យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC លោកប្រធានាធិបតី ដូណាល់ ត្រាំ បានកំណត់យកម៉ោង៨យប់ថ្ងៃអង្គារ ម៉ោងនៅតំបន់ចុងបូព៌ាជាថ្ងៃផុតកំណត់សម្រាប់អ៊ីរ៉ង់ ក្នុងការបើកច្រកផ្លូវទឹកដ៏សំខាន់ហ័រម៉ូស ជាដាច់ខាត។ លោក ត្រាំ បានសង្កត់ធ្ងន់ថា ប្រសិនបើអ៊ីរ៉ង់មិនអនុវត្តតាមទេ នោះអាម៉េរិកនឹងបើកការវាយប្រហារបំផ្លាញរោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធយោធាទាំងស្រុង ដែលនឹងធ្វើឱ្យអ៊ីរ៉ង់ក្លាយជាឋាននរកនៅលើដី។
នេះមិនមែនជាការព្រមានលើកទី១នោះទេ ពោលគឺកន្លងមកលោក ត្រាំ ធ្លាប់បានព្រមានរួចមកហើយថា លោកនឹងធ្វើឱ្យអ៊ីរ៉ង់វិលត្រឡប់ទៅរកយុគសម័យថ្មវិញ ប្រសិនបើនៅតែបន្តរឹងរូសមិនបំពេញតាមការទាមទាររបស់អាម៉េរិក ក្នុងខណៈដែលសង្រ្គាមនេះបានអូសបន្លាយចូលដល់ខែទី២ទៅហើយ។
ឆ្លើយតបនឹងការព្រមាននេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អេស្មាអ៊ីល បាហ្គាអ៊ី (Esmail Baghaei) បានប្រកាសក្តែងៗថា កងកម្លាំងអ៊ីរ៉ង់ បានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីសងសឹកវិញដូចគ្នា។ លោកបញ្ជាក់ថា គោលដៅវាយបករបស់អ៊ីរ៉ង់ គឺរាល់ហេដ្ឋារចនាសម្ព័ន្ធទាំងឡាយណា ដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក ឬដែលចូលរួមក្នុងសកម្មភាពឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់។
ស្របពេលដែលស្ថានភាពកំពុងឡើងកម្តៅខ្លាំងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានលើកឡើងថា មធ្យោបាយតែមួយគត់ដើម្បីដោះស្រាយបញ្ហានាវាចរណ៍នៅច្រកសមុទ្រហ័រម៉ូស គឺការឈានទៅរកបទឈប់បាញ់ឱ្យបានឆាប់បំផុត។ លោក វ៉ាង យី ក៏បានពិភាក្សាតាមទូរសព្ទជាមួយសមភាគីរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ ដោយសន្យានឹងសហការគ្នាក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីទប់ស្កាត់កុំឱ្យមជ្ឈិមបូព៌ាធ្លាក់ក្នុងសង្រ្គាមដ៏មហន្តរាយ។
បច្ចុប្បន្នមានសេចក្តីរាយការណ៍ថា ក្រុមសម្របសម្រួលថ្នាក់តំបន់កំពុងជំរុញឱ្យមានបទឈប់បាញ់បណ្តោះអាសន្នរយៈពេល៤៥ថ្ងៃ ដើម្បីបើកផ្លូវឱ្យមានការចរចាសន្តិភាពជាអចិន្ត្រៃយ៍ និងរំដោះតំបន់មជ្ឈិមបូព៌ាចេញពីអណ្តាតភ្លើងសង្រ្គាម៕
ដោយៈ សរ សុជាតិ