
ថ្លែងនៅក្នុងការជួបជុំមួយនៅរដ្ឋផេនស៊ីវ៉េនៀ សហរដ្ឋអាម៉េរិក កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានថា លោកនឹងដំឡើងពន្ធ២៥% ថែមទៀតឱ្យឡើងដល់៥០% លើការនាំចូលដែកថែប ដើម្បីទាក់ទាញក្រុមហ៊ុនផលិតដែកថែបឱ្យមកបោះទុនវិនិយោគនៅសហរដ្ឋអាម៉េរិក។
នៅក្នុងសុន្ទរកថាថ្លែងទៅកាន់ក្រុមអ្នកគាំទ្រលោក ត្រាំ ក៏បានលើកឡើងពីកិច្ចព្រមព្រៀងរវាង ក្រុមហ៊ុនដែកជប៉ុន Nippon Steel និងក្រុមហ៊ុនដែកអាម៉េរិក US Steel ផងដែរ ដោយលោកបាននិយាយថា កិច្ចព្រមព្រៀងតម្លៃជិត១៥ពាន់លានដុល្លាររវាងក្រុមហ៊ុនដែកទាំងពីរ ក៏ដូចជាការដំឡើងពន្ធនេះដែរនឹងជួយរក្សាការងារសម្រាប់កម្មករដែកនៅសហរដ្ឋអាម៉េរិក។
ការប្រកាសដំឡើងពន្ធថែមទៀតលើការនាំចូលដែករបស់លោក ត្រាំ នេះ បានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនដែកថែបរបស់អាម៉េរិកមួយកើនឡើង២៦% ក្រោយបិទបញ្ចប់ការជួញដូរភាគហ៊ុនដោយសារក្រុមវិនិយោគិនរំពឹងថា ពន្ធថ្មីនេះនឹងជួយឱ្យពួកគេបានផលចំណេញច្រើន។
ទោះជាយ៉ាងណា ការដំឡើងពន្ធទ្វេដងរបស់លោក ត្រាំ ទៅលើការនាំចូលដែក ដែលនឹងចូលជាធរមាននៅថ្ងៃទី៤ ខែមិថុនា ខាងមុខនេះនឹងបង្កើនសង្គ្រាមពាណិជ្ជកម្មសកលកាន់តែខ្លាំងឡើង និងបានធ្វើឡើងនៅប៉ុន្មានម៉ោងបន្ទាប់ពីលោក ត្រាំ បានចោទប្រទេសចិន ថា បានរំលោភលើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាម៉េរិក ក្នុងការដកពន្ធបដិការ និងការរឹតបន្តឹងពាណិជ្ជកម្មសម្រាប់រ៉ែសំខាន់ៗ។
ទិន្នន័យរបស់គណៈកម្មការពាណិជ្ជកម្មអន្តរជាតិ របស់អាម៉េរិក បានបង្ហាញថា តម្លៃនៃការនាំចូលសរុបសម្រាប់ប្រភេទដែក២៨៩មុខក្នុងឆ្នាំ២០២៤ បានកើនឡើងដល់ជាង១៤៧ពាន់លានដុល្លារដោយភាគច្រើនជាអាលុយមីញ៉ូម ខណៈអាម៉េរិក ជាអ្នកនាំចូលដែកច្រើនជាងគេបំផុតក្នុងពិភពលោកដោយបាននាំចូលសរុបជាង២៦លានតោនក្នុងឆ្នាំ២០២៤។ ដូច្នេះហើយ គេរំពឹងថា ការដំឡើងពន្ធថ្មីនេះទំនងជានឹងបង្កើនតម្លៃដែកនៅទូទាំងអាម៉េរិក ដោយប៉ះពាល់ដល់ឧស្សាហកម្ម និងអ្នកប្រើប្រាស់ផងដែរ៕
ដោយ៖ សុខ មង្គល