ទីផ្សារប្រេង

ល្បែងចិត្តសាស្ត្ររបស់លោក ត្រាំ ជុំវិញសង្គ្រាមនៅអ៊ីរ៉ង់ កំពុងក្រឡុកទីផ្សារប្រេងឆៅឱ្យក្រឡាប់ចាក់


តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកកំពុងស្ថិតក្នុងស្ថានភាពប្រែប្រួលខ្លាំងទៅតាមឥទ្ធិពល នៃល្បែងចិត្តសាស្ត្ររវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ពាក់ព័ន្ធសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។ បន្ទាប់ពីបានស្រកចុះបន្តិចក្រោយការប្រកាសរបស់លោក ដូណាល់ ត្រាំ អំពីលទ្ធភាព នៃកិច្ចចរចា តម្លៃប្រេងបានចាប់ផ្តើមហក់ឡើងវិញភ្លាមៗក្រោយទីក្រុងតេអេរ៉ង់ចេញមុខបដិសេធ និងចាត់ទុកព័ត៌មាន ដែលលើកឡើងរបស់លោក ត្រាំ ជុំវិញបញ្ហាការចរចារវាងអាម៉េរិក និងអ៊ីរ៉ង់ថា ជារឿងប្រឌិត។
ទីផ្សារប្រេង
ដោយ

​​យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានងើបឡើងវិញនៅក្នុងការជួញដូរនៅថ្ងៃទី ២៤ ខែមីនា។ ការកើនឡើងនេះកើតមានឡើងបន្ទាប់ពីមានការភ័យខ្លាចជាថ្មី ក្រោយអ៊ីរ៉ង់បានបដិសេធយ៉ាងដាច់អហង្ការថា គ្មានការចរចាណាមួយជាមួយអាម៉េរិក ដើម្បីបញ្ចប់សង្គ្រាមនោះទេ ដែលវាផ្ទុយស្រឡះពីការអះអាងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។

ការចេញមកបដិសេធនេះបានជំរុញឱ្យតម្លៃប្រេងឆៅនៅលើទីផ្សារអង់គ្លេស ហក់ឡើង១,១%ភ្លាមៗឈានដល់១០១ ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅនៅលើទីផ្សារអាម៉េរិក បានកើនឡើង១,៨% ឈានដល់ជាង៨៩ដុល្លារក្នុងមួយបារ៉ែល។ កាលពីថ្ងៃទី២៣ ខែមីនា តម្លៃប្រេងឆៅបានធ្លាក់ចុះជាង១០% មកនៅក្រោម១០០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីលោក ត្រាំ ប្រកាសផ្អាកការវាយប្រហារលើអ៊ីរ៉ង់ រយៈពេល៥ថ្ងៃ ដើម្បីទុកឱកាសឱ្យមានការចរចា។

លោក ទីម វ័តធឺរឺ (Tim Waterer) ប្រធានអ្នកវិភាគនៅក្រុមហ៊ុន KCM Trade បានលើកឡើងថា ការប្រកាសផ្អាកការវាយប្រហារចំនួន៥ថ្ងៃរបស់លោក ត្រាំ គឺជាកត្តាចម្បង ដែលធ្វើឱ្យតម្លៃប្រេងស្រុតចុះកាលពីថ្ងៃចន្ទ។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគយល់ឃើញថា តម្លៃប្រេងបច្ចុប្បន្នពិបាកព្យាករបំផុត ដរាបណាស្ថានភាពសង្គ្រាមមិនទាន់មានភាពច្បាស់លាស់ ហើយច្រកសមុទ្រហ័រម៉ូសនៅតែស្ថិតក្នុងស្ថានភាពផុយស្រួយ តម្លៃប្រេងនឹងពិបាកធ្លាក់ចុះមកត្រឹមចន្លោះ៨៥ទៅ៩០ដុល្លារក្នុង១បារ៉ែលណាស់។

ក្រុមអ្នកជំនាញបានព្រមានថា ប្រសិនបើស្ថានការណ៍សង្គ្រាមនៅមជ្ឈិមបូព៌ាមិនមានភាពប្រសើរឡើង ហើយច្រកសមុទ្រហ័រម៉ូស នៅតែបន្តរងការគំរាមកំហែងរហូតដល់ខែមេសា នោះតម្លៃប្រេងឆៅអាចនឹងហក់ឡើងដល់១៥០ដុល្លារក្នុងមួយបារ៉ែលជាក់ជាមិនខាន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


រដ្ឋាភិបាលនូវែលសេឡង់ផ្តល់ប្រាក់ដល់គ្រួសារមានចំណូលទាបដើម្បីជួយសម្រាលការចំណាយក្នុងអំឡុងពេលប្រេងកំពុងហក់ឡើងថ្លៃ

រដ្ឋាភិបាលនូវែលសេឡង់បានប្រកាសដាក់ចេញវិធានការបន្ទាន់មួយ ដោយផ្តល់ប្រាក់ឧបត្ថម្ភប្រចាំសប្តាហ៍ដល់ពលរដ្ឋប្រមាណ១៥ម៉ឺនគ្រួសារ ដើម្បីជួយសម្រាលបន្ទុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ