
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យ ពងក្រពើនៅសេតវិមាន កាលពីថ្ងៃអង្គារ សប្តាហ៍នេះថា លោកគ្មានចេតនាបណ្តេញលោក ជើរ៉ូម ផៅវែល ចេញពីតំណែងនោះទេ ប៉ុន្តែលោក ត្រាំ ចង់ឃើញលោក ផៅវែល ធ្វើសកម្មភាពថែមទៀតតាមគំនិតរបស់ខ្លួនក្នុងការបញ្ចុះអត្រាការប្រាក់។
ក្រោយការប្រកាសបែបនេះរបស់លោក ត្រាំ បានធ្វើឱ្យសន្ទស្សន៍ភាគហ៊ុននាពេលអនាគតនៅសង្កាត់ហិរញ្ញវត្ថុ Wall Street របស់អាម៉េរិកកើនឡើងជិត២% នៅក្នុងការជួញដូរកាលពីល្ងាចថ្ងៃអង្គារ។ ចំណែកតម្លៃប្រាក់ដុល្លារបានកើនឡើងយ៉ាងខ្លាំងនៅទូទាំងការជួញដូរទាំងអស់។
ជាមួយគ្នានេះ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ជប៉ុន បានកើនឡើង១,៧% ខណៈដែលសន្ទស្សន៍ផ្សារហ៊ុនរបស់កូរ៉េខាងត្បូង KS11 បានកើនឡើង១,៤% នៅពេលក្រុមវិនិយោគិនបាននាំគ្នាសម្រុកទិញយកភាគហ៊ុនដែលធ្លាក់ចុះត្រឡប់មកវិញ។
សួមបញ្ជាក់ថា ការជួញដូរមូលបត្របំណុល និងប្រាក់ដុល្លារអាម៉េរិក បានធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃចន្ទ បន្ទាប់ពីលោក ត្រាំ បានវាយប្រហារជារឿយៗទៅលើលោក ផៅវែល ចំពោះការមិនព្រមកាត់បន្ថយអត្រាការប្រាក់បន្ថែមតាមការចង់បានរបស់ខ្លួន៕
ដោយ៖ សុខ មង្គល