Evergrande

Evergrande និងមេធំរបស់ក្រុមហ៊ុនអចលនទ្រព្យយក្សចិននេះ ត្រូវបានចោទប្រកាន់ពីបទបំប៉ោងតួលេខចំណូល៧៨ពាន់លានដុល្លារ


ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សរបស់ប្រទេសចិន Evergrande ដែលកំពុងជាប់ផុងក្នុងវិបត្តិបំណុលជាង៣០០ពាន់លានដុល្លារ និងលោក ហួយ ខា យ៉ាន (Hui Ka Yan) ដែលជាស្ថាបនិក និងជាអគ្គនាយករបស់ក្រុមហ៊ុននេះ ត្រូវបានចោទប្រកាន់ពីបទបំប៉ោងតួលេខប្រាក់ចំណូលរហូតដល់ទៅ៧៨ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល២ឆ្នាំ មុនក្រុមហ៊ុននេះផ្ទុះវិបត្តិខកខានទូទាត់សងបំណុលរបស់ខ្លួន ដែលបង្កការភ្ញាក់ផ្អើលទូទាំងវិស័យអចលនទ្រព្យក្នុងប្រទេសចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោក។
Evergrande
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ក្រុមហ៊ុន Evergrande និងលោក ហួយ ខា យ៉ាន (Hui Ka Yan) ដែលជាស្ថាបនិក និងជាអគ្គនាយករបស់ក្រុមហ៊ុននេះ ត្រូវបានចោទប្រកាន់ពីបទបំប៉ោងតួលេខប្រាក់ចំណូល៧៨ពាន់លានដុល្លារអាម៉េរិក ហើយជាលទ្ធផល និយ័តករទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសចិន បានពិន័យក្រុមហ៊ុនមានមូលដ្ឋាននៅចិនដីគោក ហឹងតា រៀល អ៊ីស្ទេត (Hengda Real Estate) ដែលជាបុត្រសម្ព័ន្ធរបស់ Evergrande ក្នុងទំហំទឹកប្រាក់ជាង៥៨៣លានដុល្លារអាម៉េរិក​។

ទន្ទឹមនេះ លោក ហួយ ខា យ៉ាន (Hui Ka Yan) ស្ថាបនិកក្រុមហ៊ុន Evergrande ដែលកំពុងជាប់ផុងក្នុងបំណុលរហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាម៉េរិក ក៏ប្រឈមមុខនឹងបម្រាមមួយជីវិតពីទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសចិនផងដែរ។ កាលពីខែមករា ដើមឆ្នាំ២០២៤ ក្រុមហ៊ុន Evergrande ត្រូវបានតុលាការក្រុងហុងកុង ចេញសាលដីការបង្គាប់ឱ្យរម្លាយចោល និងលក់ឡាយឡុងទ្រព្យសកម្មរបស់ខ្លួនដើម្បីទូទាត់សងបំណុល។

គណៈកម្មាធិការនិយ័តកម្មមូលបត្រចិន (CSRC) បានចោទប្រកាន់លោក ហួយ ខា យ៉ាន (Hui Ka Yan) ដែលធ្លាប់ជាកំពូលមហាសេដ្ឋីមានបំផុតប្រចាំប្រទេសចិន ថាបានណែនាំឱ្យបុគ្គលិកក្រោមឱវាទបំប៉ោងតួលេខប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ហឹងតា រៀល អ៊ីស្ទេត (Hengda Real Estate) ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០។

យោងតាមឯកសាររបស់ក្រុមហ៊ុននេះផ្ញើទៅកាន់ផ្សារហ៊ុនក្រុងស៊ិនជិន (Shenzhen) និងក្រុងសៀងហៃ បង្ហាញថា លោក ហួយ ខា យ៉ាន (Hui Ka Yan) ក៏ត្រូវបានពិន័យជាប្រាក់ចំនួន៦,៥លានដុល្លារអាម៉េរិកផងដែរ។ ទោះជាយ៉ាងណា ភ្លាមៗក្រុមហ៊ុន Evergrande មិនបានឆ្លើយនោះទេ ពេលសារព័ត៌មាន BBC ទាក់ទងទៅ ដើម្បីសុំឱ្យឆ្លើយបំភ្លឺជុំវិញរឿងនេះ។

កាលពីខែកញ្ញា ឆ្នាំ២០២៣ លោក ហួយ ខា យ៉ាន (Hui Ka Yan) ត្រូវបានដាក់ឱ្យស្ថិតក្រោមការឃ្លាំមើលរបស់ប៉ូលិស ខណៈដែលលោកត្រូវបានស៊ើបអង្កេតលើការសង្ស័យថា បានប្រព្រឹត្តអំពើខុសច្បាប់។ ការប្រកាសនេះធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីគណៈកម្មាធិការនិយ័តកម្មមូលបត្រចិន(CSRC) បានប្តេជ្ញាបង្ក្រាបការក្លែងបន្លំកឹបកេងមូលបត្រ និងការពារអ្នកវិនិយោគតូចៗស្លូតត្រង់ដែលគ្មានខ្នងបង្អែក៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមកំពុងចរចាលើកលែងទិដ្ឋាការទៅវិញទៅមកជាមួយប្រទេស១៥បន្ថែមទៀត

ព័ត៌មាន
ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ អាជ្ញាធរវៀតណាម កំពុងចរចាលើកលែងទិដ្ឋាការទៅវិញទៅមកជ…

សហភាពអឺរ៉ុបបន្ថយជំនួយមនុស្សធម៌នៅឆ្នាំនេះ ស្របពេលតម្រូវការជំនួយកំពុងកើនឡើង

ព័ត៌មាន
សហភាពអឺរ៉ុបគ្រោងនឹងកាត់បន្ថយជំនួយមនុស្សធម៌នៅឆ្នាំនេះ ដោយគ្រោងចំណាយជាង៨ពាន់លានដុល្លារប៉ុណ្ណោះ ពោលគឺតិចជាងឆ្នាំមុន បើទោះបីជាតម្រូវការជំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ