អាជ្ញាធរថៃ បង្កើនការគ្រប់គ្រងអាវុធ

អាជ្ញាធរថៃ រឹតបន្តឹងការគ្រប់គ្រងកាំភ្លើង ក្រោយផ្ទុះការបាញ់ប្រហារ នៅកណ្ដាលផ្សារទំនើប


ក្រុមមន្ត្រីថៃ បានអះអាងថា ខ្លួននឹងស្ដារឡើងវិញនូវទំនុកចិត្តនៅក្នុងវិស័យទេសចរណ៍ ដែលជាវិស័យដ៏សំខាន់សម្រាប់សេដ្ឋកិច្ចខ្លួន បន្ទាប់ពីមានករណីបាញ់ប្រហារនៅផ្សារទំនើបមួយនៅកណ្តាលទីក្រុងបាងកក ដែលបណ្តាលឱ្យជនបរទេសពីរនាក់ស្លាប់បាត់បង់ជីវិត។ អាជ្ញាធរថៃ រំពឹងថា តាមរយៈចំណាត់ការ និងវិធានការរបស់ខ្លួន វានឹងអាចស្តារទំនុកចិត្តរបស់ភ្ញៀវទេសចរបរទេសឡើងវិញ។
អាជ្ញាធរថៃ បង្កើនការគ្រប់គ្រងអាវុធ
ដោយ

អាជ្ញាធរថៃ បានប្រកាសដាក់ចេញផែនការស្តារទំនុកចិត្តឡើងវិញក្នុងវិស័យទេសចរណ៍ ដែលជាវិស័យដ៏សំខាន់សម្រាប់សេដ្ឋកិច្ចខ្លួន នៅមួយថ្ងៃបន្ទាប់ពីមានការបាញ់ប្រហារនៅផ្សារទំនើប ស្យ៉ាម ប៉ារ៉ាហ្គន(Siam Paragon)ដែលជាបេះដូងនៃមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ទីក្រុងបាងកក កាលពីថ្ងៃអង្គារ ដោយបានសម្លាប់ស្ត្រីពីរនាក់ ក្នុងនោះម្នាក់មកពីប្រទេសចិន និងម្នាក់ទៀតមកពីប្រទេសមីយ៉ាន់ម៉ា និង៥នាក់រងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

លោកស្រី ថាផានី គៀតផៃប៊ុន (Thapanee Kiatphaibool)ទេសាភិបាលនៃអាជ្ញាធរទេសចរណ៍ថៃបាននិយាយថា ទីភ្នាក់ងាររដ្ឋាភិបាលនានានឹងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីស្តារទំនុកចិត្តភ្ញៀវទេសចរឡើងវិញ

តាមរយៈការពង្រឹងសន្តិសុខលើគ្រប់វិស័យសម្រាប់ភ្ញៀវទេសចរថៃ និងបរទេស។ ជាមួយគ្នានេះលោក ស្រ៊ីថា ថាវេស៊ីន នាយករដ្ឋមន្ត្រីថៃបានសន្យាកាលពីថ្ងៃទី៣ ខែតុលា ថា ខ្លួននឹងអនុវត្តវិធានការធានាសុវត្ថិភាពខ្ពស់បំផុតសម្រាប់ភ្ញៀវទេសចរបរទេស បន្ទាប់ពីការបាញ់ប្រហារនោះ។

បន្ទាប់ពីការបាញ់ប្រហារនៅផ្សារទំនើប ស្យ៉ាម ប៉ារ៉ាហ្គន ដែលទើបបើកដំណើរការឡើងវិញ ក្រោយបិទ២៤ម៉ោង លោក ស្រ៊ីថា បានដាក់ជាសំណួរទៅលើអាជ្ញាធរទាក់ទងនឹងការគ្រប់គ្រងអាវុធនៅសង្គមថៃ។ ដើម្បីផ្តល់ទំនុកចិត្ត និងបង្ហាញពីស្មារតីទទួលខុសត្រូវរបស់ប្រទេស លោក ស្រ៊ីថា បានដឹកនាំក្រុមមន្រ្តីរបស់លោកចូលរួមពិធីគោរពវិញ្ញណក្ខន្ទនៅផ្សារទំនើបនោះ នឹងបានផ្ញើរសាររំលែកទុក្ខរបស់រដ្ឋាភិបាលដល់គ្រួសារនៃជនរងគ្រោះជាស្ត្រីពីរនាក់ ដែលម្នាក់ជាជនជាតិចិន និងម្នាក់មកពីប្រទេសមីយ៉ាន់ម៉ា។

លោក ស៊្រីថា មានទំនុកចិត្តយ៉ាងមុតមាំថា ផ្សារទំនើប ស្យ៉ាម ប៉ារ៉ាហ្គន និងមន្ត្រីរដ្ឋាភិបាលនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីកាត់បន្ថយការស្លាប់ និងការខូចខាតជាអប្បបរមា។ ក្រោយការបាញ់ប្រហារ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ ប៉ូលិសបានចោទប្រកាន់ជនសង្ស័យ ដែលមានអាយុ១៤ឆ្នាំម្នាក់ពីបទឃាតកម្មគិតទុកជាមុន ប៉ុនប៉ងមនុស្សឃាត កាន់និងបាញ់កាំភ្លើងនៅទីសាធារណៈ ព្រមទាំងកាន់កាប់អាវុធគ្មានច្បាប់អនុញ្ញាត។

លោកឧត្តមសេនីយទោ ណាការិន ស៊ូគុនតាវីត ( Nakarin Sukontawit) មន្រ្តីប៉ូលីសថៃមួយរូបបាននិយាយថា ថៃនឹងបង្កើនបទប្បញ្ញត្តិ និងច្បាប់ ដើម្បីគ្រប់គ្រងការប្រើប្រាស់អាវុធ។ មកដល់ពេលនេះតាមការប៉ាន់ប្រមាណមួយ ប្រទេសថៃមានកាំភ្លើងរហូតដល់១០លានដើម ដែលកំពុងចរាចរ ពោលគឺសម្រាប់ពលរដ្ឋប្រាំពីរនាក់ ថៃមានអ្នកមានកាំភ្លើងប្រើមួយដើម ដែលនេះជាអត្រាកាន់កាំភ្លើងខ្ពស់បំផុតមួយនៅក្នុងតំបន់។

ពាក់ព័ន្ធនឹងបញ្ហាអាវុធនៅថៃនេះ លោក គ្រីតសាណាផុង ភូត្រាគុល (Kritsanapong Phutrakul) ជាអតីតមន្រ្តីប៉ូលីស ហើយបច្ចុប្បន្នជាមន្រ្តីស្រាវជ្រាវមួយរូបបានលើកឡើងថា កាំភ្លើងនៅថៃជាច្រើនត្រូវបានគេរត់ពន្ធខាងក្រៅចូលមកក្នុងប្រទេស ហើយដាក់លក់តាមអ៊ីនធឺណិត។ អតីតមន្ត្រីប៉ូលិសជាន់ខ្ពស់រូបនេះបានចាត់ទុកការអនុញ្ញាតឱ្យមានការលក់កាំភ្លើងតាមអនឡាញ គឺជាប្រភពនៃបញ្ហា។

ក្រោយផ្ទុះករណីបាញ់ប្រហារភ្លាមៗ លោក អាចាយ៉ុន ក្រៃថុង ( Archayon Kraithong) អ្នកនាំពាក្យនៃអគ្គស្នងការនគរបាលជាតិថៃ បានអំពាវនាវដល់សាធារណជន កុំចែករំលែករូបភាព និងវីដេអូឃ្លីប ដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុហិង្សាពាក់ព័ន្ធនឹងអនីតិជន។ លោកក៏បានព្រមានអ្នកប្រើប្រាស់បណ្ដាញសង្គមអនឡាញកុំឱ្យចែករំលែករូបភាព ឬវីដេអូឃ្លីប ដែលទាក់ទងនឹងឧបទ្ទវហេតុនេះ រួមទាំងវីដេអូនៃព្រឹត្តិការណ៍ផ្ទាល់ ក៏ដូចជារូបភាពអ្នកស្លាប់ និងអ្នករបួសផងដែរ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើនរណានឹងក្លាយជាប្រធានសភាអាមេរិកជំនួសលោក ម៉ាកាធី ?

ព័ត៌មាន
ក្រោយការដកតំណែងប្រធានសភាអាមេរិករបស់លោក ម៉ាកាធី គួរឱ្យភ្ញាក់ផ្អើល និងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអាមេរិក កាលពីពេលថ្មីៗនេះបានធ្វើឱ្យកៅអី…

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសៀមរាប មានលទ្ធភាពផលិតទឹកស្អាត៩ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ

ព័ត៌មាន
តម្រូវការទឹកស្អាតសម្រាប់ប្រើប្រាស់របស់ប្រជាពលរដ្ឋ និងអ្នកទេសចរនៅក្នុងខេត្តទេសចរណ៍នៅប៉ុន្មានឆ្នាំចុងក្រោយមានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលទាម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ