កូវីដ១៩នៅប្រទេសថៃ-វៀតណាម

ស្ថានភាពរីកដាលដាលកូវីដ-១៩នៅថៃ និងវៀតណាមនៅតែកើនខ្ពស់ និងគួរឲ្យព្រួយបារម្ភ


ប្រទេសក្បែរកម្ពុជាចំនួន២ គឺថៃ និងវៀតណាម កំពុងតែដើរអូសជើងខ្លាំងមែនទែនហើយ នៅក្នុងរលកព្យុះកូវីដ-១៩ដែលកំពុងបោកបក់កាន់តែខ្លាំងទៅៗ ខណៈតួលេខឆ្លងថ្មីប្រចាំថ្ងៃនៅក្នុងប្រទេសទាំងពីរនេះ បានហក់ឡើងខ្ពស់មិនធ្លាប់មានពីមុនមក និងមិនទាន់មើលឃើញពីសញ្ញាថមថយនៅឡើយ។
ពលរដ្ឋថៃអង្គុយរងចាំធ្វើតេស្តកូវីដ១៩នៅក្រុងបាងកក​
ដោយ

ក្នុង​នោះ​ប្រទេស​ថៃ​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ប្រទេស​វៀតណាម ដោយសារ​ការ​ឆ្លង​រាលដាល​នៅ​ថៃ​បាន​អូស​បន្លាយ​យូរ​ជាង​ប្រទេស​វៀតណាម ជាមួយនឹង​ចំនួន​អ្នក​ឆ្លង​ថ្មី​ៗ​ឡើង​ដល់​ទៅ​៥​ខ្ទង់ ពោល​គឺ​មាន​អ្នក​ឆ្លង​ដល់​ជាង​១​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ អស់​រយៈពេល​ជាង​១​ស​ប្ដា​ហ៍​មក​ហើយ ខណៈ​ដែល​វៀតណាម​វិញ មាន​អ្នក​ឆ្លង​រាប់​ពាន់​នាក់ ហើយ​តួលេខ​អាច​នឹង​កើនឡើង​គ្រប់ពេលវេលា​។

ប្រទេស​វៀតណាម​នៅ​ចុង​ស​ប្តា​ហ៍​មុន​នេះ បាន​កត់ត្រា​ពី​ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​១៩​ថ្មី ច្រើន​ជាង​ពេល​ណា​ៗ​ទាំងអស់ ពោល​គឺ​បាន​រក​ឃើញ​ចំនួន​ជាង ៩.២០០​ករណី ដែល​ភាគច្រើន​បាន​រក​ឃើញ​ក្នុង​ទីក្រុង​ធំ​ៗ​របស់​វៀតណាម​ទាំង​ពីរ​គឺ ក្រុង​ហូ​ជី​មិ​ញ និង ក្រុង​ហាណូយ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​ក្នុងស្រុក​វៀតណាម VN Express​។

ដោយឡែក សម្រាប់​ព្រឹក​ថ្ងៃអាទិត្យ​ទី ២៥​កក្កដា​ម្សិលមិញ វៀតណាម​បន្ត​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ប្រមាណ​ជិត ៤​ពាន់​ករណី​បន្ថែម​ទៀត​។ អ្វី​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​គឺ​នៅ​ត្រង់​ថា ក្នុង​ចំណោម​៤​ពាន់​ករណី ដែល​រក​ឃើញ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ មាន​៣​ពាន់​ករណី​រក​ឃើញ​ក្នុង​តំបន់​ក្រហម នៃ​ទីក្រុង​ហូ​ជី​មិ​ញ និង ខេត្ត​ជុំវិញ ខណៈ​ជិត​១​ពាន់​ករណី​ទៀត មិន​ទាន់​អាច​កំណត់​បាន​ពី​ប្រភព​នៃ​ការ​ឆ្លង​រាលដាល​បាន​នៅឡើយ​ទេ​។

នេះ​បាន​សេចក្តី​ថា កូ​វី​ដ​១៩ បាន​និង​កំពុង​ចរាចរ​យ៉ាង​សកម្ម​នៅ​ក្នុង​ប្រទេស​វៀតណាម​រួច​ស្រេច​ទៅ​ហើយ ដោយ​ករណី​ឆ្លង​ថ្មី​នឹង​បន្ត​កើន​ឡើងជា​បន្តបន្ទាប់​ទៀត​។ នេះ​បើ​តាម​ការ​សន្និដ្ឋាន​របស់​រដ្ឋាភិបាល​វៀតណាម​។

បច្ចុប្បន្ន​ខេត្ត​ក្រុង​ចំនួន​៦២ ក្នុង​ចំណោម​ខេត្ត​ទាំង ៦៣​របស់​វៀតណាម​សុទ្ធតែ​បាន​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​១៩ ដោយ​ក្នុង​នោះ ទីក្រុង​ហូ​ជី​មិ​ញ នៅ​បន្ត​មានឈ្មោះ​ជា​តំបន់​មានការ​ឆ្លង​រាលដាល​ខ្លាំង​ជាងគេ​ដដែល បើ​ធៀប​នឹង​ខេត្ត​ក្រុង​ផ្សេង​ៗ​ទៀត​របស់​វៀតណាម​។ 

សូម​បញ្ជាក់​ត្រង់នេះ​បន្តិច​ដែរ​ថា វៀតណាម​គិត​ត្រឹម​ព្រឹក​ថ្ងៃអាទិត្យ​ម្សិលមិញ មាន​ករណី​ឆ្លង​កូ​វី​ដ​១៩​សរុប​ដល់​ជាង​៩​ម៉ឺន​ករណី ស្លាប់​ជិត​៤​រយ​ករណី ក្នុង​នោះ ក្រុង​ហូ​ជី​មិ​ញ​តែឯង​ប៉ុណ្ណោះ មាន​ករណី​ឆ្លង​ជិត ៦​ម៉ឺន​ករណី នៃ​ករណី​ឆ្លង​សរុប​។

ដោយឡែក ចំពោះ​ប្រទេស​ថៃ​វិញ មិន​ទាន់​ស្គាល់​ពាក្យ​ថា​ថមថយ​នៅឡើយ​ទេ ក្រោយ​ព្យុះ​កូ​វី​ដ​១៩​បាន​វាយប្រហារ​អស់​ពេល​ជា​ច្រើន​ខែ​មកនេះ​។

នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ថៃ​កត់ត្រា​ពី​ចំនួន​អ្នក​ឆ្លង​ថ្មី​ដល់​ទៅ​ជាង ១​ម៉ឺន​៥​ពាន់​នាក់ និង​អ្នក​ស្លាប់មាន​ដល់​១២៩​នាក់​បន្ថែម​ទៀត​។ នេះ​បើ​តាម​តួលេខ​ពី​ក្រសួងសុខាភិបាល​ថៃ ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី ២៥​កក្កដា​។

អ្វី​ដែល​គួរ​កត់សម្គាល់​ពី​ករណី​ឆ្លង​ថ្មី​ទាំង​ជាង​១​ម៉ឺន​៥​ពាន់​នាក់​នេះ គឺ​មាន​ជាង ៦០០​ករណី​ត្រូវ​បាន​រក​ឃើញ​លើ​ជន​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​នៃ​ប្រទេស​ថៃ ដែល​ប្រការ​នេះ​បង្ហាញ​ថា កូ​វី​ដ​១៩​កំពុង​ចរាចរ​និង​រាតត្បាត​ស្ទើរ​គ្រប់​ទីកន្លែង​ទៅ​ហើយ​ក្នុង​ប្រទេស​ថៃ សូ​ម្បី​ក្នុង​ពន្ធនាគារ​ក៏​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​ដែរ​។

យ៉ាងណាមិញ ថៃ​មិន​ដូច​ជា​វៀតណាម​នោះ​ទេ ក្រុង​បាងកក​របស់​ថៃ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បាន​កត់សម្គាល់​ការ​ថយ​ចុះ​បន្តិច​នៃ​ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​១៩ ប៉ុន្តែ​តួលេខ​បាន​ហក់​ឡើង​នៅ​តាម​បណ្តា​ខេត្ត​ជំនួស​វិញ​។

សូម​ជម្រាប​ថា ប្រទេស​ថៃ​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​ដល់​តួលេខ​ជាង​១​ម៉ឺន​នាក់​អស់​រយៈពេល​ប្រហែល​១​ស​ប្ដា​ហ៍​មក​ហើយ ហើយ​ចំនួន​តួលេខ​នេះ នៅ​មិន​ទាន់​ឃើញ​ស្រុត​ចុះ​មក​វិញ​ទេ​។ គិត​មក​ត្រឹម​ថ្ងៃ​ទី ២៥ ខែកក្កដា ថៃ​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​សរុប​កើនឡើង​ដល់​ជិត ៥០​ម៉ឺន​នាក់​ហើយ ស្រប​ពេល​ដែល​ចំនួន​អ្នក​ស្លាប់​សរុប​ដោយសារ​កូ​វី​ដ​១៩​វិញ​មាន​ជាង ៤​ពាន់​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សត្វត្មាត​ត្នោត​និង​ត្មាតផេះបានវិលត្រឡប់​មក​កាន់ទ្រនំ​​នៅមណ្ឌលគិរី​​វិញ ក្រោយ​បាត់​ស្រមោល​ជាងប្រាំឆ្នាំ

ព័ត៌មាន
ជាដំណឹងដ៏គួរឲ្យរីករាយ ! សត្វ​ត្មាត​ត្នោត​និង​ត្មាត​ផេះ ដែលជាបក្សី​​ជិត​ផុត​ពូជ​ហើយនោះ បាន​វិលត្រឡប់​មក​កាន់​ទ្រនំ​របស់ពួកគេវិញ នៅ​ក្ន…

ចាក់វ៉ាក់សាំងរួចហើយនៅតែអាចឆ្លងកូវីដ-១៩ទៀត តើមកពីមូលហេតុអ្វី?

ព័ត៌មាន
បច្ចុប្បន្នមានមនុស្សរាប់រយលាននាក់នៅជុំវិញពិភពលោក ដែលទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប៉ុន្តែ ករណីឆ្លងថ្មីប្រចាំថ្ងៃនៅតាមបណ្ដាប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ