ព្រមព្រៀងពាណិជ្ជកម្ម RCEP

តើវៀតណាមនឹងទាញយកផលចំណេញរយៈពេលវែងអ្វីខ្លះពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP?


អ្នកជំនាញសេដ្ឋកិច្ច និងអ្នកជំនួញធំៗនៅវៀតណាមអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដែលហៅកាត់ថា RCEP នឹងជំរុញពាណិជ្ជកម្មវៀតណាមក្នុងរយៈពេលវែង ខណៈដែលប្រទេសនេះនឹងក្លាយជាផ្នែកមួយនៃខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែធំទៅកាន់ពិភពលោក។ ក្នុងនោះដែរ ប្រទេសចិន និងជប៉ុន កំពុងក្លាយជាគោលដៅទីផ្សារដ៏សំខាន់សម្រាប់វៀតណាមក្នុងការនាំចេញតាមរយៈកិច្ចព្រមព្រៀង RCEP នេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន VN Express។
វៀតណាមនឹងទាញយកផលចំណេញអ្វីខ្លះពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP

អ្នកជំនួញ​នាំ​ចេញ​គ្រឿង​សមុទ្រ​ធំ​ៗ​របស់​វៀតណាម​បានឱ្យ​ដឹង​ថា កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ទី ១ ខែមករា​កន្លង​ទៅ​នេះ នឹង​ជួយ​ក្រុមហ៊ុននាំចេញ​គ្រឿង​សមុទ្រ​ទាញ​យក​អត្ថប្រយោជន៍​កាន់តែ​ច្រើន និង​លើកទឹកចិត្ត​ពួក​គេ​ឱ្យ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ប្រកបដោយ​និរន្តរភាព​ជាមួយនឹង​ទំហំ​ផលិតកម្ម​កាន់តែ​ធំ​ស្រប​ទៅ​តាម​ច្បាប់​អន្តរជាតិ​។

សូម​ជម្រាប​ថា ក្រុមហ៊ុន​អាហារ​សមុទ្រ​ត្រូវ​បាន​កំណត់​ថា នឹង​ស្ថិត​ក្នុង​ចំណោម​អ្នក​ទទួល​បាន​ផលប្រយោជន៍​ដ៏​សំខាន់ ខណៈ​ដែល​ប្រទេស​ជា​សមាជិក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ RCEP ភាគច្រើន លើកលែងតែ​កូរ៉េ​ខាងត្បូង​មួយ បាន​យល់ព្រម​កាត់​បន្ថយពន្ធ​លើ​អាហារ​សមុទ្រ​ដល់​សូន្យ​ភាគរយ​ភ្លាម​ៗ​នៅ​ពេល​ដែល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ចូល​ជា​ធរមាន​។

ទន្ទឹម​នេះ ក្រុមហ៊ុននាំចេញ​ផ្លែ​ឈើ​មាន​ក្ដី​រំពឹង​ថា តាម​រយៈ​កិច្ចព្រមព្រៀង RCEP នឹង​អាច​ជួយ​ពួក​គេ​នាំ​ចេញ​ផ្លែ​ឈើ​កាន់តែ​ច្រើន​ទៅ​ក្រៅប្រទេស​។ ជាក់ស្ដែង ជា​ឧទាហរណ៍​ប្រទេស​ចិន​គ្រោង​នឹង​នាំ​ចូល​ជា​ផ្លូវការ​នូវ​ផ្លែ​ឈើ​បន្ថែម​ទៀត​ពី​ប្រទេស​វៀតណាម រួម​មាន ធុ​រេ​ន ផ្លែ​ល្ហុង ក្រូចថ្លុង ផ្លែ​បឺ​រ និង​ផ្លែ​ប៉ោម​។ យ៉ាងណាមិញ ក៏​មាន​ឧស្សាហកម្ម​ជា​ច្រើន​ផ្សេង​ទៀត ដូច​ជា សម្លៀក​បំពាក់ ស្បែកជើង ឈើ សេវាកម្ម និង​ការ​ផលិត​ផ្សេង​ទៀត ក៏​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​ផង​ដែរ​។

សូម​ជម្រាប​ថា វៀតណាម​នៅ​តែ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​ច្រើន​ជាងគេ​នៅ​ក្នុង​ពិភពលោក​។ បច្ចុប្បន្ន ការ​នាំ​ចេញ​របស់​វៀតណាម​ទៅ​កាន់​បណ្ដា​ប្រទេស​ជា​សមាជិក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ RCEP មាន​ដល់​ទៅ ៥២​ភាគរយ​នៃ​ការ​នាំ​ចេញ​សរុប​។ ដោយឡែក ទំហំ​ពា​ណិ​ជ្ច​កម្ម​វៀតណាម​ជាមួយ​ប្រទេស​ជា​ដៃគូ សម្រេច​បាន​ដល់ ៦៦៨​ពាន់​លាន​ដុល្លារ​កើន​ជាង ២២% ក្នុង​ឆ្នាំ ២០២១​។ វៀតណាម​ក៏​រំពឹង​ដែរ​ថា កិច្ចព្រមព្រៀង RCEP នឹង​អាច​ផ្ដល់​នូវ​សម្ទុះ​សម្រាប់​ការ​ងើបឡើង​នៃ​សេដ្ឋកិច្ច​ក្រោយ​ការ​រាតត្បាត​កូ​វី​ដ​១៩​ផង​ដែរ​។

សូម​រំ​ឮ​កថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​ដ៏​ធំ RCEP​នេះ ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ប្រទេស​ចំនួន ១៥ ដែល​គ្របដណ្តប់​សរុប​ប្រហែល​មួយ​ភាគ​បី​នៃ​ចំនួន​ប្រជាជន​ពិភពលោក ដែល​អនុញ្ញាត​ឱ្យ​អាជីវកម្ម​មានការ​កាត់​បន្ថយពន្ធ​នាំ​ចូល​ដល់​ទៅ ៩២% ខណៈ​ដែល​វា​បង្កើត​បានជា​ទីផ្សារ​នៃ​អ្នក​ប្រើប្រាស់​រហូត​ដល់​ជាង​២​ពាន់​២​រយ​លាន​នាក់ និង​ជា​ប្លុក​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​បំផុត​នៅ​ក្នុង​ពិភពលោក​៕

អត្ថបទ ស៊ើ​ង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកត្រូវបង្កើនទំនាក់ទំនងសេដ្ឋកិច្ចកាន់តែខ្លាំងក្លាថែមទៀត ជាមួយតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៅឆ្នាំខាងមុខនេះ

ព័ត៌មាន
សហរដ្ឋអាមេរិកត្រូវការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីឲ្យកាន់តែខ្លាំងក្លាថែមទៀត នៅឆ្នាំខាងមុខនេះ ហើយវាក៏ត្រូវមានកំណត់នៅក្នុងគោ…

ហាង 7-Elevenនៅប៉េកាំងរងការផាកពិន័យពីអាជ្ញាធរចិន ក្នុងរឿងដាក់ឈ្មោះតៃវ៉ាន់ជាប្រទេស

ព័ត៌មាន
ក្រុមហ៊ុនជប៉ុនដែលជាប្រតិបត្តិករហាង 7-Eleven នៅក្នុងទីក្រុងប៉េកាំង ត្រូវបានរងការពិន័យ ចំពោះការកំណត់អត្ដសញ្ញាណកោះតៃវ៉ាន់ជាប្រទេសឯករាជ្យន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ