
បើតាមការវិភាគរបស់ការិយាល័យថវិកាសភា ច្បាប់ពន្ធថ្មីដែលសភាទើបអនុម័តតាមការស្នើសុំរបស់រដ្ឋបាលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ អាចនឹងធ្វើឲ្យពលរដ្ឋក្រីក្រខាតបង់ថវិកាប្រមាណ១ពាន់៦រយដុល្លារ ប៉ុន្តែសម្រាប់អ្នកមានចំណូលខ្ពស់វិញអាចរកប្រាក់ចំណូលបន្ថែមជាមធ្យមដល់ទៅ១ម៉ឺន២ពាន់ដុល្លារក្នុង១ឆ្នាំ។ ពលរដ្ឋមានប្រាក់ចំណូលទាបអាចខាតបង់ ក៏ដោយច្បាប់ថ្មីនេះបានកាត់បន្ថយការឧបត្ថម្ភលើសេវាកម្មផ្សេងៗតាមរយៈកម្មវិធីសុវត្ថិភាពសង្គម កម្មវិធីជំនួយផ្នែកវេជ្ជសាស្រ្ត និងកម្មវិធីជំនួយស្បៀងអាហារសម្រាប់អ្នកដែលមានប្រាក់ចំណូលទាប។
ក្រៅពីកាត់បន្ថយកម្មវិធីឧបត្ថម្ភដល់ពលរដ្ឋដែលមានប្រាក់ចំណូលទាបហើយនោះ ច្បាប់ថ្មីខាងលើក៏បានបន្ថែមម៉ោងឲ្យពួកគេធ្វើការរហូតដល់៨០ម៉ោងក្នុងមួយខែ សម្រាប់អ្នកធ្វើការនៅក្នុងវិស័យអប់រំ និងសេវាកម្មផ្សេងៗ ហើយក៏អាចបន្ថែមបន្ទុកពន្ធលើប្រាក់កម្ចី រួមទាំងកម្ចីរថយន្តផងដែរ។
ឆ្លើយតបនឹងការរិះគន់ខាងលើ លោក ស្កុត បេសសេន (Scott Bessent) រដ្ឋមន្រ្តីក្រសួងរតនាគារ និងសមាជិកគណបក្សសាធារណរដ្ឋផ្សេងទៀត បានព្យាយាមបកស្រាយថា សហរដ្ឋអាម៉េរិក អាចឆ្ពោះទៅរកគ្រោះមហន្តរាយសេដ្ឋកិច្ច ប្រសិនបើច្បាប់ពន្ធនេះមិនត្រូវបានអនុម័ត។ ហើយពួកគេបានអះអាងថា អ្វីដែលរដ្ឋបាលលោក ត្រាំ បានដាក់ចេញនេះ គឺជាកិច្ចខិតខំប្រឹងប្រែងក្នុងគោលបំណង ដើម្បីកាត់បន្ថយឱនភាពសេដ្ឋកិច្ច ដែលមានទំហំប្រមាណ២,៨ទ្រីលានដុល្លារ ដែលជាប្រភពដែលនាំឲ្យមានកំណើន អត្រាអតិផរណា និងកាត់បន្ថយអំណាចទិញរបស់ពលរដ្ឋអាម៉េរិក៕
ដោយៈ សរ សុជាតិ