បញ្ហាដក EBA

សមាគមចំនួន៣ អំពាវនាវជាថ្មីទៀតឲ្យសភាអឺរ៉ុប​ពិចារណា​ឡើងវិញ លើកពេលដក EBA ពីកម្ពុជា


បើមិនមានអ្វីប្រែប្រួលទេនៅសល់តែប្រមាណ ៤០ថ្ងៃទៀត ប៉ុណ្ណោះ សហភាពអឺរ៉ុបនឹងចាប់ផ្ដើមអនុវត្តដក ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ស្របពេលបញ្ហាកូវីដ-១៩ កំពុងវាយប្រហារយ៉ាងដំណំមកលើវិស័យកាត់ដេរកម្ពុជា ដោយមានរោងចក្រប្រមាណ ៤០០ រោងចក្របានព្យួរប្រតិបត្តិការ។ ដោយមើលឃើញពី សមាគមចំនួន ៣ ដែលតំណាងឲ្យវិស័យឯកជន បានចេញអំពាវនាវជាថ្មីទៀតឲ្យសហភាពអឺរ៉ុប ពិចារណាពន្យារពេលក្នុងការអនុវត្តដក EBA ពីកម្ពុជា។
ក្រោម​កម្មវិធី​អនុគ្រោះពន្ធ EBA កម្ពុជា​នាំ​ចេញ​សម្លៀក​បំពាក់​កាត់ដេរ និង​ស្បែកជើង​ទៅ​អឺរ៉ុប​មួយឆ្នាំ​ៗ ជាច្រើនពាន់លានដុល្លារ។
ដោយ

ក្រោមហេតុផលថា​វិស័យ​កាត់ដេរ​កម្ពុជា កំពុង​រងផលប៉ះពាល់ធ្ងន់ធ្ងរ​ព្រោះតែកូវីដ-១៩ សមាគមរោងចក្រ​កាត់ដេរ​នៅកម្ពុជា រួមជាមួយនឹង​សមាគម​ស្បែកជើង​កម្ពុជា និងសភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំកម្ពុជា​កាលពីថ្ងៃទី ៣០ ខែមិថុនា បាន​រួមគ្នា​អំពាវនាវ​ជាថ្មី​ម្ដងទៀត ទៅកាន់​សហភាព​អឺរ៉ុប​ ឲ្យ​ពិចារណា​ឡើងវិញ​ដើម្បី​​ពន្យារពេល​ចំពោះការចាប់ផ្តើម​អនុវត្ត​ទៅលើការ​ដកប្រព័ន្ធ​អុនគ្រោះពន្ធ EBA ពី​កម្ពុជា។

រអំពាវ​នាវនោះ គឺ ស្នើ​ឲ្យ​សភាអឺរ៉ុប​ពិចារណាឡើងវិញ ​ពន្យារពេល​១២ខែ​​ ​ក្នុងការ​ចាប់ផ្ដើម​អនុវត្ត​ការដក​ប្រព័ន្ធអនុ​គ្រោះពន្ធ EBA ពីកម្ពុជា​ ខណៈដែល​តាមផែនការ​របស់​សហភាព​អឺរ៉ុប​នឹង​ចាប់ផ្ដើម​អនុវត្ត​ដក​ EBA នេះ នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២០នេះ។

យោងតាម​ខ្លឹមសារ​នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់សមាគមរោងចក្រកាត់ដេរ, សមាគមស្បែកជើង និង​សភាពាណិជ្ជកម្ម​អឹរ៉ុប​ប្រចាំ​កម្ពុជា ដែលបាន​ឆ្លើយតប​ទៅកាន់ លោក Bernd Lange ប្រធាន​គណៈកម្មាធិការ​ពាណិជ្ជកម្ម​អន្តរជាតិ​ នៃសភា​អឺរ៉ុប​បានឱ្យដឹងថា ចាប់តាំងពីការ​ចាប់ផ្តើម​រាតត្បាត​នៃមេរោគ​កូវីដ-១៩ មក មានរោងចក្រ​​​ប្រមាណ ៤០០រោងចក្រ​ហើយ នៅក្នុងវិស័យកាត់ដេរ​សម្លៀកបំពាក់ ស្បែក​ជើង និងផលិតផល​សម្រាប់​ការធ្វើដំណើរ​​ត្រូវផ្អាក​ប្រតិបត្តិការ​ ហើយមានរោងចក្រ​ភាគ​ច្រើន​ផ្សេងទៀត​ក៏បាន​កាត់បន្ថយ​ផលិតកម្មរបស់ខ្លួន​ផងដែរ។ ក្នុងនោះ មាន​កម្មករនិយោជិត​ប្រហែល​១៥ម៉ឺននាក់ ភាគច្រើន​ជាស្ត្រី គឺបាន​បាត់បង់​ការងារធ្វើ។

ចំនួន​អ្នកបាត់បង់ការងារនេះ អាចនឹងកើនឡើង​ថែមទៀត នៅក្នុង​សប្ដាហ៍​បន្តបន្ទាប់នេះ ដោយសារតែ​ក្រុមហ៊ុន​ម៉ាក និង​អ្នកលក់រាយ​ជាច្រើន នៅអឺរ៉ុប និងអាមេរិក​ខាងជើង បាន​លុបចោល​ ឬពន្យារ​ការបញ្ជាទិញ ដោយសារតែ​ការលក់​របស់គេ​នៅអឺរ៉ុប មានការធ្លាក់​ចុះ ព្រោះតែ​បញ្ហា​រីករាលដាល​នៃមេរោគឆ្លង។ ផ្អែកលើ​ហេតុផល​ទាំងនេះ គេមើលឃើញថា ពលរដ្ឋ​កម្ពុជា​រាប់លាននាក់​អាចនឹង​ត្រូវធ្លាក់ចូល​ទៅក្នុង​ភាពក្រីក្រ​ឡើងវិញ ព្រោះតែ​វិបត្តិនេះ។

លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរកម្ពុជា បានបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍ថា «យើង​បាន​ស្នើ​ទៅកាន់​សភា​អឺរ៉ុប ឲ្យ​ពិចារណា​ម្ដងទៀតថា នៅពេលដែល​គណៈកម្មការ​​អឺរ៉ុប​​បាន​សម្រេចចិត្ត នៅក្នុង​ខែ​កុម្ភៈ​ថា​នឹងដក​ប្រព័ន្ធ អនុគ្រោះពន្ធ EBA ពីកម្ពុជានោះ គឺនៅគ្រានោះ គេមិនទាន់​បានដឹងថា នឹងមាន​ផលប៉ះពាល់​នៃការរីក​រាល​ដាល​នៃកូវីដ-១៩ កើតឡើង​នៅឡើយទេ។ ដូច្នេះ យើងស្នើ​ឲ្យ​សភាពអឺរ៉ុប​ យកពេលវេលាសមគួរ​​ពិចារណា​លើ​ផលប៉ះពាល់​ដែលមាន​នាពេល​ឥឡូវនេះ។»

លោក Ben Kao អគ្គលេខាធិការ​សមាគម​ស្បែកជើង​កម្ពុជា បាន​ឲ្យដឹងដែរថា តាមរយៈ​ប្រព័ន្ធ​អនុគ្រោះពន្ធ​ EBA សហភាពអឺរ៉ុប គឺជា​ទីផ្សារ​ធំបំផុត​សម្រាប់​ផលិតផល​ស្បែកជើង​កម្ពុជា។ លោកបន្ថែមថា «រោងចក្រ​ និង​កម្មករ​របស់យើង បាន​រងការប៉ះពាល់​ធំធេងណាស់​ពីបញ្ហា​មេរោគ​រាតត្បាតនេះ ហើយ​មានរោងចក្រ​ជាច្រើន​ព្យាយាម​រក្សាដង្ហើមរស់​រងចាំ​តម្រូវការ ដែល​សង្ឃឹមថា នឹង​មានឡើងវិញ​នៅ​ក្នុង​ឆ្នាំ២០២០នេះ។ លោក Ben Kao គូសបញ្ជាក់ថា ផលប៉ះពាល់ទី២ ដោយសារតែ​ការដក EBA នេះ អាចនឹងធ្វើឲ្យ​រោងចក្រ​ភាគច្រើន នឹងមិនអាច​បន្តនិរន្តរភាព​បានឡើយ។ 

ដូច្នេះ ខាងតំណាងរោងចក្រ និងក្រុមហ៊ុនឯកជន ​ទទូចស្នើឲ្យ​សភាអឺរ៉ុប​​ធ្វើការ​ពិចារណា​ឡើងវិញ ក្នុងការ​ពន្យារពេល​អនុវត្ត​ការដក EBA ពីកម្ពុជានេះ។

លោក Arnaud Darc ប្រធាន​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំកម្ពុជា បាន​លើកឡើងដែរថា «ក្នុងនាម​សហភាព​អឺរ៉ុប​ជាដៃគូពាណិជ្ជកម្ម​ដ៏ធំបំផុត​របស់​កម្ពុជា យើងសង្ឃឹមយ៉ាងមុតមាំថា គណៈកម្មការអឺរ៉ុប នឹង​ពិចារណាឡើងវិញ ទៅលើការ​សម្រេចចិត្តនេះ»។ លោក​ Arnaud ជឿជាក់ថា ការនៅតែបន្ដ​អនុវត្ត​ដក EBA ដូច​កាលដែល​បានកំណត់​ដោយអឺរ៉ុបនោះ នឹងដើរបញ្ជ្រាស​​ការផ្លាស់ប្ដូរ​សេដ្ឋកិច្ច​សង្គម​កម្ពុជា នឹង​ធ្វើ​ឲ្យ​មានការប៉ះពាល់​ដ៏អាក្រក់ ទៅលើ​ការងាររបស់ពលរដ្ឋ​កម្ពុជា រាប់ម៉ឺននាក់ផងដែរ៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃបើកឲ្យអ្នកដំណើរ១១ ប្រភេទ ចូលប្រទេសខ្លួន ចាប់ពីថ្ងៃទី ០១ ខែកក្កដានេះតទៅ!

ព័ត៌មាន
នៅទីបំផុត រាជរដ្ឋាភិបាលថៃ បានសម្រេចបន្ធូរបន្ថយការរឹតបន្ដឹងលើការធ្វើដំណើរចូលក្នុងប្រទេសខ្លួនជាបណ្ដើរៗហើយ ដោយក្នុងនោះ មានអ្នកដំណើរចំនួន ...

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អឺរ៉ុប-វៀតណាម នឹងចូលជាធរមាន​នៅថ្ងៃទី ០១ ខែសីហា

ព័ត៌មាន
នៅថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២០ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាម នឹងចូលជាធរមានហើយ ដោយកិច្ចព្រមព្រៀងនេះនឹងមានការលើកលែងពន្ធ សម្រា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ