វ៉ាក់សាំងឥណ្ឌា

នាយករដ្ឋមន្ត្រីឥណ្ឌាថា ឥណ្ឌាត្រៀមខ្លួនរួចហើយ ដើម្បីផលិតវ៉ាក់សាំងឲ្យបាន ៥ពាន់លានដូសនៅឆ្នាំ២០២២


ប្រទេសឥណ្ឌាបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីផលិតវ៉ាក់សាំងកូវីដ១៩ឲ្យបាន៥ពាន់លានដូស នៅឆ្នាំ២០២២ ដើម្បីជួយពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតសកលកូវីដ១៩។ ជាមួយគ្នានេះ ឥណ្ឌាក៏រំពឹងថា អង្គការសុខភាពពិភពលោកនឹងអនុម័តវ៉ាក់សាំងរបស់ឥណ្ឌាឲ្យបានលឿនបំផុត ដើម្បីអាចបន្ដផ្គត់ផ្គង់ទៅកាន់ប្រទេសនានាដែលកំពុងត្រូវការវ៉ាក់សាំង។ នេះបើតាមការអះអាងរបស់លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំ G20 នាចុងសប្ដាហ៍មុននេះ។
ប្រទេសឥណ្ឌាបានត្រៀមខ្លួន ដើម្បីផលិតវ៉ាក់សាំងកូវីដ-១៩ ឲ្យបាន៥ពាន់លានដូស

ក្រៅពី​តែ​បាន​ថ្លែង​អំពី​ការ​តាំងចិត្ត​ក្នុង​ការ​ឈាន​ទៅ​ផលិត​វ៉ាក់សាំង​ឲ្យ​បាន​៥​ពាន់​លាន​ដូ​ស​នៅ​ឆ្នាំ​២០២២ នៅ​ក្នុង​កិច្ចប្រជុំ G20 លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា ណា​រិ​ន​ដ្រា ម៉ូ​ឌី ក៏​បាន​លើក​ឡើង​អំពី​បញ្ហា​នៃ​ការ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​អន្តរជាតិ និង​បាន​ជជែក​អំពី​យន្ដការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក​នៃ​ការ​ទទួលស្គាល់​លិខិតបញ្ជាក់​វ៉ាក់សាំង​ជាដើម​។

ឥណ្ឌា​ចាត់​ទុក​ថា ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផលិត​វ៉ាក់សាំង​ឲ្យ​បាន​ជាង​៥​ពាន់​លាន​ដូ​ស​នៅ​ឆ្នាំ​ក្រោយ​នេះ នឹង​ចូលរួម​ក្នុង​ការ​ការពារ​ការ​ឆ្លង​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩ ប៉ុន្ដែ វា​ក៏​ត្រូវការ​ឲ្យ​អង្គការ​សុខភាព​ពិភពលោក​អនុម័ត​វ៉ាក់សាំង​កូ​វី​ដ​១៩ ដែល​ផលិត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ឲ្យ​បាន​លឿន​បំផុត​ផង​ដែរ​។

ក្រុម​ផ្ដល់​យោបល់​ផ្នែក​បច្ចេកទេស នៃ​អង្គការ​សុខភាព​ពិភពលោក នឹង​ជួប​ប្រជុំ​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ទី ៣ ខែវិច្ឆិកា​នេះ ដើម្បី​ប្រជុំ​សម្រេច​ចុង​ក្រោយ អំពី​ការ​វាយតម្លៃ​អំពី​អត្ថប្រយោជន៍ និង​ហានិភ័យ​នៃ​ការ​ប្រើប្រាស់​បន្ទាន់​វ៉ាក់សាំង​របស់​ឥណ្ឌា​មួយ​ប្រភេទ​ដែល​មានឈ្មោះ​ថា Covaxin​។

វ៉ាក់សាំង Covaxin គឺ​វ៉ាក់សាំង​កូ​វី​ដ​១៩​មួយ​ប្រភេទ ដែល​ផលិត​ដោយ ស្ថាប័ន Bharat Biotech របស់​ឥណ្ឌា ហើយ​វ៉ាក់សាំង​នេះ ក៏​មានការ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដូច​ទៅ​នឹង​វ៉ាក់សាំង Covishield ដែល​ទទួល​បាន​រូបមន្ដ​ផលិត​ពី​ក្រុមហ៊ុន AstraZeneca និង​សាកលវិទ្យាល័យ Oxford​ដែរ​។  កន្លង​មក វ៉ាក់សាំង​ប្រភេទ Covishield នេះ​ត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក​អនុម័ត​ឲ្យ​មានការ​ប្រើប្រាស់​បន្ទាន់​រួច​ហើយ​ដែរ ហើយ​វា​ក៏​ត្រូវ​បាន​បែងចែក​មួយ​ចំនួន​តាម​រយៈ​យន្ដការ​កូ​វ៉ា​ក់​ផង​ដែរ​។

រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌា លោក ហាស់ វ៉ា​ដាន ស្រ៊ី​ង​ក្លា (Harsh Vardhan Shringla) បាន​អះអាង​ថា ឥណ្ឌា​មិន​ត្រឹមតែ​ជា​ប្រទេស​នឹង​ផលិត​វ៉ាក់សាំង​ឲ្យ​បាន​ជាង​៥​ពាន់​លាន​ដូ​ស​នៅ​ឆ្នាំ​ក្រោយ​ប៉ុណ្ណោះ ប៉ុន្ដែ​ឥណ្ឌា​ថ្មី​ៗ ក៏​ទើបតែ​បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​របស់​ខ្លួន​ដល់​ចំនួន​ជាង ១​ពាន់​លាន​ដូ​សរួច​ហើយ​ដែរ ហើយ​ផែនការ​បង្កើន​ការ​ផលិត​វ៉ាក់សាំង​នេះ ឥណ្ឌា​រំពឹង​ថា នឹង​អាច​ជួយ​កាត់​បន្ថយ​នូវ​វិសមភាព​វ៉ាក់សាំង ពិសេស​នៅ​ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទូ​ទាំង​ពិភពលោក​ផង​ដែរ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិក និងអឺរ៉ុប ព្រមបន្ធូរដៃឲ្យគ្នាបន្ដិចវិញហើយ ជុំវិញភាពរកាំរកូសផ្នែកពន្ធគយ

ព័ត៌មាន
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានព្រមព្រៀងគ្នាកាលពី នៅចុងសប្ដាហ៍មុននេះ ដើម្បីដករនាំងពន្ធគយលើការនាំចូលដែកថែប និងអាលុយមីញ៉ូមពីសហភាពអឺរ៉…

ចិនថា ការរិះគន់ខ្លួនពីសំណាក់ប្រទេសលោកខាងលិចនៅ WTO «ជារឿងមិនសមរម្យ និងមិនសមហេតុផល»

ព័ត៌មាន
ប្រទេសចិន បានចាត់ទុកការរិះគន់ខ្លាំងមកលើខ្លួនពីសំណាក់ប្រទេសលោកខាងលិច នៅអង្គការពាណិជ្ជកម្មពិភពលោក ថា ជារឿងដែលមិនសមរម្យ និងមិនសមហេតុសមផ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ