ពលរដ្ឋអាម៉េរិក

ការស្រាវជ្រាវមួយបង្ហាញថា ពន្ធគយរបស់លោក ត្រាំ អាចរុញច្រានពលរដ្ឋអាម៉េរិក ជិត១លាននាក់ឱ្យធ្លាក់ក្នុងភាពក្រីក្រ


របាយការណ៍ស្រាវជ្រាវមួយបានរកឃើញថា ការដំឡើងពន្ធគយរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បើទោះបីជួយកែប្រែពាណិជ្ជកម្មសកល និងបង្កើនចំណូលពន្ធគយរបស់អាម៉េរិក ក៏ពិតមែន ប៉ុន្តែវិធានការពន្ធដ៏ចម្រូងចម្រាសនេះ ក៏អាចរុញច្រានប្រជាជនអាម៉េរិក ជិត១លាននាក់ ឱ្យធ្លាក់ក្នុងអន្ទាក់ភាពក្រីក្រនៅឆ្នាំក្រោយផងដែរ។ គិតត្រឹមចុងឆ្នាំ២០២៤ សហរដ្ឋអាម៉េរិក មានពលរដ្ឋជិត៣៦លាននាក់ កំពុងរស់នៅក្នុងបន្ទាត់ភាពក្រីក្រ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។
ពលរដ្ឋអាម៉េរិក
ដោយ

ការវិភាគមួយដែលចេញផ្សាយដោយមន្ទីរពិសោធថវិកានៅសាកលវិទ្យាល័យយែល (Yale) នៅសហរដ្ឋអាម៉េរិក បានរកឃើញថា ការដំឡើងពន្ធរបស់លោក ត្រាំ ទំនងជានឹងបង្កើនចំនួនពលរដ្ឋអាម៉េរិក ជាង៨៧ម៉ឺននាក់បន្ថែមទៀតឱ្យធ្លាក់ក្នុងអន្ទាក់ភាពក្រីក្រនៅឆ្នាំ២០២៦ រួមទាំងកុមារជាង៣៧ម៉ឺននាក់ ផងដែរ។ ការវាយតម្លៃតួលេខនេះ ធ្វើឡើងដោយផ្អែកលើវិធានការភាពក្រីក្រ និងផ្អែកតាមប្រាក់ចំណូលមុនបង់ពន្ធ។

ការឡើងថ្លៃទំនិញដែលជំរុញដោយវិធានការពន្ធគយរបស់លោក ត្រាំ កំពុងជះផលប៉ះពាល់ដល់គ្រួសារ ដែលមានចំណូលទាបយ៉ាងសម្បើម។ គ្រួសារដែលមានទ្រព្យធនតិចជាធម្មតាបានចំណាយប្រាក់ឈ្នួលរបស់ពួកគេច្រើនជាងគ្រួសារ ដែលមានប្រាក់ចំណូលខ្ពស់លើការរស់នៅ ពោលគឺពួកគេងាយនឹងរងគ្រោះដោយសារការប្រែប្រួលតម្លៃទំនិញខ្លាំង។

លើសពីនេះក្រុមអ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា គ្រួសារមានចំណូលទាបច្រើនតែទិញផលិតផលនាំចូល ដែលប្រឈមនឹងការឡើងថ្លៃបណ្ដាលមកពីពន្ធគយច្រើនជាងគ្រួសារដែលមានចំណូលខ្ពស់។

មន្ទីរពិសោធថវិកានៅសាកលវិទ្យាល័យយែល បានប៉ាន់ប្រមាណថា ក្រោយការដំឡើងពន្ធគយរបស់លោក ត្រាំ អត្រាភាពក្រីក្រនឹងកើនឡើងដល់១០,៧% ពោលគឺកើនឡើងពីអត្រា១០,៤% ជាពេលមិនទាន់ដំឡើងពន្ធ។ បើតាមការិយាល័យជំរឿនសហរដ្ឋអាម៉េរិក សហរដ្ឋអាម៉េរិក មានមនុស្សជិត៣៦លាននាក់រស់នៅក្នុងភាពក្រីក្រគិតត្រឹមចុងឆ្នាំ២០២៤៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បានត្រៀមយ៉ាងណាខ្លះ ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការប្រើប្រាស់សាច់ប្រាក់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ?

ទោះបីបច្ចុប្បន្នការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក មានការរីកចម្រើនខ្លាំងយាងណាក៏ដោយ ប៉ុន្តែការប្រើប្រាស់ក្រដាសប្រាក់ ជាពិសេសប្រាក់រៀលនៅត…

ក្រុមបាតុករ "Gen Z" និងកងទ័ពកំពុងពិភាក្សាគ្នា ដើម្បីជម្រើសមេដឹកនាំបណ្តោះអាសន្ន

បាតុកម្មរយៈពេលខ្លីតែមានឥទ្ធិពលដ៏សម្បើមនៅប្រទេសនេប៉ាល់ កំពុងធ្វើឲ្យប្រទេសនៅតំបន់អាស៊ីខាងត្បូងគ្មានព្រំដែនជាប់សមុទ្រមួយនេះ ដើរថយក្រោយប្រមាណក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ