ទីផ្សារមូលបត្រកម្ពុជា

អ្នកជំនាញ៖ ការបោះផ្សាយលក់មូលបត្រពីធនាគារធំៗ ធ្វើឲ្យទីផ្សារមូលបត្រកម្ពុជាកាន់តែលេចធ្លោរ


ក្រុមអ្នកជំនាញ បានអះអាងថា ភាពរីកចម្រើននៃវិស័យមូលបត្រកម្ពុជា នាពេលបច្ចុប្បន្ន ដោយសារតែមានការចូលរួមបោះផ្សាយលក់មូលបត្រពីសំណាក់ក្រុមហ៊ុនជាច្រើន ពិសេសធនាគារធំៗនៅកម្ពុជា តួយ៉ាងធនាគារ អេស៊ីលីដា ជាដើម ខណៈដែលធនាគារពាណិជ្ជខ្មែរដ៏ធំជាងគេមួយនេះ ក៏បានទទួលស្គាល់ថា ជាភ្នាក់ងាររក្សាសុវត្ថិភាពដំបូងគេក្នុងវិស័យមូលបត្រ ពីសំណាក់និយ័តករមូលបត្រកម្ពុជាផងដែរ។
ផ្សារមូលបត្រកម្ពុជា

ថ្លែងនាឱកាសប្រគល់-ទទួលវិញ្ញាបនបត្រទទួលស្គាល់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានកត់សម្គាល់ឃើញថា ទីផ្សារមូលបត្រកម្ពុជា នារយៈពេលចុងក្រោយនេះ កាន់តែមានសកម្មភាពមមាញឹកគួរឲ្យកត់សម្គាល់ ពិសេសក្រោយមាន​វត្តមានរបស់ធនាគារ អេស៊ីលីដា ចុះបញ្ជីបោះផ្សាយលក់​ភាគហ៊ុន​នៅផ្សារមូលបត្រ​កម្ពុជា​។

បើតាមឯកឧត្តម ស៊ូ សុជាតិ កំណើននៃទំហំជួញដូរប្រចាំថ្ងៃជាមធ្យម ក្នុងទីផ្សារមូលបត្រ បច្ចុប្បន្ន បានឈានដល់១លានដុល្លារក្នុងមួយថ្ងៃ ខណៈស្ទើរតែ៩០ភាគរយ គឺជាការជួញដូរភាគហ៊ុន របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។ លើសពីនេះឯកឧត្តមក៏គូសបញ្ជាក់ដែរថា មូលហេតុដែលទីផ្សារមូលបត្រកម្ពុជា ចាត់ទុកធនាគារ អេស៊ីលីដា ជាភ្នាក់ងាររក្សាសុវត្ថិភាព​ក្នុងវិស័យមូលបត្រ ក៏ព្រោះតែធនាគារដ៏ធំមួយនេះ ជានិច្ចកាលបានចូលរួមយ៉ាងសកម្ម ជាមួយទីផ្សារមូលបត្រកម្ពុជាក្នុងការ​ធ្វើឲ្យមានភាពរីកចម្រើននៅក្នុងវិស័យនេះ។

ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានកត់សម្គាល់ឃើញថា វិស័យផ្សារមូលបត្រកម្ពុជា នាពេលបច្ចុប្បន្ន កាន់តែមានភាពទូលំទូលាយ ពិសេសការកើនឡើងនូវវិនិយោគិន និងទំហំនៃការជួញដូរជាមធ្យមប្រចាំថ្ងៃ តែម្ដង។

ឯកឧត្តម ហុង សុហួរ បានកត់សម្គាល់ឃើញថា ចាប់ពីឆ្នាំ២០១៨ មកវិស័យផ្សារមូលបត្រកម្ពុជា កាន់តែមានសកម្មភាពជាបន្តបន្ទាប់ ពិសេសទំហំនៃការជួញដូរជាមធ្យមប្រចាំថ្ងៃ ក៏កាន់តែមានការកើនឡើងជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។ ទោះយ៉ាងណា វិស័យនេះ ហាក់ស្ងប់ស្ងាត់ទៅវិញបន្តិច នៅឆ្នាំ២០២០ ដោយសារតែមាន​ការរាតត្បាតនូវជំងឺកូវីដ១៩។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី ឯកឧត្តម ហុង សុហួរ នៅតែមានបង្ហាញនូវគំនិតសុទិដ្ឋិនិយមខ្ពស់ចំពោះវិស័យផ្សារមូលបត្រកម្ពុជានៅឆ្នាំ២០២២។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានគូសបញ្ជាក់ថា ធនាគារ អេស៊ីលីដា គឺជាធនាគារពាណិជ្ជទីមួយនៅកម្ពុជា ដែលបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ នៅផ្សារមូលបត្រកម្ពុជា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ។ នៅក្នុងឆ្នាំ២០២២នេះ ធនាគារ សម្រេចបាននូវសមិទ្ធផលថ្មីបន្ថែមទៀត ដោយទទួលបាន “វិញ្ញាបនបត្រទទួលស្គាល់ ធនាគារ អេស៊ីលីដា ជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ” ពីនិយ័តករមូលបត្រកម្ពុជា ដែលធ្វើឱ្យធនាគារ អេស៊ីលីដា ក្លាយជាធនាគារពាណិជ្ជទីមួយ នៅកម្ពុជា ដែលផ្តល់សេវារក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ។

លោកបណ្ឌិត មានជំនឿយ៉ាងមុតមាំថា ភ្នាក់ងាររក្សាសុវត្ថិភាពមូលបត្ររបស់ធនាគារ អេស៊ីលីដា នេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញវិនិយោគិន ជាពិសេស វិនិយោគិនបរទេស ឱ្យមកវិនិយោគក្នុងវិស័យមូលបត្រនៅកម្ពុជា ពីព្រោះការវិនិយោគមូលបត្រនៅបរទេសរបស់ក្រុមហ៊ុនបរទេសមួយចំនួន ចាំបាច់ត្រូវធ្វើឡើង តាមរយៈភ្នាក់ងាររក្សាសុវត្ថិភាពមូលបត្រ។ បន្ថែមលើនេះទៀត ភ្នាក់ងារនេះនឹងចូលរួមជំរុញធ្វើឱ្យផ្សារមូលបត្រនៅកម្ពុជាកាន់តែសកម្ម ផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្ន មានក្រុមហ៊ុនចំនួន១៥ ដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុន ដែលក្នុងនោះមាន ៩ក្រុមហ៊ុនបានចុះបញ្ជីជាភាគហ៊ុន និង៦ក្រុមហ៊ុន​បានចុះបញ្ជី​ជាសញ្ញាបណ្ណ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងការងារ៖ កម្ពុជាមិនទាន់មានការបញ្ជូនពលករតាមរដូវកាលទៅធ្វើការនៅក្រៅប្រទេសនោះទេ

ព័ត៌មាន
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​បញ្ជាក់​នៅថ្ងៃទី ១២ ខែឧសភាថា កម្ពុជាមិនទាន់មានការបញ្ជូនពលករតាមរដូវកាល​ទៅធ្វើការនៅក្រៅប្រទេសន…

តើជំនួយអាមេរិក១៥០លានដុល្លារ ផ្ដល់ទៅឲ្យអាស៊ាន នឹងផ្ដោតលើវិស័យអ្វីខ្លះ?

ព័ត៌មាន
ក្នុងថ្ងៃដំបូងនៃជំនួបកំពូលពិសេសអាស៊ាន-អាមេរិក រដ្ឋបាលលោក ចូ បៃឌិន បានប្តេជ្ញាចិត្តផ្តល់ជំនួយជាថវិកាសរុប១៥០លានដុល្លារ ដល់ប្រទេសក្នុងតំប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ