សេដ្ឋកិច្ចប្រទេសចិន

មូលដ្ឋានគ្រឹះរបស់ចិនដើម្បីសម្រេចមហិច្ឆតាក្លាយជាមហាអំណាចសេដ្ឋកិច្ចធំជាងគេបំផុតក្នុងពិភពលោក


កាលពីមុនប្រទេសចិន បានចាត់ទុក វិស័យអចលនទ្រព្យ និង ហេដ្ឋារចនាសម្ព័ន្ធ ជាវិស័យដែលសំខាន់ជាងគេក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ក៏ប៉ុន្តែតែនៅពេលនេះ មូលដ្ឋានគ្រឹះដ៏រឹងមាំពិតប្រាកដ ដែលអាចជំរុញច្រានកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ឲ្យក្លាយជាមហាអំណាចសេដ្ឋកិច្ចធំជាងគេនៅលើសកលលោកបាននោះ ឥឡូវនេះ គឺមិនអាចពឹងផ្អែកលើវិស័យទាំងពីរនេះ បានទៀតហើយ។
រោងចក្រឧស្សាហកម្មមួយនៅក្នុងប្រទេសចិន
ដោយ

តើ​វិស័យ​អ្វី​ដែល​ចិន​ផ្តោត​ការ​យកចិត្តទុកដាក់​បំផុត​ពេល​នេះ? វិស័យ ដែល​មហា​យក្ស​ចិន កំពុង​ផ្តោត​គោលដៅ​ជា​សំខាន់​ក្នុង​ផែនការអភិវឌ្ឍន៍​ប្រទេស​នោះ គឺ​វិស័យ​ផលិតកម្ម​។ តើ​ចិន​ពិតជា​អាច​ជំរុញ​វិស័យ​ផលិតកម្ម ដើម្បី​ឈាន​ទៅ​ដណ្ដើម​បាន​តំណែង​មហាអំណាច​សេដ្ឋកិច្ច​លេខ​១​ពី​អា​មេ​រិ​កបាន​ដែរ ឬទេ?

វិស័យ​ផលិតកម្ម នឹង​ដើរតួ​ជា ក្បាលម៉ាស៊ីន​ដ៏​សំខាន់​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិចិន ដែល​វា​នឹង​ក្លាយជា មូលដ្ឋាន​គ្រឹះ​ថ្មី​មួយ បញ្ជាក់​ពី សមត្ថភាព​របស់​ចិន ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​អា​មេ​រិ​ក ដណ្តើម​តំណែង​សេដ្ឋកិច្ច​ធំ​ជាងគេ​បំផុត​នៅ​លើ​សកលលោក​។ នេះ​បើ​តាម​អ្វី​ដែល​បាន​បញ្ជាក់​នៅ​ក្នុង សារព័ត៌មាន The South China Morning Post ។

បើ​ទោះបីជា មានការ​ប្រកួតប្រជែង​កាន់តែ​ច្រើន​ឡើង​រវាង ប្រទេស​អភិវឌ្ឍន៍ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ប៉ុន្ដែ ប្រទេស​ចិន នៅ​តែ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ជំរុញ​វិស័យ​ផលិតកម្ម​ឡើង​វិញ និង​ចាប់ផ្តើម​ចាកចេញ​ពី វិស័យ​ជំរុញ​សេដ្ឋកិច្ច​ចាស់​ៗ ដូច​ជា វិស័យ​អចលនទ្រព្យ និង​ហេដ្ឋារចនាសម្ព័ន្ធ​។

លោក កៅ កៅ អគ្គលេខាធិការ​រង នៃ គណៈកម្មការ​អភិវឌ្ឍន៍ និង កំណែទម្រង់​ជាតិចិន បាន​លើក​ឡើង​ថា ជា​ការ​ពិត​ណាស់ ប្រទេស​ចិន នៅ​ដើរ​ពីក្រោយ ប្រទេស​ជប៉ុន និង​អា​ល្លឺ​ម៉​ង់ ដែល​សុទ្ធតែ​ជា​កំពូល​ប្រទេស​ផលិតកម្ម​ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប​។

ទោះ​យ៉ាងណា នៅ​ក្នុង​ផែនការអភិវឌ្ឍន៍​ប្រទេស​ចិន ៥​ឆ្នាំ ជំនាន់​ទី ១៤ របស់​ប្រទេស​ចិន នឹង​ចាប់ផ្តើម​ដំឡើង​ប្រាក់​ឈ្នួល​នៅ​ក្នុង​វិស័យ​ផលិតកម្ម ចាប់ផ្តើម​បង្កើត​ឧស្សាហកម្ម​ផលិតកម្ម​ថ្មី​ៗ និង រួម​បញ្ចូល​គ្នា​រវាង​ផលិតកម្ម និង សេវាកម្ម ដែល​ទាំង​អស់នេះ នឹង​ធ្វើ​ឲ្យ វិស័យ​ផលិតកម្ម កាន់តែ​ទាក់ទាញ​ចំពោះ​ប្រជាពលរដ្ឋ​ចិន ដែល​កំពុង​ស្វែងរក​ការងារ​។

សូម​រម្លឹក​កន្លែង​នេះ​បន្តិច កាលពីដើម​ខែកញ្ញា ឆ្នាំ ២០២១​នេះ  ក្រុមប្រឹក្សារដ្ឋ​ចិន ក៏​បាន​ប្រកាស​ពី​គោលបំណង​ក្នុង​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ធន ដើម្បី​បណ្តុះបណ្តាល​ប្រជាពលរដ្ឋ ៧៥​លាន​នាក់ ឲ្យ​ក្លាយជា បុគ្គលិក​ជំនាញ ដោយសារ​តែ រចនាសម្ព័ន្ធ​ប្រជាសាស្ត្រ បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​ធ្លាក់​ចុះ នៃ ចំនួន​ប្រជាពលរដ្ឋ​ដែល​អាច​បំពេញការងារ​បាន​។

ប្រទេស​ចិន ក៏​ធ្លាប់​បាន​លើក​ឡើង​ដែរ​ថា នៅ​ពេល​ដែល​ផែនការអភិវឌ្ឍន៍​ប្រទេស ៥ ឆ្នាំ ២០២១-២០២៥ បញ្ចប់​ទៅ ប្រទេស​ចិន អាច​នឹង​ក្លាយជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់ ហើយ​វា​នឹង​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​ចិន រីក​លូតលាស់​ទ្វេ​ដង នៅ​ឆ្នាំ ២០៣៥ ជា​ពេលវេលា​ដែល​ចិន អាច​វ៉ា​ដាច់​អា​មេ​រិ​ក ក្លាយជា សេដ្ឋកិច្ច​ធំ​ជាងគេ​បង្អស់​នៅ​ក្នុង​ពិភពលោក​។

បើ​តាម សារព័ត៌មាន​អន្តរជាតិ Bloomberg Economics បាន​ព្យាករ​កាលពី​ខែកក្កដា ឆ្នាំ​២០២១​កន្លង​មកនេះ​ថា ប្រទេស​ចិន អាច​នឹង​ចំណាយពេល​ប្រមាណ ១០​ឆ្នាំ​ទៀត ដើម្បី វ៉ា​ដាច់ អា​មេ​រិ​ក ឈរ​លើ​កំពូល​តារាង​សេដ្ឋកិច្ច​លេខ​១​លើ​លោក នៅ​ត្រឹម​ឆ្នាំ ២០៣១​ខាង​មុខ​។

គួរ​ជម្រាប​ដែរ​ថា គណៈកម្មការ​អភិវឌ្ឍន៍ និង​កំណែទម្រង់​ជាតិចិន ក៏​ធ្លាប់​បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​កាលពី​ខែមិថុនា ឆ្នាំ​នេះ​ដែរ​ថា ការ​អភិវឌ្ឍន៍​វិស័យ​ផលិតកម្ម​របស់​ចិន​ប្រកបដោយ​គុណភាព​ខ្ពស់ គឺ​ពិតជា​សំខាន់​ណាស់ សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ប្រកបដោយ​គុណភាព ស្រប​តាម​គោលដៅ​យុទ្ធសាស្ត្រ​ក្លាយជា ប្រទេស​សង្គមនិយម​ទំនើប​។

សូម​បញ្ជាក់​ថា បើ​តាម​តួលេខ​ពី​ធនាគារពិភពលោក​បាន​ប៉ាន់​ប្រមាណ​ថា ទំហំ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​ប្រទេស​ចិន​នៅ​ឆ្នាំ​២០២០ មាន​ប្រមាណ​ជិត​១៥​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ដែល​សហរដ្ឋអាមេរិក​វិញ មាន​ជិត​២១​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក​៕

អត្ថបទដោយ​៖ វណ្ណ វុ​ឌ្ឍ​វិវឌ្ឍន៍ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដំណាំលម៉ើក្រហមមានទីផ្សារមិនចាញ់លម៉ើលឿងទេ! ប៉ុន្ដែ មិនសូវមានអ្នកដាំ

ព័ត៌មាន
ដំណាំលម៉ើ កំពុងមានទីផ្សារគួរឲ្យកត់សម្គាល់ ខណៈដែលការដាំដុះដំណាំនេះ នៅមិនទាន់មានការដាំដុះទ្រង់ទ្រាយធំនៅឡើយទេ។ ជាមួយគ្នានេះ ក្រៅតែពី ព…

ថៃគ្រោងនឹងទិញវ៉ាក់សាំងដូសជំរុញ២០០លានដូស ខណៈរដ្ឋាភិបាលរំពឹងបើកប្រទេសឡើងវិញនៅដើមឆ្នាំក្រោយ

ព័ត៌មាន
វិទ្យាស្ថានវ៉ាក់សាំងជាតិ និងក្រសួងសុខាភិបាលថៃ មានគម្រោងទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ យ៉ាងតិច ២០០លានដូសនៅឆ្នាំក្រោយសម្រាប់ចាក់ជូនពល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ