ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅការិយាល័យធ្វើការរបស់ប្រធានាធិបតី (Oval Office) លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា វិធានការដំឡើងពន្ធគយ២៥%នេះធ្វើឡើងក្នុងគោលបំណងដោះស្រាយបញ្ហាសំខាន់ៗមួយចំនួនរួមមានដូចជា បញ្ហាហូរចូលនូវថ្នាំអាភៀនសំយោគហ្វេនតានីល (Fentanyl) ដ៏គ្រោះថ្នាក់ បញ្ហាហូរចូលនូវជនអន្តោប្រវេសន៍ខុសច្បាប់យ៉ាងច្រើនដែលលួចឆ្លងដែនចូលមកកាន់ទឹកដីសហរដ្ឋអាម៉េរិក ព្រមទាំងបញ្ហាឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក ជាមួយប្រទេសជិតខាងខ្លួនទាំងពីរនេះផងដែរ។
ទន្ទឹមនេះ ប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានគូសបញ្ជាក់ជាថ្មីដែរថា លោកនៅតែមានគម្រោងដំឡើងពន្ធគយលើទំនិញនាំចូលពីប្រទេសចិន ដែលលោកធ្លាប់បាននិយាយកាលពីដើមខែមករា ថា នឹងដំឡើង១០%សម្រាប់ដំណាក់កាលដំបូង ប៉ុន្តែមិនបានបញ្ជាក់លម្អិតនោះឡើយ។
ទាក់ទិននឹងប្រទេសចិន លោក ដូណាល់ ត្រាំ បាននិយាយថា លោកកំពុងពិចារណាដំឡើងពន្ធគយលើទំនិញនាំចូលពីប្រទេសចិន ដោយលោកសង្កត់ធ្ងន់ថា ប្រទេសចិន បានបញ្ជូនថ្នាំអាភៀនសំយោគហ្វេនតានីល (Fentanyl) ដ៏គ្រោះថ្នាក់ឆ្លងកាត់ប្រទេសម៉ិកស៊ិក និងប្រទេសកាណាដា ចូលទៅកាន់សហរដ្ឋអាម៉េរិក ដែលបានបង្កឱ្យមនុស្សរាប់សែននាក់បាត់បង់ជីវិត ហើយប្រទេសចិន ត្រូវតែទទួលខុសត្រូវចំពោះរឿងនេះ។
គួររំឭកថា កាលពីអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតី លោក ដូណាល់ ត្រាំ បានគំរាមដំឡើងពន្ធរហូតដល់ទៅ៦០%លើទំនិញនាំចូលពីប្រទេសចិន ប៉ុន្តែមិនបានចាត់វិធានការដំឡើងពន្ធជាក់ស្ដែងភ្លាមៗទេនៅថ្ងៃដំបូងនៃការឡើងកាន់អំណាចរបស់លោក ប៉ុន្តែលោកបានបញ្ជាឱ្យរដ្ឋបាលរបស់លោកពិនិត្យមើលលទ្ធភាពដំឡើងពន្ធលើទំនិញនាំចូលពីប្រទេសចិនហើយ៕
ដោយ: តែម សុខុម