
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានស្នើឱ្យកាត់បន្ថយការចំណាយរបស់សហព័ន្ធរហូតដល់១៦៣ពាន់លានដុល្លារ នៅឆ្នាំ២០២៦ ហើយចំនួនថវិកានេះនឹងយកទៅចំណាយលើវិស័យសន្តិសុខជាតិ ដែលនឹងកើនឡើងជិត៦៥% បើធៀបនឹងការចំណាយ ដែលបានអនុម័តនៅឆ្នាំ២០២៥ ខណៈលោក ត្រាំ កំពុងបង្ក្រាបលើជនអន្តោប្រវេសន៍ខុសច្បាប់។
ការិយាល័យគ្រប់គ្រង និងថវិការបស់សេតវិមានបាននិយាយថា សំណើនេះនឹងកាត់បន្ថយការចំណាយជាង២ពាន់លានដុល្លារពីសេវាប្រមូលចំណូលពន្ធផ្ទៃក្នុង (IRS) ហើយនឹងកាត់បន្ថយថវិការបស់វិទ្យាស្ថានសុខភាពជាតិ និងមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺច្រើនជាង៤០%។
នេះជាលើកដំបូងហើយដែលលោក ត្រាំ បានស្នើឱ្យកាត់បន្ថយថវិកាចំណាយរបស់សហព័ន្ធចាប់តាំងពីលោកបានឡើងកាន់តំណែងកាលពីខែមករា ហើយការស្នើរបស់លោក ត្រាំ នេះគឺមានគោលបំណងធ្វើតាមការសន្យារបស់លោកក្នុងការបង្កើនការចំណាយទៅលើសន្តិសុខព្រំដែន ខណៈកំពុងកាត់បន្ថយការិយាធិបតេយ្យរបស់សហព័ន្ធ។
សមាជិកសភានៃគណបក្សប្រជាធិបតេយ្យ បានរិះគន់ចំពោះការកាត់បន្ថយការចំណាយនេះថា មានស្ថានភាពធ្ងន់ធ្ងរពេកហើយ ចំណែកសមាជិកគណបក្សសាធារណរដ្ឋមួយចំនួនបានអំពាវនាវឱ្យបង្កើនការចំណាយលើវិស័យការពារជាតិ និងផ្នែកផ្សេងទៀត៕
ដោយ៖ សុខ មង្គល