នៅពេលអ្នកសារព័ត៌មានសួរថា តើរដ្ឋអារ៉ាប់គួរតែចូលរួមរ៉ាប់រងការចំណាយសម្រាប់សង្គ្រាមនាពេលនេះ ដូចកាលសង្គ្រាមឈូងសមុទ្រពែក្សឆ្នាំ១៩៩០ ដែលសម្ព័ន្ធមិត្តធ្លាប់បានផ្តល់មូលនិធិគាំទ្រកិច្ចអន្តរាគមន៍របស់ក្រុងវ៉ាស៊ីនតោនដែរឬទេ? អ្នកនាំពាក្យសេតវិមានលោកស្រី ការ៉ូលីន លីវីត (Karoline Leavitt) បានឆ្លើយតបថា លោកប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ មានចេតនាចង់ស្នើឱ្យពួកគេធ្វើបែបនោះ។ លោកស្រីបានសង្កត់ធ្ងន់ថា លោក ត្រាំ កំពុងពិចារណាលើបញ្ហានេះ ហើយព័ត៌មានលម្អិតពាក់ព័ន្ធនឹងបញ្ហានេះអាចនឹងដឹងក្នុងពេលឆាប់ៗខាងមុខនេះ។
គួររំលឹកថា កាលពីទសវត្សរ៍ឆ្នាំ១៩៩០ សហរដ្ឋអាម៉េរិកបានដឹកនាំសម្ព័ន្ធមិត្តរាប់សិបប្រទេសចូលរួមក្នុងសង្គ្រាមឈូងសមុទ្រពែក្ស ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់អ៊ីរ៉ាក់លើប្រទេសគុយវ៉ែត តាមការស្នើសុំរបស់ប្រទេសគុយវ៉ែត និងប្រទេសជិតខាងក្នុងតំបន់អារ៉ាប់។ ជាថ្នូរមកវិញ រដ្ឋនានាក្នុងតំបន់ និងសមាជិកសម្ព័ន្ធមិត្តរួមទាំងអាល្លឺម៉ង់ និងជប៉ុនបានរៃអង្គាសប្រាក់បានចំនួន៥៤ពាន់លានដុល្លារនៅពេលនោះ ឬស្មើនឹងតម្លៃបច្ចុប្បន្នប្រមាណ១៣៤ពាន់លានដុល្លារ ដើម្បីជួយរ៉ាប់រងថ្លៃចំណាយយោធារបស់សហរដ្ឋអាម៉េរិក។
ទោះជាយ៉ាងណាក៏ដោយ ក្នុងជម្លោះលើកនេះសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បានបើកការប្រយុទ្ធជាមួយអ៊ីរ៉ង់ជាលក្ខណៈឯកតោភាគី ដោយមិនមានការទាញបញ្ចូលសម្ព័ន្ធមិត្ត ឬប្រទេសក្នុងតំបន់ឱ្យមកពាក់ព័ន្ធដោយផ្ទាល់ឡើយ។
ប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកបានរាយការណ៍កាលពីដើមខែមីនា ថា មន្ត្រីរដ្ឋាភិបាលបានជម្រាបជូនសមាជិកសភាថា នៅក្នុងរយៈពេល៦ថ្ងៃដំបូងនៃសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់អាម៉េរិកចំណាយថវិកាអស់ជាង១១ពាន់លានដុល្លារ។ ជាមួយគ្នានេះ មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិបានប៉ាន់ប្រមាណថា នៅក្នុងរយៈពេល១២នៃសង្គ្រាមអាម៉េរិកបានចំណាយថវិការហូតដល់ជាង១៦ពាន់លានដុល្លារ។
តែយ៉ាងណាបើតាមការព្យាកររបស់ស្ថាប័ន និងអ្នកជំនាញ នៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់នេះ អាម៉េរិកអាចចំណាយរហូតដល់ទៅ១ពាន់លានដុល្លារក្នុងមួយថ្ងៃឯណោះ ដើម្បីទ្រទ្រង់ប្រតិបត្តិការយោធារបស់ខ្លួន ខណៈបច្ចុប្បន្នសង្គ្រាមនេះបានឈានចូលដល់សប្តាហ៍ទី៥ហើយ។ បច្ចុប្បន្នសេតវិមានកំពុងស្នើសុំកញ្ចប់ថវិកាយោធាបន្ថែមពីសភាយ៉ាងហោចណាស់២០០ពាន់លានដុល្លារ ដើម្បីគាំទ្រប្រតិបត្តិការយោធានៅអ៊ីរ៉ង់ និងបំពេញបន្ថែមឃ្លាំងគ្រាប់រំសេវរបស់មន្ទីរបញ្ចកោណឡើងវិញ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស