លោក ដូណាល់ ត្រាំ បានព្រមានក្រុមប្រទេស BRICS កុំឱ្យប៉ុនប៉ងបង្កើតរូបិយប័ណ្ណថ្មីណាមួយសម្រាប់បម្រើឱ្យការទូទាត់ពាណិជ្ជកម្មជំនួសឲ្យប្រាក់ដុល្លារអាម៉េរិកឱ្យសោះ បើពុំដូច្នេះទេក្រុមប្រទេសទាំងនោះនឹងរងសម្ពាធពន្ធគយធ្ងន់ធ្ងរ។ លោកបានព្រមានជាចំហរនៅលើបណ្តាញសង្គមថា ប្រសិនបើក្រុមប្រទេស BRICS បង្កើតរូបិយប័ណ្ណទូទាត់ថ្មីជំនួសប្រាក់ដុល្លារអាមេរិក នោះពួកគេនឹងរងការដំឡើងពន្ធលើទំនិញនាំចូលទៅទីផ្សារសហរដ្ឋអាម៉េរិករហូតដល់ទៅ១០០%។
លោក ដូណាល់ ត្រាំ ផ្តល់ជាជម្រើសក្នុងការពិចារណាសម្រាប់ក្រុមប្រទេស BRICS ថា តើពួកគេចង់បង្កើតរូបិយប័ណ្ណថ្មី ឫចង់លែងនាំចូលទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ លោកបានសង្កត់ធ្ងន់ថា ក្រុមប្រទេស BRICS មិនអាចជញ្ជក់ឈាមអាម៉េរិកបានទៀតនោះទេ ហើយពួកគេក៏គ្មានឱកាសនឹងអាចបង្កើតរូបិយបណ្ណជំនួសការទូទាត់របស់ប្រាក់ដុល្លារអាម៉េរិកនៅក្នុងប្រព័ន្ធទូទាត់ពាណិជ្ជកម្មអន្តរជាតិបាននោះដែរ។ លោកបានព្រមានធ្ងន់ៗថា ប្រទេសណាដែលប៉ុនប៉ងធ្វើបែបនេះ គួរតែចាកចេញពីទីផ្សារសហរដ្ឋអាម៉េរិកទៅ។
ការចេញមកប្រតិកម្មបែបនេះរបស់លោក ដូណាល់ ត្រាំ ទំនងជាដើម្បីឆ្លើយតបទៅនឹងការប៉ុនប៉ងរបស់ប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង និងប្រទេសមួយចំនួនដូចជាអ៊ីរ៉ង់ អេហ្ស៊ីប និងអេមីរ៉ាតអារ៉ាប់រួម ដែលកំពុងព្យាយាមរកផ្លូវក្នុងការងាកចេញពីការប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិកសម្រាប់ការទូទាត់ពាណិជ្ជកម្មទៅវិញទៅមកដោយប្រើប្រាស់រូបិយបណ្ណក្នុងស្រុក នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង កាហ្សាន (Kazan)ប្រទេសរុស្ស៊ីកាលពីពេលថ្មីៗកន្លងទៅ។
គួរបញ្ជាក់ថា ប្រាក់ដុល្លារអាម៉េរិកគឺជារូបិយប័ណ្ណបម្រុងដ៏សំខាន់របស់ពិភពលោកចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២ និងជារូបិយប័ណ្ណដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយបំផុតសម្រាប់ពាណិជ្ជកម្មអន្តរជាតិ។ តម្រូវការប្រាក់ដុល្លារជាសកលខ្ពស់បែបបនេះអនុញ្ញាតឱ្យសហរដ្ឋអាម៉េរិកខ្ចីប្រាក់ក្នុងតម្លៃទាប និងប្រើប្រាស់រូបិយប័ណ្ណជាឧបករណ៍នៃការទូត និងឥទ្ធិពលសេដ្ឋកិច្ចពេញពិភពលោក៕
ដោយៈ សរ សុជាតិ