ក្រុមហ៊ុន​បច្ចេកវិទ្យា និង​ស្ថាប័ន​ព័ត៌មាន​នៅអូស្ត្រាលី

Facebook ច្រាន​ចោល​ការទាមទារ​ឲ្យ​ចែក​ចំណូល​ជាមួយ​ស្ថាប័ន​ព័ត៌មាន​នៅប្រទេស​អូស្ត្រាលី


ក្រុមហ៊ុន​ហ្វេសប៊ុក នៅថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ​២០២០នេះ បានច្រាន​ចោល​ការអំពាវនាវ​ពីរដ្ឋាភិបាល​អូស្ត្រាលី និង​ក្រុមហ៊ុន​សារព័ត៌មាន​អូស្ត្រាលី ដែល​ទាមទារ​ឲ្យ​ហ្វេសប៊ុក​ចែក​ប្រាក់ចំណូលពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​ជាមួយ​សារព័ត៌មាន ដោយ​ក្រុមហ៊ុន​ហ្វេសប៊ុក​​បាន​បន្លុយពាក្យថា ខ្លួនសុខចិត្ត​កាត់​មាតិកា​ព័ត៌មាន​ចេញ​ពី​កម្មវិធីរបស់​ខ្លួន។
Facebook ច្រាន​ចោល​ការទាមទារ​ឲ្យ​ចែក​ចំណូល​ជាមួយ​ស្ថាប័ន​ព័ត៌មាន​នៅអូស្ត្រាលី។
ដោយ

នៅក្នុង​ញត្តិឆ្លើយតប​ទៅ​កាន់​ក្រុម​ឃ្លាំមើល​ការប្រកួត​ប្រជែង​របស់​ប្រទេសអូស្ត្រាលី ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិកដ៏ធំ​មួយនេះ​ បាននិយាយថា ព័ត៌មាន​តំណាង​ឲ្យ​តែ​មួយផ្នែក​តូច​ប៉ុណ្ណោះនៃមាតិកា​នៅ​លើ​ news feed របស់​អ្នក​ប្រើប្រាស់​ទូទៅ។ នេះ​បើយោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង អាអេហ្វប៉េ។ 

ក្រុមហ៊ុន​ហ្វេសប៊ុក​និយាយ​យ៉ាងដូច្នេះ "ប្រសិន​បើ​គ្មាន​មាតិកា​ដំណឹង (ព័ត៌មាន)នៅ​លើ​ហ្វេសប៊ុក នៅក្នុង​ប្រទេស​អូស្ត្រាលីទេនោះ យើងជឿជាក់ថា ផល​ប៉ះពាល់​មកលើ​ចំណូល​របស់​ហ្វេសប៊ុក​នៅ​អូស្ត្រាលី នឹង​មិន​ជា​ដុំ​កំភួនអ្វីនោះទេ"។ "ប៉ុន្តែ ដោយគិត​ដល់​គុណតម្លៃ​សង្គម​និង​ផល​ប្រយោជន៍​ចំពោះ​ក្រុមហ៊ុន​សារព័ត៌មាន យើង​នឹងចង់​បន្ត​ផ្ដល់​លទ្ធភាព​ដល់​ការចែកចាយ​មាតិកា​ព័ត៌មាន​ពីក្រុមហ៊ុន​សារព័ត៌មាន នៅ​លើ​បណ្ដាញ​របស់​យើង ជាបន្តដដែល"។

អូស្ត្រាលី​គ្រោង​នឹង​បង្ហាញ​ពី​ផែនការ​ដើម្បី​បង្ខំ​ហ្វេសប៊ុក និង Google ឲ្យ​ចែករំលែក​ចំណូល​ពី​ការផ្សាយពាណិជ្ជកម្ម ដែល​ក្រុមហ៊ុនយក្ស​ទាំងពីរនេះ​រក​បាន​ពី​ព័ត៌មាន (មាតិកា​ដំណឹង) ដែល​ចែកចាយ​និងផ្សាយ​នៅ​លើ​សេវា​របស់​ពួកគេ។ 

គំនិតផ្ដួចផ្ដើមនេះ បានត្រូវក្រុមហ៊ុនសារព័ត៌មាន​ធំៗចំនួន ២ នៅអូស្ត្រាលី ជំរុញ​យ៉ាងខ្លាំងក្លា គឺក្រុមហ៊ុន News Corp និង Nine Entertainment។ 

ស្ថាប័នសារព័ត៌មានធំទាំងពីរនេះ បាន​លើកហេតុផលថា វិបត្តិដែល​កើតឡើង​ទៅលើ​វិស័យ​សារព័ត៌មាន​នៅជុំវិញពិភពលោក គឺ​បណ្ដាលមកពី​ Google, Facebook និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗដទៃទៀត ដណ្ដើមយក​មួយចំណែក​ធំ​នៃ​ចំណូល​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​នៅលើ​អនឡាញ ដោយ​មិន​មាន​សំណង​សមរម្យ​ដល់​ស្ថាប័ន​សារព័ត៌មានសម្រាប់​ការផ្សាយពាណិជ្ជកម្ម​ដែល​ដាក់​ផ្សាយ​នៅក្នុង​មាតិកា​ដំណឹង។ 

និយ័តករការ​ប្រកួត​ប្រជែង​របស់​ប្រទេស​អូស្ត្រាលី ហៅកាត់ថា ACCC បាន​ប៉ាន់ស្មានថា ក្នុងមួយឆ្នាំ Google និង Facebook បូករួមគ្នា រកចំណូលបាន​ប្រហែល ៤ពាន់លានដុល្លារអាមេរិក ពីការផ្សាយពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​អូស្ត្រាលី។

ស្ថាប័ន​ផ្សាយ​ព័ត៌មាន​ធំៗ​ បានទាមទារ​ឲ្យ​ក្រុមហ៊ុន​យក្ស​ទាំងពីរនេះ ​ចែក​ចំណូល​នេះ​យ៉ាងហោច ១០% ក្នុងមួយឆ្នាំៗ ឲ្យ​ទៅដល់​ស្ថាប័ន​សារព័ត៌មាន​ក្នុងស្រុកក្នុង​ប្រទេស​អូស្ត្រាលី។

ក្រុមហ៊ុន Google កាលពីខែមុន បាន​ច្រានចោល​ការទាមទារនេះ​រួចទៅហើយ ដោយ​និយាយថា ខ្លួនរកចំណូលបានមិនដល់​ ១០លានដុល្លារអូស្ត្រាលី ផងទេ ក្នុងមួយឆ្នាំ ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​ដែលមានជាប់ពាក់ព័ន្ធ​នឹង​មាតិកាដំណឹង/ព័ត៌មាន។

Google និង Facebook ទាំងពីរ ឆ្លើយតប​ថា ពួកគេ​បាន​ផ្ដល់​ជាគុណតម្លៃ​គិតជាទឹកប្រាក់រាប់រយ​លានដុល្លារ ទៅដល់​ក្រុមហ៊ុន​សារព័ត៌មាន​អូស្ត្រាលី តាមរយៈ​ការជួយ​ជំរុញ​កំណើន​អ្នកចូល​អាន​គេហ​ទំព័រ​របស់​ស្ថាប័ន​ព័ត៌មាន​ទាំងនោះ ហើយ​តាម​រយៈនេះ ស្ថាប័ន​ព័ត៌មាន​អាចរក​លុយ​បាន​ពី​ការផ្សាយ​ពាណិជ្ជកម្ម ឬ​ការជាវ​បង់ប្រាក់សមាជិក៕




អត្ថបទបន្ទាប់


អាជ្ញាធរខេត្តកំពត ព្រមានព្យួរអាជ្ញាបណ្ណអាជីវកម្មលក់ដូរនៅតាមរមណីយដ្ឋាននានាក្នុងខេត្តកំពត បើមិនអនុវត្តវិធានការការពារជំងឺកូវីដ-១៩ តាមការណែនាំ

ព័ត៌មាន
ដោយសង្កេតឃើញប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅតាមរមណីយដ្ឋាននានាក្នុងខេត្តកំពត ចាប់ផ្តើមមានការធ្វេសប្រហែស ក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩ …

ម្រេចកំពតនាំចេញឡើងវិញបានជាង ៣តោនហើយ តែនៅដំណើរការនាំចេញហាក់នៅតែមានភាពរអាក់រអួល

ព័ត៌មាន
ប្រធានសមាគមម្រេចកំពតបានអះអាងថា គិតតាំងពីចាប់ផ្ដើមនាំចេញឡើងវិញកាលពីដើមខែមិថុនា មកទល់ពេលនេះ ម្រេចកំពត ដែលជាទំនិញម៉ាកសម្គាល់ភូមិសាស្ត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ