កោះ Green Land

លោក ដូណាល់ ត្រាំ ចង់ទិញតំបន់ស្វយ័តរបស់ដាណឺម៉ាក Green Land បញ្ចូលក្នុងទឹកដីអាម៉េរិក


ប្រធានាធិបតីជាប់ឆ្នោតរបស់អាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហើបជាថ្មីពីបំណងចង់បាន ហ្រ្គិនឡែន (Green Land) ដែលជាតំបន់ស្វយ័តរបស់ដាណឺម៉ាក បញ្ចូលជាផ្នែកមួយនៃទឹកដីអាម៉េរិក។ នេះជាសារនយោបាយជាថ្មីរបស់មេដឹកនាំដែលមានចិត្ត និងមាត់ផុយម្នាក់នេះ បន្ទាប់ពីលោកបានលើកឡើងម្តងកាលពីឆ្នាំ២០១៩ ប៉ុន្តែត្រូវបានប្រឆាំងដោយប្រទេសដាណឺម៉ាក និងរដ្ឋាភិបាលនៃកោះនោះផ្ទាល់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
កោះ Green Land
ដោយ

លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិក បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលជាថ្មី បន្ទាប់ពីលោកបានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social កាលពីពេលថ្មីៗ ដោយបង្ហាញបំណងចង់ទិញយក Green Land ដែលជាតំបន់ស្វយ័តមួយរបស់ដាណឺម៉ាក បញ្ចូលជាទឹកដីរបស់សហរដ្ឋអាម៉េរិក។ សម្រាប់លោក ត្រាំ ហ្រ្គីនឡែន ជាកន្លែងដ៏អស្ចារ្យមួយ ហើយប្រជាជននៅទីនោះនឹងទទួលបានអត្ថប្រយោជន៍ច្រើន ប្រសិនបើកោះនេះក្លាយជាផ្នែកមួយនៃទឹកដីសហរដ្ឋអាម៉េរិក។

ពាក់ព័ន្ធនឹងការលើកឡើងបែបនេះ លោក មុត អ៊ីហ្គេត (Mute Egede) នាយករដ្ឋមន្ត្រី ហ្រ្គីនឡែន ដែលកំពុងមាននិន្នាការទាមទារឯករាជ្យភាពពីប្រទេសដាណឺម៉ាក បាននិយាយម្តងហើយម្តងទៀតថា កោះនេះមិនមែនសម្រាប់លក់ទេ តែជោគវាសនារបស់កោះនេះវាអាស្រ័យលើការសម្រេចចិត្តរបស់ប្រជាជនទាំងមូល។

ហ្រ្គីនឡែន គឺជាកោះមួយ ដែលគ្របដណ្តប់ដោយទឹកកកភាគច្រើនហើយមានប្រជាជនត្រឹមតែ៥ម៉ឺន៧ពាន់នាក់ប៉ុណ្ណោះ។ ទីនោះ ជាតំបន់ដែលគេជឿថា មានកំណប់ធនធានរ៉ែដ៏មហាសាល និងមានសារសំខាន់ជាយុទ្ធសាស្ត្រសម្រាប់យោធាសហរដ្ឋអាម៉េរិក តែវាជាផ្នែកមួយរបស់ប្រទេសដាណឺម៉ាក អស់រយៈពេលជាង៦00ឆ្នាំមកហើយ។

កោះនេះជាអតីតដែនដីអាណានិគមរបស់ដាណឺម៉ាក ហើយបានក្លាយជាទឹកដីផ្លូវការរបស់ប្រទេសនេះក្នុងឆ្នាំ១៩៥៣។ ក្រោយមកនៅអំឡុងឆ្នាំ២០០៩ កោះនេះត្រូវបានផ្តល់ស្វ័យភាពគ្រប់គ្រងដោយខ្លួនឯងយ៉ាងទូលំទូលាយ រួមទាំងសិទ្ធិក្នុងការប្រកាសឯករាជ្យពីប្រទេសដាណឺម៉ាកតាមរយៈការធ្វើប្រជាមតិ។

ក្រៅពីលោក ត្រាំ កោះហ្រ្គីនឡែននេះជាបំណងប្រាថ្នារបស់សហរដ្ឋអាម៉េរិកជាយូរមកហើយ ពោលគឺតាំងពីសម័យនៃសង្រ្គាមត្រជាក់ជំនាន់លោកប្រធានាធិបតី ហារី ទ្រូមែន (Harry Truman) ដោយលោកបានស្នើទិញកោះនេះក្នុងតម្លៃ១០០លានដុល្លារ ប៉ុន្តែដាណឺម៉ាកបានបដិសេធ។ សហរដ្ឋអាម៉េរិកចង់បានកោះទឹកកកនេះ គឺដោយសារកោះនេះ មានសារសំខាន់ជាយុទ្ធសាស្ត្រសម្រាប់យោធាអាម៉េរិក និងប្រព័ន្ធមីស៊ីលរំលងទ្វីបរបស់ខ្លួន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ម៉ាឡេស៊ី ត្រៀមរៀបចំកិច្ចប្រជុំជាង៣០០ ពេលខ្លួនធ្វើជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំនេះ

ក្នុងនាមជាប្រធានប្តូរវេនកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះ ម៉ាឡេស៊ីបានត្រៀមរៀបចំកិច្ចប្រជុំរហូតដល់ទៅ៣០០ ក្នុងនោះកិច្ចប្រជុំ ដែលនឹងបើកសម្ភោធ…

ក្រុមហ៊ុន Vietjet បញ្ចប់ការពង្រីកកងនាវាអាកាសចរឆ្នាំ ២០២៤ ជាមួយនឹងយន្តហោះថ្មីចំនួន ១០ គ្រឿង ដើម្បីត្រៀមដឹកអ្នកដំណើរដែលនឹងមានការកើនឡើងនៅឆ្នាំ ២០២៥

ក្រុមហ៊ុន Vietjet បានស្វាគមន៍យន្តហោះ A321neo ACF (Airbus Cabin Flex) ចំនួនពីរគ្រឿងបន្ថែមទៀតពីក្រុមហ៊ុន Airbus មុនបិទបញ្ចប់ឆ្នាំ ២០២៤…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ