វិស័យដឹកជញ្ជូន

លោក ដូណាល់ ត្រាំ ជំរុញឱ្យប៉ាណាម៉ា និងអេហ្ស៊ីប កុំយកថ្លៃសេវាពីកប៉ាល់ដឹកទំនិញ និងនាវាយោធាអាម៉េរិក សម្រាប់ការបើកឆ្លងកាត់ព្រែកជីកប៉ាណាម៉ា និងព្រែកជីកស៊ុយអេ


ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៦ ខែមេសា បានលើកឡើងចំៗទៅកាន់ប្រទេសប៉ាណាម៉ា និងអេហ្ស៊ីប កុំឱ្យយកថ្លៃសេវាពីកប៉ាល់ដឹកទំនិញ និងនាវាយោធាអាម៉េរិក សម្រាប់ការបើកបរឆ្លងកាត់ព្រែកជីកប៉ាណាម៉ា និងព្រែកជីកស៊ុយអេ ហើយបានបញ្ជាឱ្យរដ្ឋមន្ត្រីការបរទេសរបស់លោកចាត់វិធានការលើរឿងនេះភ្លាមៗ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
វិស័យដឹកជញ្ជូន
ដោយ

ក្នុងពេលប៉ុន្មានខែមកនេះ លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យសហរដ្ឋអាម៉េរិក យកព្រែកជីកប៉ាណាម៉ា (Panama Canal) នៃប្រទេសប៉ាណាម៉ា មកគ្រប់គ្រងឡើងវិញ ប៉ុន្តែក្រោយមក លោកបានប្ដូរចិត្ត ដោយងាកទៅផ្ដោតលើព្រែកជីកស៊ុយអេ (Suez Canal) នៃប្រទេសអេហ្ស៊ីប ​ជំនួសវិញ។

លោកបានសរសេរបង្ហោះលើគណនីបណ្ដាញទំនាក់ទំនងសង្គម Truth Social របស់លោកថា នាវាអាម៉េរិក មិនថា នាវាយោធា ឬ កប៉ាល់ដឹកទំនិញគួរតែត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់ព្រែកជីកប៉ាណាម៉ា និងព្រែកជីកស៊ុយអេ ដោយមិនចាំបាច់បង់ថ្លៃសេវា។

ប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាម៉េរិក រូបនេះ បានអះអាងថា ព្រែកជីកទាំងពីរនេះ មិនអាចលេចចេញជារូបរាងដូចសព្វថ្ងៃបានឡើយ ប្រសិនបើគ្មានសហរដ្ឋអាម៉េរិក ទេនោះ ហើយថា លោកបានបញ្ជាឱ្យរដ្ឋមន្ត្រីការបរទេសរបស់លោក គឺលោក ម៉ាកូ រូប៊ីអូ (Marco Rubio) ចាត់វិធានការលើកិច្ចការនេះភ្លាមៗ។

ជាការឆ្លើយតប ប្រធានាធិបតីប៉ាណាម៉ា លោក រ៉ូសេ រ៉ាអ៊ុល មូលីណូ (Jose Raul Mulino) កាលពីថ្ងៃទី ២៦មេសា បាននិយាយដោយមិនសំដៅចំឈ្មោះលោក ដូណាល់ ត្រាំ ថា ថ្លៃសេវាសម្រាប់ការបើកបរឆ្លងកាត់ព្រែកជីកប៉ាណាម៉ា ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរព្រែកជីកប៉ាណាម៉ា (ACP) ជាស្ថាប័នគ្រប់គ្រងស្វយ័តដែលត្រួតពិនិត្យផ្លូវពាណិជ្ជកម្មនេះ ហើយថា គ្មានកិច្ចព្រមព្រៀងណាមួយដែលផ្ទុយពីនេះឡើយ។

រដ្ឋមន្ត្រីការពារជាតិ អាម៉េរិក លោក ភីត ហេកសេត (Pete Hegseth) បានថ្លែងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសប៉ាណាម៉ា កាលពីដើមខែនេះថា សហរដ្ឋអាម៉េរិក កំពុងស្វែងរកកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឱ្យនាវាចម្បាំងរបស់សហរដ្ឋអាម៉េរិក អាចឆ្លងកាត់ព្រែកជីកប៉ាណាម៉ា ដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា សហរដ្ឋអាម៉េរិក និងមហាយក្សចិន គឺជាអ្នកប្រើប្រាស់ព្រែកជីកប៉ាណាម៉ា ច្រើនជាងប្រទេសណាៗទាំងអស់។

ព្រែកជី ប៉ាណាម៉ា ជាផ្លូវទឹកដ៏សំខាន់មួយ ក្នុងការដឹកជញ្ជូនទំនិញ ដោយកាលពីឆ្នាំមុន ព្រែកជីកនេះ រកបានប្រាក់ចំណូលប្រហែលជិត៥ពាន់លានដុល្លារ។

ដោយឡែក ព្រែកជីក ស៊ុយអេ របស់ប្រទេសអេហ្ស៊ីបវិញ ជាផ្លូវទឹកដ៏សំខាន់តភ្ជាប់អឺរ៉ុប និងអាស៊ី មានចំណែកប្រហែល ១០% នៃពាណិជ្ជកម្មដែនសមុទ្រពិភពលោក មុនពេលការវាយប្រហារដោយក្រុមឧទ្ទាម Houthi របស់យេម៉ែន លើផ្លូវដឹកជញ្ជូនក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden ។

បន្ទាប់ពីមានការវាយប្រហារនេះ អេហ្ស៊ីប បានអះអាងថា ប្រាក់ចំណូលដែលបានពីព្រែកជីកស៊ុយអេ បានធ្លាក់ចុះ ៦០% ពោលគឺខាតបង់អស់ប្រហែល ៧ពាន់លានដុល្លារ កាលពីឆ្នាំ២០២៤។

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូនៅថៃ ស្នើឱ្យរាជរដ្ឋាភិបាលជួយអន្តរាគមន៍បន្ទាន់ លើវិបត្តិបណ្ណបំណុលអចលនទ្រព្យជិត ៨ពាន់លានដុល្លារ

ដោយសារតែរងគ្រោះនឹងសម្ពាធនៃពន្ធបដិការរបស់សហដ្ឋអាម៉េរិក និង ផលប៉ះពាល់ដោយគ្រោះរញ្ជួយដីថ្មីៗនេះផង បានជំរុញឱ្យបណ្តាក្រុមហ៊ុនដែលកំពុងតែអភិវឌ្…

លោក ដូណាល់ ត្រាំ ដាក់ការសង្ស័យថា លោកពូទីន ចង់បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន មែនទែនហើយ!

នៅក្រោយពេលមួយថ្ងៃ នៃជំនួបទល់មុខគ្នាតែពីរនាក់ ជាមួយនឹងលោក ប្រធានាធិបតី អ៊ុយក្រែន ហ្សេឡិនស្គី ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ