សង្រ្គាមមជ្ឈិមបូព៌ា

ទួកគីរួមដៃជាមួយរុស្ស៊ី រិះគន់អ៊ីស្រាអែល និងទម្លាក់កំហុសលើលោកខាងលិច


ខណៈដែលសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតែបន្តតានតឹង មេដឹកនាំទួកគី លោក រីស៊ីប តាយីប អេដូហ្កាន បានអំពាវនាវក្នុងអំឡុងជំនួបដ៏ធំមួយ ជាមួយអ្នកគាំទ្រប៉ាឡេស្ទីនថា ហាម៉ាស គឺជាក្រុមរំដោះ និងថា អ៊ីស្រាអែល ជាប្រទេសឧក្រិដ្ឋកម្មសង្គ្រាម។ ការលើកឡើងធ្ងន់ៗបែបនេះរបស់ប្រធានាធិបតីទួកគី កើតឡើងចំពេល លោក ពូទីន ប្រធានាធិបតីរុស្ស៊ីបានទម្លាក់កំហុសទៅប្រទេសលោកខាងលិច ដែលបង្កឱ្យមានជម្លោះនៅមជ្ឈឹមបូព៌ា។
សង្រ្គាមមជ្ឈិមបូព៌ា
ដោយ

នៅក្នុងហ្វូងអ្នកមកគាំទ្រប៉ាឡេស្ទីនរាប់ពាន់នាក់ក្នុងទីក្រុង Istanbul ប្រទេសទួកគី ដែលរៀបចំឡើងដោយបក្សអភិរក្សកំពុងកាន់អំណាចសព្វថ្ងៃ លោក រីស៊ីប តាយីប អេដូហ្កាន ប្រធានាធិបតីទួកគី បានថ្លែងថា ហាម៉ាសមិនមែនជាអង្គការភេរវកម្មទេ គេគឺជាក្រុមរំដោះជាតិ និងប្រយុទ្ធ ដើម្បីការពារទឹកដី និងប្រជាជនប៉ាឡេស្ទីនរបស់គេពីការគ្រប់គ្រងដោយអ៊ីស្រាអែល។

គួររំលឹកថា ហាម៉ាស ត្រូវបានសហរដ្ឋអាម៉េរិក និងប្រទេសអ៊ឺរ៉ុប ចាត់ទុកជាអង្គការភារវកម្ម និងបានការវាយឆ្មក់ចូលអ៊ីស្រាអែល កាលពីថ្ងៃទី៧ តុលា និងបង្កឱ្យមានមនុស្សស្លាប់ភ្លាមៗជាង១,៤០០នាក់។

មែនទែនទៅ ការលើកឡើងរបស់លោក អេដូហ្កាន បែបនេះ មិនមែនជាលើកទីមួយទេ និងមិនមានអ្វីចម្លែកដែរ ព្រោះហាម៉ាសមានមនោគមវិទ្យាសាសនាអ៊ីស្លាមដូចទៅនឹងគណបក្សកាន់អំណាចបច្ចុប្បន្នរបស់ទួកគីដែរ។

ភ្លាមៗក្រោយការថ្លែងគាំទ្រហាម៉ាស និងចោទប្រកាន់អ៊ីស្រាអែលដូច្នោះ ក្រសួងការបរទេសអ៊ីស្រាអែលបានកោះហៅតំណាងការទូតរបស់ខ្លួនចេញពីប្រទេសនេះភ្លាមៗ និងថា អ៊ីស្រាអែលនឹងត្រូវវាយតម្លៃអំពីទំនាក់ទំនងជាមួយទួកគីសាជាថ្មី។

ស្របពេលជាមួយគ្នានេះ កាលពីថ្ងៃចន្ទ ថ្លែងតាមទូរទស្សន៍រដ្ឋរុស្ស៊ី ក្នុងជំនួបជាមួយក្រុមប្រឹក្សាសន្តិសុខជាតិ និងមន្ត្រីរដ្ឋាភិបាលផ្សេងទៀត លោក ពូទីន មេដឹកនាំរុស្ស៊ី បាននិយាយថា «ពួកមានអំណាចរបស់អាម៉េរិកគឺជាអ្នកនៅពីក្រោយការសម្លាប់ជនជាតិប៉ាឡេស្ទីនរាប់ពាន់នាក់នៅហ្កាហ្សា ហើយក៏ជាអ្នកនៅពីក្រោយជម្លោះនៅអ៊ុយក្រែន អាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ និងស៊ីរីដែរ។

លោកថា លោកខាងលិចតែងចង់ឱ្យមានភាពចលាចលជាប្រចាំនៅមជ្ឈិមបូព៌ា។ លោក ពូទីន ថា គន្លឹះដោះស្រាយជម្លោះនេះបានគឺមានតែមួយគត់ដោយបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យអធិបតេយ្យភាពមួយ»។

ទោះជាយ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃអង្គារ ក្រុមហាម៉ាសបាននិយាយថា ក្រុមសកម្មប្រយុទ្ធរបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សាបានបាញ់មីស៊ីលប្រឆាំងរថក្រោះទៅលើកងកម្លាំងឈ្លានពានរបស់អ៊ីស្រាអែលជាង១រយគ្រាប់។ យ៉ាងណាក៏ដោយ គេមិនទាន់អាចបញ្ជាក់ពីហេតុរាយការណ៍នេះបាននៅឡើយទេ ខណៈយោធាអ៊ីស្រាអែល ក៏មិនឆ្លើយតបដូចគ្នា។ យោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនឱ្យដឹងថា អ្នកស្លាប់នៅហ្កាហ្សាបានកើនឡើងជាង៨ពាន់នាក់ហើយ។

ទន្ទឹមគ្នានេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក នេតាន់យ៉ាហ៊ូ បាននិយាយថា អ៊ីស្រាអែលដល់ដំណាក់កាលនេះ គឺលែងបកក្រោយហើយពោលគឺនឹងមិនចរចារឱ្យមានបទឈប់បាញ់ ឬបញ្ឈប់សង្គ្រាមជាមួយពួកហាម៉ាសនោះទេ។

យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារលើគោលដៅក្រុមសកម្មប្រយុទ្ធហាម៉ាសជាង៦០០ ទីតាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះក្នុងតំបន់ហ្គាហ្សា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កិច្ចព្រមព្រៀង RCEP កំពុងក្លាយជាចលករដ៏សំខាន់ក្នុងការជួយជំរុញការនាំចេញរបស់កម្ពុជា

ព័ត៌មាន
ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) សម្រេចបានក្នុងទំហំទឹកប្រាក់ជិត២២ពាន់ល…

ជម្លោះនៅមជ្ឈិមបូព៌ាធ្វើឱ្យធនាគារពិភពលោកព្រមានពីការរង្គោះរង្គើទ្វេដងនៅក្នុងទីផ្សារទំនិញ

ព័ត៌មាន
ស្របពេលដែលជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស កំពុងតែបន្តអូសបន្លាយពេលនៅតំបន់មជ្ឈិមបូព៌ានោះ ធនាគារពិភពលោកបានព្រមានថា ជម្លោះន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ