ក្រុមហ៊ុនយក្ស Didi

អាជ្ញាធរចិនពិន័យក្រុមហ៊ុនយក្ស Didi ក្នុងតម្លៃទឹកប្រាក់ជាង ១ពាន់លានដុល្លារ


រដ្ឋអំណាចទីក្រុងប៉េកាំងកំពុងរៀបចំផាកពិន័យក្រុមហ៊ុន កក់សេវាធ្វើដំណើរ ដ៏ធំមួយរបស់ចិន Didi Global ក្នុងទំហំទឹកប្រាក់ជាង ១ ពាន់លានដុល្លារ បន្ទាប់ពីអាជ្ញាធរបានបញ្ចប់ការស៊ើបអង្កេតលើការអនុវត្តផ្នែកសុវត្ថិភាពអ៊ីនធឺណិតរបស់ក្រុមហ៊ុននេះ។ ការផាកពិន័យនេះ គឺជាការផាកពិន័យដ៏ច្រើនបំផុតមួយ ដែលអាជ្ញាធរចិនបានកំណត់ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់ខ្លួន រាប់តាំងពីការផាកពិន័យលើក្រុមហ៊ុនយក្សអាលីបាបា ក្នុងតម្លៃជិត៣ពាន់លានដុល្លារ កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយសារព័ត៌មានReuters។
អាជ្ញាធរចិនពិន័យក្រុមហ៊ុនយក្ស Didi ក្នុងតម្លៃទឹកប្រាក់ជាង ១ពាន់លានដុល្លារ

ក្រុមហ៊ុន Didi អាចនឹងត្រូវផាកពិន័យជាង ១ ពាន់លានដុល្លារ ដែលស្មើនឹងទំហំ ៤,៧% នៃប្រាក់ចំណូលសរុបរបស់ខ្លួន ដែលទទួលបានជាង ២៧ ពាន់លានដុល្លារកាលពីឆ្នាំមុន។ កាសែត Wall Street Journal បានរាយការណ៍ជាលើកដំបូងអំពីទំហំទឹកប្រាក់ដ៏ច្រើនលើសលុបនៃការផាកពិន័យពីសំណាក់​ទីក្រុងប៉េកាំង​លើក្រុមហ៊ុន កាលពីថ្ងៃអង្គារ ទី ១៩ ខែកក្កដា។

ការផាកពិន័យរបស់ក្រុមហ៊ុន Didi នឹងក្លាយជាការផាកពិន័យដ៏ធំបំផុតមួយ ដែលត្រូវបានដាក់លើក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់ចិនមួយនេះ ខណៈកន្លងមកនិយ័តករចិន ធ្លាប់បានផាកពិន័យ ក្រុមហ៊ុន Alibaba Group ចំនួនជិត ៣ ពាន់លានដុល្លារ និង ក្រុមហ៊ុនដឹកជញ្ជូនខ្នាតយក្ស Meituan ចំនួន ៥២៧ លានដុល្លា កាលពីឆ្នាំមុន។

ក្នុងនោះ ការផាកពិន័យរបស់ក្រុមហ៊ុន Alibaba ស្មើនឹងប្រហែល ៤% នៃការលក់ក្នុងស្រុករបស់ក្រុមហ៊ុននេះក្នុងឆ្នាំ ២០១៩ ខណៈដែលការផាកពិន័យ​លើ​ក្រុមហ៊ុន Meituanវិញ គឺស្មើនឹង ៣% នៃការលក់ក្នុងស្រុកឆ្នាំ ២០២០ របស់ខ្លួន។

ក្រុមហ៊ុន Didi គឺជាក្រុមហ៊ុន កក់សេវាធ្វើដំណើរ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ដោយលោក Will Wei Cheng អតីតបុគ្គលិកក្រុមហ៊ុន Alibaba ហើយក្រុមហ៊ុន Didi នេះ ត្រូវបានគាំទ្រការវិនិយោគដ៏សម្បើម​ដោយក្រុមហ៊ុនយក្ស SoftBank Group និងក្រុមហ៊ុន Uber Technologies។

ក្រុមហ៊ុន Didi ធ្លាប់មាន​ផែនការ​បោះផ្សាយលក់មូលបត្រ​នៅក្នុងទីក្រុងញ៉ូវយក សហរដ្ឋអាមេរិក​កាលពីឆ្នាំ២០២១ ក្នុងតម្លៃដល់ទៅជាង​៤ពាន់៤រយលានដុល្លារ ប៉ុន្ដែ ក៏ត្រូវបាន​បង្ក្រាបដោយនិយ័តករចិន ធ្វើឲ្យ​ការបោះផ្សាយលក់មូលបត្រនេះ មិនអាចធ្វើទៅដោយជោគជ័យនោះឡើយ ហើយតាំងពីពេលនោះមក ក្រុមហ៊ុននេះ បានជួបបញ្ហាជាច្រើន​នៅក្នុង​ដំណើរការអាជីវកម្មរបស់ខ្លួន។

គេនៅចាំបានថា នៅប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមហ៊ុន Didi បានប្រកាសអំពីផែនការបោះផ្សាយលក់ភាគហ៊ុននោះ ក្រុមអ្នកឃ្លាំមើលសន្តិសុខអ៊ីនធឺណិតរបស់ប្រទេសចិន​ដ៏មានឥទ្ធិពល បានចាប់ផ្តើមការស៊ើបអង្កេតសុវត្ថិភាព​តាមអ៊ីនធឺណិត ចំពោះការអនុវត្ត​របស់​ក្រុមហ៊ុននេះ។ ក្រោយមក និយ័តករចិន ក៏​បានបញ្ជា​ឱ្យក្រុមហ៊ុន App Store ដកចោលកម្មវិធីចំនួន ២៥ ដែលដំណើរការដោយក្រុមហ៊ុន Didi ផងដែរ៕




អត្ថបទបន្ទាប់


ចិនព្រមាន «ចាត់វិធានការទាំងបង្ខំចិត្ត» លើអាមេរិក ប្រសិនបើប្រធានសភាអាមេរិកិធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់

ព័ត៌មាន
រដ្ឋាភិបាលទីក្រុងប៉េកាំងបានព្រមាន នៅថ្ងៃទី ១៩ ខែកក្កដាថា ខ្លួននឹងចាត់វិធានការទាំងបង្ខំចិត្តដើម្បីឆ្លើយតប ប្រសិនបើប្រធានសភាសហរដ្ឋអាមេរិក ល…

ក្រុមហ៊ុននាំចូលអាមេរិកបានបង់ពន្ធគយ ៣២ពាន់លានដុល្លារ ដើម្បីនាំចូលផលិតផលបច្ចេកវិទ្យាពីប្រទេសចិន

ព័ត៌មាន
របាយការណ៍ក្រុមហ៊ុនពាណិជ្ជកម្មថ្មីមួយបានបង្ហាញថា អ្នកនាំចូលផលិតផលបច្ចេកវិទ្យាពីប្រទេសចិនបានបង់ប្រាក់ពន្ធជាង ៣២ពាន់លានដុល្លារ ដោយសារតែការដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ