សហភាពអឺរ៉ុប

សហភាពអឺរ៉ុបគួរតែរឹបអូសទុនបម្រុងរបស់រុស្ស៊ីយកទៅកសាងប្រទេសអ៊ុយក្រែនឡើងវិញ?


សហភាពអឺរ៉ុបគួរតែពិចារណាពីការរឹបអូសយកទុនបម្រុងអន្តរជាតិរបស់រុស្ស៊ីដែលគេបានបង្កកទុកប្រហែលជាង ៣០០ពាន់លានដុល្លារអាមេរិកនោះ ដើម្បីយកទៅទូទាត់ថ្លៃចំណាយលើការកសាងប្រទេសអ៊ុយក្រែនឡើងវិញ នៅក្រោយពេលសង្គ្រាមបានអ៊ុយក្រែនបិទបញ្ចប់ ប៉ុន្តែនៅពេលនេះសង្គ្រាមនៅតែបន្តឆេះក្តៅងំដដែល។ នេះបើយោងតាមប្រធានគោលនយោបាយការបរទេសអឺរ៉ុបលោក Josep Borrell បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times។
សហភាពអឺរ៉ុបគួរតែពិចារណាអំពីការរឹបអូសយកទុនបម្រុងអន្តរជាតិរបស់រុស្ស៊ីជាង ៣០០ពាន់លានដុល្លារអាមេរិក ដើម្បីយកទៅទូទាត់ថ្លៃចំណាយលើការកសាងប្រទេសអ៊ុយក្រែនឡើងវិញ ។

សហភាព​អឺរ៉ុប និង​សម្ព័ន្ធមិត្ត​លោក​ខាងលិច​របស់​ខ្លួន​បាន​ដាក់​វិធានការ​ទប់ស្កាត់​លើ​ទុនបម្រុង​អន្តរជាតិ​របស់​ធនាគារកណ្តាល​រុ​ស្ស៊ី​ចាប់តាំងពី​ប្រទេស​នេះ បាន​ចាប់ផ្តើម​លុកលុយ​ចូល​អ៊ុយ​ក្រែ​ន ជា​សកម្មភាព​មួយ​ដែល​ទីក្រុង​ម៉ូ​ស្គូ​ពិពណ៌នា​ថា​ជា "​ប្រតិបត្តិការ​យោធា​ពិសេស​"​។

លោក Borrell បាន​ប្រាប់​កាសែត Financial Times (FT) ថា វា​សម​ហេតុផល​សម្រាប់​សហភាព​អឺរ៉ុប​ក្នុង​ការ​ធ្វើ​អ្វីមួយ​ដូចដែល​សហរដ្ឋអាមេរិក​ធ្លាប់​បាន​ធ្វើ​ជាមួយ ទ្រព្យសម្បត្តិ​របស់​ធនាគារកណ្តាល​អា​ហ្វ​ហ្គា​នី​ស្ថាន​បន្ទាប់​ពី​ក្រុម​តា​លី​បង់​បាន​កាន់កាប់​អំណាច​។

សូម​រំលឹក​ថា ជា​បទ​ពិសោធន៍​ដែល​អា​មេ​រិ​ក​ធ្លាប់​បាន​ធ្វើ​ទៅ​លើ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន គឺថា​រដ្ឋបាល​ក្រុង​វ៉ា​ស៊ី​ន​តោន​បាន​បង្កក​មូលនិធិ​ធនាគារកណ្ដាល​អា​ហ្វ​ហ្គា​នី​ស្ថាន​បន្ទាប់​ពី​ក្រុម​តា​លី​បង់​បាន​ឡើង​កាន់កាប់​ប្រទេស​នេះ ហើយ​គ្រោង​នឹង​ប្រើប្រាស់​មូលនិធិ​មួយ​ចំនួន ដើម្បី​ជួយ​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន ខណៈ​ដែល​នៅ​សល់​ប៉ុន្មាន​ទៀត​អាច​យក​ទៅ​ប្រើប្រាស់​សម្រាប់​បណ្តឹង​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម​ប្រឆាំង​ក្រុម​សកម្មប្រយុទ្ធ​អ៊ី​ស្លា​ម​និយម​។

យ៉ាងណាមិញ ពាក់ព័ន្ធ​នឹង​ការ​បង្កក​ទុនបម្រុង​របស់​រុ​ស្ស៊ី​នេះ​ដែរ ធនាគារកណ្ដាល​រុ​ស្ស៊ី​និយាយ​ថា រុ​ស្ស៊ី​គ្រោង​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​តប​វិញ ដើម្បី​ទទួល​បាន​មក​វិញ​នូវ​ទុនបម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ចំនួន ៣០០ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ដែល​ក្រុម​រដ្ឋាភិបាល​បស្ចិម​លោក​បាន​បង្កក​ទុក ហើយ​ទីក្រុង​ម៉ូ​ស្គូ​ទាមទារ​ឱ្យ​លុប​ចោល​វិធានការ​ទណ្ឌកម្ម​ទាំងឡាយ​ផង​ដែរ​។

ផែនការ​ផ្លូវច្បាប់​ដើម្បី​ចាត់វិធានការ ប្រឆាំង​នឹង​រឿង​នេះ ត្រូវ​បាន​ប្រកាស​ដោយ​ប្រធាន​ធនាគារកណ្តាល​របស់​ប្រទេស​រុ​ស្ស៊ី​ដោយ​គ្មាន​បញ្ជាក់​លម្អិត​ពី​ដំណើរការ​និង​ពេលវេលា​ជាក់លាក់​ណាមួយ​ឡើយ​។

លោកស្រី Elvira Nabiullina ប្រធាន​ធនាគារកណ្ដាល​របស់​រុ​ស្ស៊ បាន​ប្រាប់​ទីភ្នាក់ងារ Interfax ថា ការ​បង្កក​ទុនបម្រុង​អន្តរជាតិ​របស់​រុ​ស្ស៊ី​ដោយ​ក្រុម​បស្ចិម​លោក គឺជា​ការ​បង្កក​មិន​ធ្លាប់​មាន​ពី​មុន​មក ដូច្នេះ​ហើយ​រុ​ស្ស៊ី​នឹង​រៀបចំ​ពាក្យបណ្តឹង ហើយ​ពិត​ណាស់​រុ​ស្ស៊ី​កំពុង​តែ​រៀបចំ​អនុវត្ត​លើ​រឿង​នេះ​។

សូម​រំឭក​ថា ពីរ​ថ្ងៃ​បន្ទាប់​នៅ​ពេល​ដែល​រុ​ស្ស៊ី​បាន​ចាប់ផ្តើម​លុកលុយ​លើ​អ៊ុយ​ក្រែ​ន​នៅ​ចុងខែ​កុម្ភៈ ក្រុម​ប្រទេស G7 និង​គណៈកម្មការ​អឺរ៉ុប​បាន​ប្រកាស​ថា ពួក​គេ​នឹង​ដាក់​ទណ្ឌកម្ម​លើ​ធនាគារកណ្តាល​រុ​ស្ស៊ី​ដើម្បី​រារាំង​ប្រទេស​នេះ មិន​ឱ្យ​ចូល​ទៅ​កាន់កាប់​រូបិយ​បណ្ណ​បរទេស​របស់​ខ្លួន​ដែល​មាននៅ​ធនាគារ​ប្រទេស​លោក​ខាងលិច​នោះ​ឡើយ​។

មក​ដល់​ពេល​នេះ​ធនាគារកណ្តាល​រុ​ស្ស៊ី មិន​អាច​ប្រើប្រាស់​ទុនបម្រុង​របស់​ខ្លួន​ជិត​ពាក់កណ្តាល​ក្នុង​ចំណោម​ទុនបម្រុង​អន្តរជាតិ​ជាង ៦០០ ពាន់​លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​ប្រាក់​រូ​ប្ល​របស់​រុ​ស្ស៊ី​ធ្វើ​ឱ្យ​តម្លៃ​រូបិយ​បណ្ណ​រុ​ស្ស៊ី បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ការ​លុកលុយ​នេះ ជា​ហេតុ​បង្ខំ​ឱ្យ​រុ​ស្ស៊ី​ដាក់​ការ​គ្រប់គ្រង​ដើមទុន និង​ណែនាំ​ក្រុម​អ្នក​នាំ​ចេញ​ឱ្យ​ប្ដូរ​រូបិយ​បណ្ណ​បរទេស​ទៅ​ជា​ប្រាក់​រូ​ប្ល តួយ៉ាង​ដូច​ជា​ការ​ទូទាត់​ថ្លៃ​ប្រេង និង​ឧស្ម័ន​ជាដើម​។ ប៉ុន្ដែ ប្រទេស​សហភាព​អឺរ៉ុប ជា​ច្រើន​មិន​ព្រម​ធ្វើ​តាម​ការ​ទាមទារ​របស់​រុ​ស្ស៊ី​នោះ​ឡើយ ខណៈ​មក​ទល់​ពេល​នេះ ពួក​គេ​កំពុង​តែ​បន្ដ​ពិភាក្សា​គ្នា​ដើម្បី​ឈាន​ទៅ​អនុម័ត​ទណ្ឌកម្ម​ថ្មី​លើ​រុ​ស្ស៊ី រួម​ទាំង​ការ​កាត់​ផ្ដាច់​ការ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី​ផង​ដែរ​៕

អត្ថបទ​៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្រីលង្កាកំពុងចរចាខ្ចីលុយ ១០០លានដុល្លារពីធនាគាររដ្ឋចិន AIIB ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច

ព័ត៌មាន
ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី AIIB ដែលជាធនាគាររដ្ឋចិន កំពុងពិចារណាផ្ដល់ប្រាក់កម្ចី១០០លានដុល្លារក្នុងក្របខណ្ឌបន្ទាន់ ដើម្បីគាំទ្រដល់…

តើកូរ៉េខាងត្បូង និងជប៉ុន អាចជួយឲ្យសហភាពអឺរ៉ុប លែងសូវពឹងផ្អែកលើចិនបានកម្រិតណា?

ព័ត៌មាន
សហភាពអ៊ឺរ៉ុបហាក់ដូចជាកំពុងបោះជំហានកាន់តែខ្លាំងទៅរកទំនាក់ទំនងជាមួយនឹងបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើននៅក្នុងទ្វីបអាស៊ី ខណៈដែលប្លុក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ