ប៉ុន្តែប្រធានអង្គការសហប្រជាជាតិលោក Antonio Guterres បានព្រមានថា នេះមិនទាន់ជាជោគជ័យដុំកំភួនអ្វីឡើយ ពោលគឺនៅមានផ្លូវដ៏វែងឆ្ងាយទៀត ដែលភាគីទាំងអស់ត្រូវធ្វើការរួមគ្នា ពិសេសមិនមែនតែនៅលើបញ្ហានាំចេញស្បៀងនោះទេ ពោល គឺវានៅមានកិច្ចការច្រើនទៀត ទើបអាចមានកិច្ចចរចាសន្តិភាពដើម្បីបញ្ចប់សង្គ្រាមមួយនេះតែម្តង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
រដ្ឋមន្ត្រីការពារជាតិទួរគីលោក ហ៊ូលូស៊ី អាការ(Hulusi Akar) បាននិយាយថា កិច្ចព្រមព្រៀងដែលនឹងត្រូវចុះហត្ថលេខានៅសប្តាហ៍ក្រោយនេះរួមមាន ការត្រួតពិនិត្យរួមគ្នាមុនការដឹកជញ្ជូនទំនិញចេញពីកំពង់ផែ រួមទាំងការ ធានារបស់ទួគីលើសុវត្ថិភាពអំឡុងពេលដឹកជញ្ជូនស្បៀង និងគ្រាប់ធញ្ញជាតិតាមផ្លូវទឹកនៃសមុទ្រខ្មៅ។ បន្ថែមពីលើនេះ ប្រទេសទួរគីក៏នឹងបង្កើតមជ្ឈមណ្ឌលត្រួតពិនិត្យ និងសម្របសម្រួលជាមួយប្រទេសអ៊ុយក្រែន រុស្ស៊ី និងអង្គការសហប្រជាជាតិ សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិ និងស្បៀងអាហារដទៃទៀតរបស់អ៊ុយក្រែនផងដែរ។
ភាគីទួរគីហាក់បង្ហាញសុទិដ្ឋិនិយមខ្លាំងណាស់សម្រាប់ កិច្ចព្រមព្រៀងមួយនេះ ក៏ប៉ុន្តែសម្រាប់ប្រមុខដឹកនាំអង្គការសហប្រជាជាតិវិញ គឺលោក Guterres ហាក់មានការប្រយ័ត្នប្រយែងបន្តិច នៅពេលនិយាយជាមួយអ្នកកាសែត។ លោកបានប្រាប់អ្នកយកព័ត៌មានថា លោកសង្ឃឹមថានឹងអាចមានកិច្ចព្រមព្រៀងចុងក្រោយ នៅសប្តាហ៍ក្រោយនេះ។ លោក Guterres បន្ថែមដូច្នេះថា៖ «ខ្ញុំមានសុទិដ្ឋិនិយម ប៉ុន្តែវាមិនទាន់សម្រេចបានពេញលេញនៅឡើយទេ។»
ដោយឡែក ក្រៅតែពីកិច្ចព្រមព្រៀងនាំចេញស្បៀងរបស់អ៊ុយក្រែន នៅពេលត្រូវបានអ្នកសារព័ត៌មានចោទសួរថា តើការចរចាសន្តិភាពដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនបានវិវត្តដល់ណាហើយនោះ លោក Guterres ឆ្លើយថាទីក្រុងម៉ូស្គូ និងទីក្រុងកៀវ បានបង្ហាញសញ្ញាថាពួកគេអាចភ្ជាប់ការជជែកគ្នាឡើងវិញបាន ប៉ុន្តែសម្រាប់ការស្វែងរកសន្តិភាពនោះ គឺវានៅមានផ្លូវវែងឆ្ងាយណាស់។
គួររំឭកថា សង្គ្រាមនៅអ៊ុយក្រែនបានធ្វើឲ្យតម្លៃគ្រាប់ធញ្ញជាតិ ប្រេងឆា ឥន្ធនៈ និងជីកសិកម្មឡើងថ្លៃស្រឺតៗតែម្តង។ សង្គ្រាមដ៏ធំនៅតំបន់អឺរ៉ុបចាប់តាំងពីក្រោយសង្គ្រាមលោកលើកទី២មួយនេះ បានធ្វើឱ្យផ្លូវទឹកដឹកជញ្ជូនទំនិញ និងស្បៀងអាហារសំខាន់ៗត្រូវបានបិទ ក្នុងនោះរួមមានផ្លូវសមុទ្ររបស់រុស្ស៊ីក៏បានប៉ះពាល់ ការនាំចេញផងដែរ ដោយសារតែទណ្ឌកម្មរបស់លោកខាងលិច។ ក្រៅពីនោះកប៉ាល់រាប់សិបគ្រឿងបានជាប់គាំងនៅកំពុងផែសមុទ្រខ្មៅរបស់អ៊ុយក្រែន ដែលបានរាំងស្ទះដល់គ្រាប់ធញ្ញជាតិប្រហែល ២០លានតោន ក្នុងការដឹកជញ្ជូនចូលទៅទីផ្សារស្បៀងអាហារសកលលោក។
សូមជម្រាបថា អ៊ុយក្រែន និងរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ស្រូវសាលីដ៏សំខាន់នៅលើពិភពលោក ហើយរុស្ស៊ីក៏ជាអ្នកនាំចេញជីកសិកម្មដ៏ធំផងដែរ ខណៈដែលអ៊ុយក្រែនជាអ្នកផលិតដ៏សំខាន់នៃពោត និងប្រេងផ្កាឈូករ័ត្ន៕