គិតត្រឹមឆ្នាំ ២០២៣ ប្រទេសដែលមានការជួញដូរ Bitcoin លំដាប់កំពូល និងទទួលបានប្រាក់ចំណេញទាំង១០នៅលើពិភពលោក រួមមាន សហរដ្ឋអាម៉េរិក អង់គ្លេស វៀតណាម ចិន ឥណ្ឌូនេស៊ី ឥណ្ឌា រុស្ស៊ី កូរ៉េខាងត្បូង អាល្លឺម៉ង់ និង តួកគី។ ក្នុងនោះការជួញដូរ Bitcoin នៅវៀតណាម បានផ្តល់ប្រាក់ចំណេញសរុបជាង ១ពាន់ ១០០លានដុល្លារ ដែលធ្វើឱ្យប្រទេសក្បែរខាងកម្ពុជាមួយនេះ ជាប់លំដាប់ទី៣ ខណៈឥណ្ឌូនេស៊ី ស្ថិតក្នុងលំដាប់ទី៥ ក្រោយទទួលប្រាក់ចំណេញជាង ១ពាន់លានដុល្លារ។
សម្រាប់ប្រាក់ចំណេញពីការជួញដូរ Bitcoin នៅទីផ្សារអាម៉េរិក ត្រូវបានគេឱ្យដឹងថា មានទំហំជាង ៩ពាន់លានដុល្លារឯណោះ ហើយនៅអង់គ្លេស ទទួលបានប្រាក់ចំណេញលើសវៀតណាម ២១លានដុល្លារ ខណៈចិន ទទួលបានប្រាក់ចំណេញក្រោមវៀតណាម ៣លានដុល្លារ។ ជាមួយគ្នានេះ ប្រាក់ចំណេញពីការជួញដូរ Bitcoin នៅឥណ្ឌាមានទំហំជិត ១,១ពាន់លានដុល្លារ រីឯនៅរុស្ស៊ី និងកូរ៉េខាងត្បូងវិញ គឺក្រោមឥណ្ឌា ១លានដុល្លារ ខណៈដែលអាល្លឺម៉ង់និងតួកគី ទទួលបានប្រាក់ចំណេញជាង ៩០០លានដុល្លារ។
គួរបញ្ជាក់ថា ការជួញដូរ Bitcoin កាលពីឆ្នាំ២០២៣ ទទួលបានប្រាក់ចំណេញសរុប ៣៨ពាន់លានដុល្លារ ខណៈកាលពីឆ្នាំ២០២២ ការជួញដូរ Bitcoin ខាតបង់ជាង ១២៧ពាន់លានដុល្លារ ដោយសារមានវិបត្តិធនាគារ និងការដួលរលំធនាគារជួញដូរ Bitcoin ដ៏ធំមួយនៅអាម៉េរិក។ សម្រាប់ឆ្នាំ២០២៤ នេះ អ្នកវិភាគបានអះអាងថា ការជូញដូរ Bitcoin អាចនឹងបន្តទទួលស្ថានភាពវិជ្ជមានដូចឆ្នាំមុន ដោយគិតត្រឹមថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៤ នេះ តម្លៃនៃការជួញដូរ Bitcoin មកដល់ថ្ងៃនេះ មានជាង ៦ម៉ឺន៧ពាន់ដុល្លារក្នុង១ Bitcoin ពោលបានកើនឡើងដល់ទៅជាង ៦៥%ឯណោះ៕
ដោយៈ សរ សុជាតិ