
នៅទីបំផុតប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាឱ្យដាក់បញ្ចូលរូបិយប័ណ្ណឌីជីថល Bitcoin ចូលទៅក្នុងទុនបម្រុងអន្តរជាតិ របស់សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី៦ ខែមីនា។ មហាសេដ្ឋី David Sacks ដែលជាមន្ត្រីសេតវិមានទទួលបន្ទុកគ្រប់គ្រងគោលនយោបាយ និងនិយ័តកម្មលើគ្រីបតូ បានគូសបញ្ជាក់តាមបណ្ដាញទំនាក់ទំនងសង្គម X ថា ទុនបម្រុងអន្តរជាតិ ជាយុទ្ធសាស្ត្រនេះនឹងត្រូវបង្កើតឡើងដោយការប្រមែប្រមូលគ្រីបតូ Bitcoin ដែលរដ្ឋាភិបាលសហព័ន្ធរបស់សហរដ្ឋអាម៉េរិក រឹបអូសបាន មិនថា ក្នុងរឿងក្ដីព្រហ្មទណ្ឌ ឬរឿងក្ដីរដ្ឋប្បវេណី។
បណ្ដាអ្នកចូលរួមក្នុងជំនួបកំពូលគ្រីបតូ នៅសេតវិមាននៅថ្ងៃសុក្រ ទី៧ ខែមីនា នេះរំពឹងថា លោក ដូណាល់ ត្រាំ នឹងប្រកាសជាផ្លូវការនូវផែនការរបស់លោក ដើម្បីបង្កើនទុនបម្រុងអន្តរជាតិ ជាយុទ្ធសាស្ត្រមួយ ដែលរួមបញ្ចូល Bitcoin និងគ្រីបតូចំនួន៤ផ្សេងទៀត ដូចជាគ្រីបតូ Ether គ្រីបតូ XRP គ្រីបតូ Solana និងគ្រីបតូ Cardano។
ទោះជាយ៉ាងណា គ្មានការបញ្ជាក់ច្បាស់ថា តើទុនបម្រុងគ្រីបតូនេះនឹងដើរតួនាទីបែបណា ឬផ្ដល់អត្ថប្រយោជន៍ដល់អ្នកបង់ពន្ធបែបណាឡើយ ដោយមហាសេដ្ឋី David Sacks ដែលជាមន្ត្រីសេតវិមាន ទទួលបន្ទុកគ្រប់គ្រោងគោលនយោបាយ និងនិយ័តកម្មលើគ្រីបតូគ្រាន់តែលើកឡើងថា រដ្ឋាភិបាលអាម៉េរិក មានផែនការធ្វើឱ្យវាឡើងថ្លៃខ្ពស់បំផុតតាមដែលអាចធ្វើទៅបាន។ មហាសេដ្ឋី David Sacks បានពន្យល់បន្ថែមទៀតថា សហរដ្ឋអាម៉េរិកនឹងមិនលក់គ្រីបតូ Bitcoin ដែលរក្សាទុកក្នុងទុនបម្រុងអន្តរជាតិឡើយ ពោលគឺវានឹងត្រូវរក្សាទុកជាទ្រព្យសកម្មដ៏មានតម្លៃ។
គួររំឭកថា ទីផ្សារគ្រីបតូទាំងមូលទូទាំងពិភពលោកបានកើនឡើងរហូតដល់ទៅប្រមាណ១០% ដែលស្មើនឹងជាង៣០០ពាន់លានដុល្លារអាម៉េរិក ត្រឹមតែប៉ុន្មានម៉ោងក្រោយពីលោក ដូណាល់ ត្រាំ កាលពីថ្ងៃ២ ខែមីនា បានប្រកាសឈ្មោះគ្រីបតូទាំង៥ខាងលើនេះ នឹងត្រូវបានដាក់បញ្ចូលទៅក្នុងទុនបម្រុងយុទ្ធសាស្រ្តថ្មីរបស់សហរដ្ឋអាម៉េរិក៕
ដោយ: តែម សុខុម