នៅក្នុងសុន្ទរកថានៅសភាអាម៉េរិក ដែលប្រើពេលរហូតដល់ទៅ១ម៉ោង និង៤៨នាទីដែលវែងបំផុតជាប្រវត្តិសាស្ត្រលោក ដូណាល់ ត្រាំ បានលើកឡើងថា លោកបានកាត់បន្ថយអតិផរណា ជំរុញទីផ្សារភាគហ៊ុន កាត់បន្ថយពន្ធក្នុងស្រុក និងបន្ទាបថ្លៃថ្នាំពេទ្យ។ ទោះជាយ៉ាងណា ទិន្នន័យថ្មីៗបង្ហាញថា សេដ្ឋកិច្ចអាម៉េរិក កំពុងដាំក្បាលចុះ អតិផរណានៅតែជាក្ដីកង្វល់ ហើយកម្រិតប្រជាប្រិយភាពរបស់លោក ក៏បានធ្លាក់ចុះនៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលគ្រោងធ្វើឡើងនៅវិច្ឆិកា ឆ្នាំ២០២៦។
ការស្ទង់មតិថ្មីៗនេះបានរកឃើញថា មានពលរដ្ឋអាម៉េរិកតែ៣៦%ប៉ុណ្ណោះ ដែលពេញចិត្តការដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់លោក។ អ្នកបោះឆ្នោតជាច្រើននៅតែមានការព្រួយបារម្ភអំពីការចំណាយខ្ពស់លើការរស់នៅ។ លោក ត្រាំ ក៏បាននិយាយការពារគោលនយោបាយអន្តោប្រវេសន៍ និងពន្ធពាណិជ្ជកម្មរបស់លោកផងដែរ ទោះបីជាវិធានការពន្ធគយសកលមួយចំនួនរបស់លោក ត្រូវបានរារាំងដោយតុលាការកំពូលសហរដ្ឋអាម៉េរិក កាលពីពេលថ្មីៗនេះក៏ដោយ។ ក្រុមប្រជាធិបតេយ្យបានរិះគន់ភាពជាអ្នកដឹកនាំរបស់លោក ដោយនិយាយថា លោកមិនបានធ្វើអ្វីគ្រប់គ្រាន់ ដើម្បីជួយគ្រួសារពលរដ្ឋដែលកំពុងជួបការលំបាកនោះទេ។
សុន្ទរកថានេះបានឆ្លុះបញ្ចាំងពីភាពតានតឹងផ្នែកនយោបាយដែលកំពុងកើនឡើង ដោយសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យមួយចំនួនបានធ្វើពហិការមិនចូលរួមព្រឹត្តិការណ៍នេះ ខណៈដែលអ្នកផ្សេងទៀតនាំគ្នាតវ៉ានៅក្នុងសភា។
សូមបញ្ជាក់ថា នៅក្នុងការថ្លែងសុន្ទរកថាទៅកាន់សភាអាម៉េរិក នៅថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ដូណាល់ ត្រាំ បានចាយពេលរហូតដល់ទៅ១ម៉ោង និង៤៨នាទី ដោយបំបែកកំណត់ត្រាចាស់របស់លោកផ្ទាល់កាលពីឆ្នាំមុន ដែលចំណាយពេល១ម៉ោង និង៣៨នាទី។ នេះបើយោងតាមយោងតាម The American Presidency Project។
ទន្ទឹមនេះ បើនិយាយពីកំណត់ត្រាថ្លែងសុន្ទរកថាក្នុងសភាដែលឆាប់បំផុតវិញ គឺកាន់កាប់ដោយអតីតប្រធានាធិបតី Richard Nixon ក្នុងឆ្នាំ១៩៧២ ដែលចំណាយពេលត្រឹមតែ២៨នាទីប៉ុណ្ណោះ៕
ដោយ: តែម សុខុម