សមុទ្រហ័រម៉ូស

លោក ត្រាំ គំរាមកម្ទេចអូម៉ង់ បើហ៊ានចូលដៃជាមួយអ៊ីរ៉ង់ គ្រប់គ្រងច្រកសមុទ្រហ័រម៉ូស


នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៧ ខែឧសភា ក្រុមអ្នកកាសែតបានចោទសួរប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងរបាយការណ៍មួយដែលថា ប្រទេសអូម៉ង់ និងអ៊ីរ៉ង់ មានបំណងចង់រួមគ្នាត្រួតត្រាលើការធ្វើពាណិជ្ជកម្មតាមច្រកសមុទ្រហ័រម៉ូស ដែលជាច្រកផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់ ដែលមានរហូតដល់ជាង ២០% របស់ពិភពលោក។
សមុទ្រហ័រម៉ូស
ដោយ

លោក ត្រាំ បានឆ្លើយតបវិញភ្លាមៗ ដោយប្រើពាក្យសម្តីគំរាមកំហែងធ្ងន់ៗថា គ្មានភាគីណាមួយអាចគ្រប់គ្រងច្រកនេះបានឡើយ ព្រោះវាជាដែនទឹកអន្តរជាតិ ហើយអូម៉ង់ ត្រូវតែអនុវត្តខ្លួនឱ្យដូចប្រទេសដទៃទៀត បើមិនដូច្នោះទេ លោកនឹងកម្ទេចពួកគេចោល។
ទីភ្នាក់ងារព័ត៌មាន Al Jazeera បានរាយការណ៍ថា ការថ្លែងព្រមានរបស់លោក ត្រាំ ជុំវិញមហិច្ឆតារបស់អ៊ីរ៉ង់ និងអូម៉ង់នេះបានកើតឡើងបន្ទាប់ពីស្ថានីយទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានចុះផ្សាយអំពីក្របខណ្ឌ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងប្រទេសទាំងពីរដោយរបាយការណ៍នោះ បានបង្ហាញថា MOU នេះ នឹងអនុញ្ញាតឱ្យអ៊ីរ៉ង់ និងអូម៉ង់ មានអំណាចគ្រប់គ្រង និងចាត់ចែងរួមគ្នាលើច្រកសមុទ្រហ័រម៉ូស។
ការអត្ថាធិប្បាយដ៏កាចសាហាវរបស់លោក ត្រាំ ពាក់ព័ន្ធនឹងប្រទេសអូម៉ង់នេះបានធ្វើឱ្យមានការវាយតម្លៃដំបូងៗពីមជ្ឈដ្ឋានជាច្រើនថា លោក ត្រាំ អាចនឹងនិយាយច្រឡំ ដោយចង់មានន័យសំដៅលើប្រទេសអ៊ីរ៉ង់ ជំនួសឱ្យពាក្យអូម៉ង់។ ភ្លាមៗនោះ ក្រសួងការបរទេសអាម៉េរិកបានប្រញាប់ប្រញាល់បង្ហោះសារនៅលើបណ្តាញសង្គម ដើម្បីបកស្រាយ និងពន្យល់ពីអត្ថន័យនៃសម្តីរបស់លោក ត្រាំ ដោយបញ្ជាក់ថា ប្រទេសអូម៉ង់ ដែលត្រូវបានគេស្គាល់ថា ជាប្រទេសមានជំហរអព្យាក្រឹតខ្ពស់នោះ មិនបានប្រកាសថា ខ្លួនចង់ចូលរួមជាមួយអ៊ីរ៉ង់ ក្នុងការគ្រប់គ្រងច្រកសមុទ្រ ហ័រម៉ូស នោះឡើយ។
សារដដែលនោះបានសង្កត់ធ្ងន់ថា សហរដ្ឋអាម៉េរិក និងអូម៉ង់ គឺជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធ និងយូរអង្វែងជាមួយគ្នាអស់រយៈពេលជាង២០០ឆ្នាំមកហើយ។ ប្រទេសទាំងពីរមានសន្ធិសញ្ញាសហប្រតិបត្តិការជាច្រើន រួមទាំងភាពជាដៃគូខាងសន្តិសុខ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ព្រមទាំងកិច្ចព្រមព្រៀងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាផងដែរ។
ទោះជាមានការបកស្រាយពីក្រសួងការបរទេសក៏ដោយ ក៏ក្រុមអ្នករិះគន់ជាច្រើនបាននាំគ្នាចេញមុខថ្កោលទោសពាក្យសម្តីគំរាមកំហែងរបស់លោក ត្រាំ ថា ជាការថ្លែងឡើងដោយធ្វេសប្រហែសបំផុត។ លោក រ៉ាអេដ ចារ៉ា (Raed Jarrar) នាយកផ្នែកតស៊ូមតិ នៃអង្គការសិទ្ធិមនុស្ស DAWN ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក បានប្រៀបប្រដូចសម្ដីរបស់លោក ត្រាំ ទៅនឹងសម្តីរបស់មេខ្លោងជនពាល។ លោកបានបន្ថែមថា ការគំរាមកំហែងជាចំហរបស់លោក ត្រាំ កាលពីថ្ងៃពុធ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការពឹងផ្អែកលើកម្លាំងយោធាកាន់តែខ្លាំងឡើង នៅក្នុងគោលនយោបាយការបរទេសរបស់លោក ដែលយុទ្ធសាស្ត្របែបនេះ ត្រូវបានគេហៅថា ការទូតនាវាចម្បាំង។
គួរបញ្ជាក់ថា ច្រកសមុទ្រហ័រម៉ូស គឺជាច្រកផ្លូវដឹកជញ្ជូនតាមសមុទ្រដ៏មានសារៈសំខាន់ជាសកល សម្រាប់ផលិតផលថាមពល និងជីកសិកម្មរបស់ពិភពលោក។ ច្រកនេះ គឺជាផ្លូវទឹកអន្តរជាតិ ដែលកប៉ាល់ពាណិជ្ជកម្មនានា អាចធ្វើដំណើរឆ្លងកាត់ដោយសេរី និងឥតគិតថ្លៃអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ប៉ុន្តែបន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ កាលពីខែកុម្ភៈ កន្លងទៅ ទីក្រុងតេអេរ៉ង់ បានចាប់យកច្រកសមុទ្រយុទ្ធសាស្ត្រមួយនេះធ្វើជាចំណាប់ខ្មាំង និងបានចាប់ផ្តើមប្រកាសទាមទារសិទ្ធិអធិបតេយ្យភាពផ្ទាល់ខ្លួនតែម្តង៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ធនាគារ ខេប៊ីប្រាសាក់ បរិច្ចាគថវិកា 200 លានរៀល ជូន មូលនិធិគន្ធបុប្ផាកម្ពុជា

ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយក្នុងការបរិច្ចាគថវិកាចំនួន 200 លានរៀល ជូនដល់ មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងយុទ្ធនាការ «1 ម…

វិទ្យាស្ថានស្រាវជ្រាវរបស់​អង់គ្លេស ព្រមាន​ពីការផ្ទុះសង្គ្រាមនុយក្លេអ៊ែ ប្រសិនបើមានការប៉ះទង្គិចប្រដាប់អាវុធណាមួយរវាងអាម៉េរិក និងចិន ដោយសាររឿងកោះតៃវ៉ាន់

វិទ្យាស្ថានស្រាវជ្រាវអំពីវិស័យការពារជាតិ ឈានមុខគេ​របស់​អង់គ្លេស បានព្រមាន​ធ្ងន់ៗ​នៅ​ថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ​​ថា ការផ្ទុះ​សង្គ្រាម​ណាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ