
សង្គ្រាមពាក្យសម្ដីរវាងលោក ដូណាល់ ត្រាំ និងកំពូលមហាសេដ្ឋី អេឡិន ម៉ាស់ បានផ្ទុះឡើងជាថ្មីនៅដើមសប្តាហ៍នេះ បន្ទាប់ពីលោក អេឡិន ម៉ាស់ ដែលបានចំណាយប្រាក់រាប់រយលានដុល្លារក្នុងការជួយឱ្យលោក ត្រាំ ជាប់ឆ្នោតជាថ្មីនោះ បានបន្តរិះគន់ច្បាប់កាត់បន្ថយពន្ធ និងច្បាប់ថវិការបស់លោក ត្រាំ ខណៈច្បាប់នេះនឹងលុបបំបាត់ការឧបត្ថម្ភធនសម្រាប់ការទិញរថយន្តអគ្គិសនី ដែលអាចធ្វើឱ្យបាត់ផលប្រយោជន៍របស់ក្រុមហ៊ុន Tesla ដែលជាអ្នកផលិតរថយន្តអគ្គិសនីឈានមុខគេនៅអាម៉េរិក។
ឆ្លើយតបនឹងការរិះគន់នេះ លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមអ្នកកាសែតនៅសេតវិមានកាលពីថ្ងៃទី១ ខែកក្កដា ថា ការចេញមករិះគន់នេះ ក៏ដោយសារលោក ម៉ាស់ រងខកចិត្តចំពោះការបាត់បង់ផលប្រយោជន៍របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ហើយលោក បានព្រមានថា លោក ម៉ាស់ អាចនឹងបាត់បង់ប្រយោជន៍ច្រើនជាងនេះថែមទៀត។
ការបន្តរិះគន់របស់លោក ម៉ាស់ នេះធ្វើឡើងនៅប៉ុន្មានម៉ោងបន្ទាប់ពីព្រឹទ្ធសភាបានបោះឆ្នោតអនុម័តសេចក្ដីព្រាងច្បាប់កញ្ចប់ថវិកា និងការកាត់បន្ថយពន្ធរបស់លោក ត្រាំ ហើយបច្ចុប្បន្នច្បាប់នេះត្រូវបានបញ្ជូនត្រឡប់ទៅសភាតំណាងរាស្ត្រវិញ ដើម្បីអនុម័តចុងក្រោយមុននឹងបញ្ជូនទៅឱ្យលោក ត្រាំ ដែលគ្រោងនឹងចុះហត្ថលេខាឱ្យទៅជាច្បាប់ធរមាននៅថ្ងៃទី៤ ខែកក្កដា ចំថ្ងៃបុណ្យឯករាជ្យរបស់អាម៉េរិក។
ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះជាង៥% កាលពីថ្ងៃអង្គារ។ លោក ម៉ាស់ បានបង្កើនយុទ្ធនាការប្រឆាំងនឹងសេចក្ដីព្រាងច្បាប់របស់លោក ត្រាំ នេះ ដោយបានប្ដេជ្ញាចិត្តថានឹងបង្កើត គណបក្សនយោបាយថ្មីមួយហៅថា គណបក្សអាម៉េរិក (America Party) ប្រសិនបើច្បាប់ថវិកាដ៏ឆ្កួតលីលានេះត្រូវបានអនុម័តចុងក្រោយដោយសភាតំណាងរាស្ត្រមែននោះ៕
ដោយ៖ សុខ មង្គល