ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានសម្រេចលើកលែងទោសដល់ស្ថាបនិកក្រុមហ៊ុនគ្រីបតូ Binance លោក ចាវប៉េង ចាវ ដែលជាអ្នកបង្កើតការផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតរបស់ពិភពលោក និងបានជាប់ពន្ធនាគារចំពោះការខកខានក្នុងការបញ្ឈប់ឧក្រិដ្ឋជនពីការប្រើប្រាស់ច្រកនេះ ដើម្បីទូទាត់ និងបង្ហូរ ក៏ដូចជាលាងលុយកខ្វក់ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្ម រំលោភបំពានផ្លូវភេទលើកុមារ ការជួញដូរគ្រឿងញៀន និងអំពើភេរវកម្មផ្សេងៗ។
មុនទទួលបានការលើកលែងលោក ចាវ ត្រូវបានគេដឹងថា បានជាប់ពន្ធនាគារអស់រយៈពេល៤ខែរួចមកហើយ បន្ទាប់ពីឈានដល់កិច្ចព្រមព្រៀងជាមួយក្រសួងយុត្តិធម៌ ដើម្បីសារភាពកំហុសចំពោះការចោទប្រកាន់ពីបទបើកដំណើរការលាងលុយនៅក្រុមហ៊ុន Binance។
ពាក់ព័ន្ធនឹងការលើកលែងទោសនេះលោក ត្រាំ បាននិយាយថា មនុស្សជាច្រើននិយាយថា លោក ចាវ មិនមានកំហុសអ្វីទេ ហើយម្យ៉ាងទៀតលោក ក៏បានជាប់ពន្ធនាគារចំនួន៤ខែមកហើយដែរ ជាពិសេសតាមការពិនិត្យជាក់ស្តែង លោកក៏មិនមានទោសអ្វីដែរ។ លោក ត្រាំ បានអះអាងថា លោក ចាវ ត្រូវបានធ្វើទុក្ខបុកម្នេញដោយរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន។
លោកស្រី ខារ៉ូលីន លីវីត (Karoline Leavitt) មន្រ្តីទទួលបន្ទុកព័ត៌មាននៅសេតវិមានបានអះអាងថា ការលើកលែងទោសលោក ចាវ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការពិនិត្យឡើងវិញយ៉ាងហ្មត់ចត់ ហើយលោកបានរងគ្រោះដោយសាររដ្ឋបាលលោក ចូ បៃដិន ដែលមានអរិភាពចំពោះប្រតិបត្តិការ និងការជួញដូរគ្រីបតូ៕
ដោយៈ សរ សុជាតិ