ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលលី្បខាងបញ្ចេញបញ្ចូលបញ្ហាសង្គ្រាមនៅអ៊ុយក្រែននោះបាននិយាយនៅលើវេទិកាសង្គម Truth Social របស់លោកកាលពីថ្ងៃអាទិត្យថា ថ្នាក់ដឹកនាំអ៊ុយក្រែន ហាក់មិនដឹងគុណទាល់តែសោះចំពោះកិច្ចប្រឹងប្រែងរបស់លោក ដែលបានខំប្រឹងរៀបចំផែនការ ដើម្បីបញ្ចប់ជម្លោះជិតបួនឆ្នាំ ដែលបានប្រកាន់ខ្ជាប់តាមការទាមទារមួយចំនួនរបស់ទីក្រុងមូស្គូ។
ប៉ុន្តែនៅប៉ុន្មានម៉ោងក្រោយមកមេដឹកនាំអ៊ុយក្រែន លោក វ៉្លូឌីមៀ ហ្សឺណិនស្គី បានសរសេរនៅលើប្រព័ន្ធ X អរគុណសហរដ្ឋអាម៉េរិក ចំពោះការខិតខំជួយសង្គ្រោះជីវិតពលរដ្ឋ និងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ ការអរគុណនេះ បានធ្វើឡើងចំពេលមន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិក និងអ៊ុយក្រែន កំពុងរវល់ធ្វើការផ្លាស់ប្ដូរផែនការព្រាងចំនួន២៨ចំណុចនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយភាគីអ៊ុយក្រែន និយាយថា កំណែចុងក្រោយបំផុតបានរួមបញ្ចូលចំណុចពិភាក្សាមួយចំនួនរបស់ខ្លួន។
លោក រូស្ទេម អ៊ូមើរ៉ូវ (Rustem Umerov) លេខាធិការក្រុមប្រឹក្សាសន្តិសុខអ៊ុយក្រែន ដែលតំណាងឱ្យអ្នកចរចាអ៊ុយក្រែន បាននិយាយថា កំណែឯកសារបច្ចុប្បន្នដែលមិនទាន់អនុម័តជាចុងក្រោយនៅឡើយនោះ បានឆ្លុះបញ្ចាំងរួចហើយនូវអាទិភាពសំខាន់ភាគច្រើនរបស់ប្រទេសអ៊ុយក្រែន។
ផែនការដំបូងរបស់អាម៉េរិក បានយកចិត្តទុកដាក់ចំពោះការទាមទារដ៏តឹងរ៉ឹងមួយចំនួនរបស់ទីក្រុងមូស្គូ ដោយបានជំរុញឱ្យអ៊ុយក្រែន ប្រគល់ទឹកដី កាត់បន្ថយកងទ័ព និងសន្យាថា នឹងមិនចូលរួមជាមួយអង្គការណាតូឡើយ ប៉ុន្តែវាមិនបានផ្តល់ការធានាសន្តិសុខច្បាស់លាស់ និងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កក ដើម្បីកសាងអ៊ុយក្រែន ដែលបានហែកហួរដោយសង្គ្រាមឡើងវិញឡើយ។
លោក ត្រាំ បានទុកពេលឱ្យអ៊ុយក្រែន ដើម្បីអនុម័តផែនការនេះរហូតដល់ថ្ងៃទី២៧ ខែវិច្ឆិកា ជាពេលដែលសហរដ្ឋអាម៉េរិក ប្រារព្ធពិធីបុណ្យ Thanksgiving ប៉ុន្តែក៏បានផ្តល់សញ្ញាថា អាចមានភាពបត់បែនខ្លះនៅរង្វង់ថ្ងៃឱសានវាទនោះផងដែរ៕
ដោយ៖ សុខ មង្គល