនបើអ៊ីរ៉ង់មិនប្រញាប់ឈានដល់បទឈប់បាញ់ឱ្យបានទាន់ពេលវេលាទេនោះ។
សូមបញ្ជាក់ថា ប្រទេសប៉ាគីស្ថានបានស្នើផែនការសន្តិភាពក្នុងឋានៈជាអ្នកសម្របសម្រួល ដើម្បីនាំមកនូវការបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា ដែលផែនការនោះរួមមានការឈប់បាញ់ត្រូវមានប្រសិទ្ធភាពភ្លាមៗ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ, ការចរចាកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍។ ទោះជាយ៉ាងណា ភាគីអ៊ីរ៉ង់បានច្រានចោលចំពោះសំណើបទឈប់បាញ់នេះ ហើយបានអំពាវនាវឱ្យបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍ ដោយអ៊ីរ៉ង់ជាអ្នកផ្តល់ផែនការបទឈប់បាញ់ផ្ទាល់ខ្លួន៕ ដោយ: តែម សុខុម