
ដំបូងឡើយសេតវិមានគ្រោងបន្ធូរបន្ថយទណ្ឌកម្មចំពោះប្រទេសរុស្ស៊ី ដែលជាផ្នែកមួយជំរុញឱ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន និងកែលម្អទំនាក់ទំនងការទូត និងសេដ្ឋកិច្ចជាមួយទីក្រុងម៉ូស្គូ ប៉ុន្តែក្រោយមកនៅថ្ងៃសុក្រ សប្ដាហ៍មុន លោក ត្រាំ បែរជាគំរាមដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីថែមទៀតទៅវិញ។
លោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គមថា ដោយផ្អែកលើរុស្ស៊ីកំពុងវាយលុកអ៊ុយក្រែនយ៉ាងខ្លាំងនាពេលនេះ ដូច្នេះ លោក កំពុងពិចារណាលើការដាក់ទណ្ឌកម្មផ្នែកពន្ធ លើវិស័យធនាគារ និងពន្ធគយលើប្រទេសរុស្ស៊ីរហូតទាល់តែភ្លើងសង្គ្រាមត្រូវបានពន្លត់ ហើយកិច្ចព្រមព្រៀងដំណោះស្រាយចុងក្រោយស្តីពីសន្តិភាពត្រូវបានសម្រេច។ ទន្ទឹមនេះ លោក ត្រាំ ក៏បានអំពាវនាវឱ្យប្រទេសរុស្ស៊ី និងអ៊ុយក្រែនចូលទៅកាន់តុចរចា ដើម្បីបញ្ចប់សង្គ្រាមកុំឱ្យវាយឺតពេល។
កងកម្លាំងរុស្ស៊ីសឹងតែបានឡោមព័ទ្ធកងទ័ពអ៊ុយក្រែនរាប់ពាន់នាក់ ដែលបានសម្រុកចូលក្នុងតំបន់ឃើសរបស់រុស្ស៊ីទៅហើយកាលពីរដូវក្តៅឆ្នាំមុន ក្នុងការវាយសម្រុកដ៏តក់ស្លុតមួយដែលទីក្រុងកៀវសង្ឃឹមថា នឹងប្រើវាធ្វើជាឥទ្ធិពលទៅលើទីក្រុងមូស្គូ ក្នុងកិច្ចចរចាសន្តិភាពណាមួយ។
លោក ផាស៊ី ផារ៉យណេន (Pasi Paroinen) អ្នកវិភាគយោធានៅប្រទេសហ្វាំងឡង់បានលើកឡើងថា ស្ថានភាពសម្រាប់អ៊ុយក្រែននៅតំបន់ឃើសពេលនោះ គឺគ្រោះថ្នាក់ខ្លាំងណាស់ ហើយគ្មានការបញ្ជាក់ជាផ្លូវការណាមួយអំពីការវាយរុញច្រានកងទ័ពអ៊ុយក្រែនចេញពីទឹកដីរបស់រុស្ស៊ីវិញនោះឡើយ។
ទន្ទឹមនឹងនេះ កងកម្លាំងរបស់រុស្ស៊ីក៏បានវាយកម្ទេចហេដ្ឋារចនាសម្ពន្ធថាមពល និងឧស្ម័ននៅក្នុងទឹកដីអ៊ុយក្រែនទាំងយប់នៅក្នុងការវាយប្រហារដោយមីស៊ីលយ៉ាងខ្លាំងជាលើកដំបូង ចាប់តាំងពីអាម៉េរិកបានផ្អាកការចែករំលែកព័ត៌មានសម្ងាត់ទៅឱ្យអ៊ុយក្រែន៕