សង្គ្រាមអ៊ុយក្រែន

លោក ត្រាំ នឹងជជែកជាមួយមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន ដើម្បីស្វែងរកច្រកបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន


ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងជួបជជែកគ្នាតាមទូរសព្ទជាមួយមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន នៅដើមសប្តាហ៍នេះ ដើម្បីស្វែងរកច្រកចេញពីសង្គ្រាមដ៏រ៉ាំរ៉ៃនៅអ៊ុយក្រែន ដែលបានអូសបន្លាយអស់រយៈពេលជាង៣ឆ្នាំកន្លងមកនេះ។ ការជួបជជែកគ្នាតាមទូរសព្ទនេះធ្វើឡើងក្រោយការចរចាគ្នារវាងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរមិនទទួលបានលទ្ធផលផ្លែផ្កាអ្វីជាដុំកំភួន ដោយសារភាគីរុស្ស៊ី ដាក់ការទាមទារថ្មីជាថ្នូរនឹងការយល់ព្រមលើបទឈប់បាញ់នៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
សង្គ្រាមអ៊ុយក្រែន
ដោយ

មន្ត្រីរុស្ស៊ី និងអ៊ុយក្រែន កាលពីថ្ងៃសុក្រ បានជួបពិភាក្សាគ្នាផ្ទាល់មុខជាលើកដំបូងនៅប្រទេស តួកគី ចាប់តាំងពីកងទ័ពរុស្ស៊ី បានបើកការវាយលុយលើប្រទេសអ៊ុយក្រែន កាលពីអំឡុងខែមីនា ឆ្នាំ២០២២។ ប៉ុន្តែការចរចាដើម្បីស្វែងរកបទឈប់បាញ់ និងសន្តិភាព នៅអ៊ុយក្រែននេះ ពុំទទួលបានលទ្ធផលផ្លែផ្កាជាដុំកំភួននោះទេ។ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់ ដែលដឹងពីកិច្ចចរចានេះ បានអះអាងថា អ្នកចរចារុស្ស៊ី បានទាមទារឱ្យអ៊ុយក្រែន ដកកងទ័ពចេញពីតំបន់របស់អ៊ុយក្រែន ដែលរុស្ស៊ី វាយដណ្តើមបានទាំងអស់ ជាថ្នូរនឹងការយល់ព្រមលើបទឈប់បាញ់នៅអ៊ុយក្រែន។

ពាក់ព័ន្ធនឹងបទឈប់បាញ់នេះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានសរសេរនៅលើប្រពន្ធផ្សព្វផ្សាយសង្គម Truth Social ដោយនិយាយថា លោកនឹងនិយាយតាមទូរសព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីពិភាក្សាពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន នៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ ខណៈមន្ត្រីនាំពាក្យរុស្ស៊ី បានអះអាងថា រុស្ស៊ីបានត្រៀមខ្លួនសម្រាប់ការចរចានេះហើយ។

បើតាមការរៀបរាប់របស់លោក ត្រាំ ប្រធានបទនៃការជជែកគ្នាតាមទូរសព្ទនេះនឹងផ្ដោតលើការបញ្ឈប់ការបង្ហូរឈាម ដែលកំពុងសម្លាប់ជាមធ្យមភាគច្រើនជាទាហានរុស្ស៊ី និងអ៊ុយក្រែន ប្រមាណជាង៥ពាន់នាក់ ក្នុងមួយសប្តាហ៍ និងពិភាក្សាអំពីការធ្វើពាណិជ្ជកម្មផងដែរ។

បន្ទាប់ពីពិភាក្សាជាមួយលោក ពូទីន រួចលោក ដូណាល់ ត្រាំ នឹងបន្តជួបជជែកជាមួយមេដឹកនាំអ៊ុយក្រែន លោក វ៉្លូឌីមៀ ហ្សឺឡិនស្គី និងសមាជិកអង្គការណាតូផ្សេងៗទៀត។ លោក ត្រាំ សង្ឃឹមថា កិច្ចពិភាក្សាជាបន្តបន្ទាប់របស់ខ្លួននេះនឹងអាចស្វែងរកច្រកឈានទៅបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃនៅអ៊ុយក្រែន។

សូមរំលឹកថា នៅក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅតំបន់ឈូងសមុទ្រពែក្ស កាលពីសប្ដាហ៍មុន លោក ត្រាំ គ្រោងធ្វើដំណើរទៅប្រទេសតួកគី ដើម្បីជួបពិភាក្សាជាមួយនឹងលោក ពូទី នៅទីនោះប្រសិនបើលោក ពូទីន ចូលរួមក្នុងកិច្ចពិភាក្សាកាលពីសប្តាហ៍មុន ប៉ុន្តែលោក ពូទីន មិនបានទៅចូលរួមនោះទេ ដោយបញ្ជូនក្រុមតំណាងរបស់ខ្លួនទៅចូលរួម៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ក្រុមហ៊ុនចិន កំពុងបាញ់ក្រសែភ្នែកសម្លឹងរកការចុះបញ្ជីនៅសិង្ហបុរី ដើម្បីពង្រីកទីផ្សារ

ដើម្បីពង្រឹងជំហរកាន់តែរឹងមាំក្នុងការធ្វើសង្រ្គាមពាណិជ្ជកម្ម បណ្តាក្រុមហ៊ុនចិន ទាំងនៅចិនដីគោក និងចិនហុងកុង កំពុងបាញ់ក្រសែភ្នែកពង្រីកការវិន…

លោក ត្រាំ ព្រមានក្រុមហ៊ុនលក់រាយ Walmart ដែលគ្រោងដំឡើងថ្លៃទំនិញតាមការដំឡើងពន្ធរបស់ខ្លួន

ក្រោយក្រុមហ៊ុនលក់ទំនិញរាយដ៏ល្បីល្បាញរបស់សហរដ្ឋអាម៉េរិក Walmart គ្រោងដំឡើងថ្លៃទំនិញនានារាប់ចាប់តាំងពីចេករហូតដល់ប្រដាប់ប្រដាក្មេងលេង លោក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ