នៅក្នុងអំឡុងពេលថ្លែងសុន្ទរកថា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានចាត់ទុកឆ្នាំដំបូងនៃអាណត្តិទី២របស់លោកជាជំហាននយោបាយដ៏ជោគជ័យមួយរបស់សហរដ្ឋអាម៉េរិក ទោះបីជាជនជាតិអាម៉េរិក មានការព្រួយបារម្ភអំពីសេដ្ឋកិច្ច ហើយគណបក្សសាធារណរដ្ឋត្រូវគេប៉ាន់ប្រមាណថា នឹងប្រឈមមុខនឹងការបោះឆ្នោតពាក់កណ្តាលអាណត្តិដ៏លំបាកនៅឆ្នាំ២០២៦ ក៏ដោយ។
ទន្ទឹមនឹងនេះ លោក ត្រាំ បានឆ្លៀតរិះគន់សំណល់បញ្ហា ដែលបន្សល់ទុកដោយរដ្ឋបាលលោក ចូ បៃដិន ដោយលោកបានចាត់ទុកជាមរតកដ៏រញ៉េរញ៉ៃមួយ ដែលលោកកំពុងជួសជុលវា។ បញ្ហាដែលលោក ត្រាំ បានលើកឡើងនេះ គឺពាក់ព័ន្ធសេដ្ឋកិច្ច ឧក្រិដ្ឋកម្ម ការលើកកម្ពស់ការថែទាំសុខភាព និងគោលនយោបាយអន្តោប្រវេសន៍។
លោក ត្រាំ បានអះអាងថា ចាប់ពីពេលនេះតទៅ សហរដ្ឋអាម៉េរិក បានត្រៀមខ្លួនរួចហើយក្នុងការទទួលភាពរីកចម្រើននៃសេដ្ឋកិច្ច ដែលពិភពលោកមិនធ្លាប់មាន។ ប៉ុន្តែលោកមិនបានថ្លែងពីទុក្ខលំបាក ដែលពលរដ្ឋអាម៉េរិក កំពុងតស៊ូជាមួយនឹងការកើនឡើងការចំណាយលើថ្លៃជីវភាពប្រចាំថ្ងៃនោះឡើយ។ ហើយលោក ក៏មិនបាននិយាយអំពីគោលនយោបាយថ្មីស៊ីជម្រៅដូចដែលគេបានគ្រោងទុកនោះទេ សូម្បីតែបញ្ហាពាក់ព័ន្ធនឹងកិច្ចការអន្តរជាតិ៕
ដោយៈ សរ សុជាតិ