ការធ្វើពាណិជ្ជកម្មរបស់ប្រទេសចិន កោះហុងកុង និងកូរ៉េខាងត្បូង ជាមួយទីផ្សារអន្តរជាតិ នៅមួយទសវត្សរ៍ចុងក្រោយបានធ្លាក់ចុះពី៩០% មកនៅត្រឹម៥០% ហើយការធ្លាក់ចុះដែលគួរឱ្យកត់សម្គាល់នោះ គឺបន្ទាប់ពីសហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ បានដាក់ពន្ធបដិការ និងបញ្ឆេះសង្គ្រាមជាមួយចិន។ នេះបើតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុន Wells Fargo Supply Chain Finance ដែលបានបន្ថែមថា ខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោកសម្រាប់រយៈពេលវែងកំពុងប្រឈមមុខនឹងការធ្វើពិពិធកម្មក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ ដាក់ចេញវិធានការពន្ធ។
លោក ជេរ៉េមី ចេនសេន (Jeremy Jansen) អ្នកជំនាញនៅក្នុងក្រុមហ៊ុន Wells Fargo Supply Chain Finance បានអះអាងថា នៅអំឡុងឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ការធ្វើពិពិធកម្មរបស់អ្នកផ្គត់ផ្គង់ចេញពីប្រទេសចិន បានកើនឡើងទ្វេដង។ លោកកត់សម្គាល់ឃើញថា ចាប់តាំងពីជម្លោះពាណិជ្ជកម្មរវាងអាម៉េរិក និងចិន បានកើតឡើងការធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់ចេញពីប្រទេសចិន ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកភាគខាងត្បូង និងខាងជើង បានកើនឡើងជាលំដាប់ ពោលគឺទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកភាគខាងជើង កើនឡើង៥០ % ខណៈទៅភាគខាងត្បូង កើនឡើង៥០%។
យោងតាមទិន្នន័យពីក្រុមហ៊ុនស៊ើបការណ៍សម្ងាត់មួយបានបង្ហាថា ការនាំចេញពីចិន ទៅកាន់សហរដ្ឋអាម៉េរិក បានធ្លាក់ចុះ២៦% តែនាំចេញរបស់ចិន ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកខាងត្បូង បានកើនឡើងគួរឱ្យកត់សម្គាល់ ពោលគឺទៅកាន់ឥណ្ឌូនេស៊ី កើនឡើងជាង២៩% វៀតណាមកើន ២៣% ឥណ្ឌា កើនជាង១៩% និងថៃ កើនជាង៤% ហើយប្រទេសទាំងនេះបានបង្កើនការនាំចេញទៅកាន់សហរដ្ឋអាម៉េរិក ប្រមាណ២៣%៕