ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានដាក់ទណ្ឌកម្មពន្ធគយយ៉ាងចាស់ដៃលើប្រទេសទាំងឡាយណាដែលលោកចាត់ទុកថា កំពុងព្យាយាមកេងចំណេញពីស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីតុលាការកំពូលបានចេញសាលក្រមទាត់ចោលការកំណត់ពន្ធបដិការរបស់លោក ដែលធ្លាប់បានជួយឱ្យរដ្ឋបាលអាម៉េរិកក្រោមការដឹកនាំរបស់លោក បច្ចុប្បន្នប្រមូលចំណូលបានជាង១៣៣ ពាន់លានដុល្លារកាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។
លោក ត្រាំ បានអះអាងថា ទោះបីជាមានការរារាំងពីតុលាការកំពូល ក៏លោកនៅតែមានក្បាច់ស្នៀតគៀបសង្កត់តាមរយៈច្បាប់សេដ្ឋកិច្ចគ្រាអាសន្ន ដើម្បីដាក់ចេញនូវកម្រិតពន្ធថ្មី។ តាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួន លោកបានសរសេររិះគន់ចំៗថា ប្រទេសណាដែលចង់យកសាលក្រមតុលាការកំពូលមកធ្វើជាល្បែងសង្គ្រាមពន្ធ ប្រទេសនោះនឹងត្រូវប្រឈមមុខនឹងការកំណត់ពន្ធខ្ពស់បំផុត ដែលអាក្រក់ជាងអ្វី ដែលពួកគេធ្លាប់ជួបប្រទះនាពេលកន្លងមកទៅទៀត។
គួររំលឹកថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ចៅក្រមតុលាការកំពូលទាំង៩រូបបានបើកការពិភាក្សាដេញដោលយ៉ាងក្តៅគគុកដោយក្នុងនោះមានសំឡេង៦ទល់នឹង៣ បានសម្រេចថា ការកំណត់ពន្ធរបស់លោក ត្រាំ គឺជាការប្រើប្រាស់សិទ្ធិអំណាចលើសពីច្បាប់កំណត់ក្នុងការទាញយកអំណាចសេដ្ឋកិច្ចមកដាក់សម្ពាធលើប្រទេសដទៃ។
ឆ្លើយតបនឹងការសម្រេចនេះ លោក ត្រាំ បានបកស្រាយតបវិញថា ក្នុងនាមជាប្រធានាធិបតី លោកមិនចាំបាច់ត្រឡប់ទៅសុំការអនុម័តពីសភានោះទេ ហើយថា ការសម្រេចរបស់តុលាការ បានក្លាយជាកម្លាំងរុញច្រានឱ្យលោកប្រើប្រាស់សិទ្ធិស្របច្បាប់ដ៏គួរឱ្យភ័យខ្លាចរបស់ខ្លួនលើប្រទេសណាក៏បាន។
បច្ចុប្បន្នរដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងស្ថិតក្នុងស្ថានភាពតានតឹងក្នុងការដោះស្រាយបញ្ហាចំណូលពន្ធដែលបាត់បង់។ ភ្លាមៗបន្ទាប់ពីមានបញ្ហានេះ លោកបានប្រកាសដំឡើងពន្ធ១០% លើទំនិញនាំចូល ប៉ុន្តែមិនទាន់បាន២៤ម៉ោងផង លោកក៏បានសម្រេចដំឡើងរហូតដល់១៥%។ ចំណាត់ការដ៏រហ័ស និងក្តៅគគុកនេះបានធ្វើឱ្យបណ្តាប្រទេសនៅតំបន់អឺរ៉ុប ចេញមកប្រតិកម្មយ៉ាងខ្លាំង ខណៈដែលប្រទេសដទៃទៀតនៅជុំវិញពិភពលោកកំពុងតាមដានមើលល្បែងសង្រ្គាមពន្ធដារនេះយ៉ាងយកចិត្តទុកដាក់បំផុត៕
ដោយៈ សរ សុជាតិ