វិបត្តិស្បៀងអាហារពិភពលោក

IMF៖ សង្គ្រាមអ៊ុយក្រែនបង្កវិបត្តិស្បៀងអាហារពិភពលោកដ៏អាក្រក់បំផុតចាប់តាំងពីឆ្នាំ២០០៨មក


មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ការរំខានដោយសារសង្គ្រាមអ៊ុយក្រែន ចំពោះលំហូរគ្រាប់ធញ្ញជាតិ និងជីកសិកម្ម បានជំរុញឱ្យមានវិបត្តិសន្តិសុខស្បៀងដ៏អាក្រក់បំផុត បើគិតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៧-២០០៨មក ដោយឥឡូវនេះមនុស្សប្រហែល ៣៤៥លាននាក់កំពុងប្រឈមនឹងការខ្វះខាតស្បៀង ដែលអាចឈានដល់ការគំរាមកំហែងដល់អាយុជីវិតមនុស្ស។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
IMF ថាសង្គ្រាមអ៊ុយក្រែនបង្កវិបត្តិស្បៀងអាហារពិភពលោកដ៏អាក្រក់បំផុត!

ឯកសារស្រាវជ្រាវថ្មីមួយរបស់មូលនិធិ IMF បង្ហាញថា មានប្រទេសចំនួន៤៨ ដែលប្រឈមមុខនឹងការខ្វះខាតស្បៀងខ្លាំងបំផុត ពិសេសគឺប្រឈមមុខនឹងកំណើនចំណាយលើការនាំចូល ដែលសរុបចំនួន ៩ពាន់លានដុល្លារក្នុងឆ្នាំ២០២២ និង២០២៣ ដោយសារការកើនឡើងភ្លាមៗនៃតម្លៃអាហារ និងជីកសិកម្ម ដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។

ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយនេះបានបន្តទៀតថា កត្តានេះនឹងទៅប៉ះពាល់ទុនបម្រុងអន្តរជាតិរបស់ប្រទេសជាច្រើន ធ្វើឱ្យមានភាពផុយស្រួយ ដែលតម្រូវឱ្យពួកគេត្រូវចំណាយលើការនាំចូលច្រើនជាងមុនទៀត បន្ទាប់ពីកើតមានជំងឺរាតត្បាតដ៏អាក្រក់។

លោកស្រី Kristalina Georgieva ប្រធានមូលនិធិ IMF និយាយនៅក្នុងសារTwitterមួយថា គ្រាន់តែនៅឆ្នាំនេះ IMF ប៉ាន់ប្រមាណថា បណ្តាប្រទេសដែលប្រឈមមុខនឹងបញ្ហាខ្លាំង ត្រូវការប្រាក់៧ពាន់លានដុល្លារដើម្បីជួយដោះស្រាយបញ្ហារបស់គ្រួសារក្រីក្របំផុត។ បន្ថែមពីលើវិបត្តិស្បៀងអាហារដែលកើតឡើងពីឆ្នាំ២០១៨ ដោយសារភាពញឹកះញាប់ពេកនៃគ្រោះធម្មជាតិ សង្គ្រាមនៅអ៊ុយក្រែនបានមកដាក់បន្ទុកមួយកំរិតទៀតលើសន្តិសុខស្បៀងសកល។

ជាដំណោះស្រាយ មូលនិធិ IMF បានអំពាវនាវឱ្យមានការបង្កើនជំនួយមនុស្សធម៌ឱ្យបានឆាប់រហ័សតាមរយៈកម្មវិធីស្បៀងអាហារពិភពលោក និងអង្គការដទៃទៀត ក៏ដូចជាវិធានការនានានៅក្នុងប្រទេសដែលរងផលប៉ះពាល់ផ្ទាល់ ដើម្បីជួយដល់ជនក្រីក្រ និងជនងាយរងគ្រោះ។

មូលនិធិរូបិយវត្ថុអន្តរជាតិ ក៏បានអំពាវនាវកុំឱ្យប្រទេសអ្នកផលិត បិទខ្ទប់ការនាំចេញស្បៀងអាហារ និងវិធានការការពារផ្សេងទៀតទៀតនៅពេលនេះ។ ការស្រាវជ្រាវរបស់IMFបង្ហាញថា វិធានការបិទខ្ទប់និងរឹតត្បិតពីប្រទេសអ្នកផលិត ដំណាងឱ្យ ៩% នៃការកើនឡើងតម្លៃស្រូវសាលីពិភពលោក។

សូមជម្រាបថា អ៊ុយក្រែនស្ថិតក្នុងចំណោមអ្នកនាំចេញគ្រាប់ធញ្ញជាតិកំពូលទាំងប្រាំ មុនពេលផ្ទុះសង្រ្គាម ដែលស្មើនឹង ១៥% នៃការនាំចេញពោត និង១២% នៃការនាំចេញស្រូវសាលីរបស់ពិភពលោក។ ទោះយ៉ាងណា ការបើកឱ្យនាំចេញពីកំពង់ផែសមុទ្រខ្មៅក្រោមកិច្ចព្រមព្រៀងជាមួយរុស្ស៊ីបានបន្ធូរបន្ថយការខ្វះខាតមួយផ្នែកដែរ ខណៈជម្លោះដែលអូសបន្លាយនឹងឈានទៅ កាត់បន្ថយផលិតកម្មដំណាំរបស់អ៊ុយក្រែននាពេលអនាគត៕




អត្ថបទបន្ទាប់


តម្លៃផ្ទះថ្មីនៅខែកញ្ញាក្នុងប្រទេសចិនបានធ្លាក់ចុះរយៈពេល ៣ ខែជាប់ៗគ្នា

ព័ត៌មាន
តាមការស្ទង់មតិមួយបានបង្ហាញថា តម្លៃផ្ទះថ្មីនៅក្នុងប្រទេសចិនបានធ្លាក់ចុះរយៈពេល ៣ ខែជាប់ៗគ្នា បើគិតត្រឹមខែកញ្ញាដោយសារពលរដ្ឋធ្វើពហិការ មិនព្រម…

លោក ស៊ី ជីនពីង ប្រាប់បក្សកុម្មុយនិស្តចិនឲ្យត្រៀមប្រឈមមុខនឹងឧបសគ្គនៅពេលខាងមុខ

ព័ត៌មាន
នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ទី០១ខែតុលា ត្រូវនឹងថ្ងៃទិវាជាតិរបស់ប្រទេសចិន លោកស៊ី ជីនពីងប្រធានាធិបតី បានអំពាវនាវឱ្យសមាជិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ