Advertisement
ជំនួញ​កម្ពុជា-ថៃ សម្រាប់ខែមករា-កុម្ភៈ ឆ្នាំ​២០១៩

ជំនួញ​កម្ពុជា-ថៃ សម្រេច​បាន​​ជាង ៨៥០​លាន​ដុល្លារ ក្នុង​រយៈពេល ២​ខែ​ដើម​ឆ្នាំ​២០១៩


ទំហំ​ពាណិជ្ជកម្ម​រវាង​ កម្ពុជា​ និង​ ថៃ​ នៅក្នុង​រយៈពេល​ ២ខែ​ដំបូង​ ឆ្នាំ​ ២០១៩នេះ​ សម្រេច​បាន​ទឹកប្រាក់​សរុប​ប្រមាណ​ ៨៥០លាន​ដុល្លារ​អាមេរិក​។
ទង់​ជាតិ​កម្ពុជា-​ថៃ។ រូបភាព៖ http://asianitinerary.com
ដោយ
Advertisement

ចំនួន​ទឹកប្រាក់​នេះ​ បាន​ធ្វើ​ឱ្យ​កម្ពុជា​ ឈរ​នៅ​លំដាប់​ទី​ ៤ ក្នុងចំណោម​បណ្តា​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម​តាម​ព្រំដែន​។ នេះ​បើ​តាម​របាយការណ៍​ពី​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​។

ជាមួយគ្នា​នេះ​ដែរ​ នៅក្នុង​រយៈពេល​ ២ខែ​ដំបូង​ ដើមឆ្នាំ​ ២០១៩នេះ​ ទំហំ​ពាណិជ្ជកម្ម​ថៃ​ជាមួយ​បណ្តា​ប្រទេស​ជាប់​ព្រំដែន​ គឺ​មាន​ប្រមាណ​ជាង​ ៦.៣​ ពាន់​លាន​ដុល្លារ​អាមេរិក​ កើនឡើង​តិច​បំផុត​ត្រឹមតែ​ ០.៩២ភាគរយ​ប៉ុណ្ណោះ​។នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ លោក​ អាន​ដុល​ ឆូ​ទី​ នី​សា​ខន​ ប្រធាន​នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស​ថៃ​ ដែល​បាន​ប្រាប់​សារព័ត៌មាន​ថៃ​ នៅ​ថ្ងៃទី​ ២៧​ ខែ​ មីនា​ ឆ្នាំ​ ២០១៩​។

ក្នុង​នោះ​ ប្រទេស​ម៉ាឡេស៊ី​ ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាង​គេ​បំផុត​របស់​ថៃ​ ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប​ ២.៨ពាន់​លាន​ដុល្លារ​អាមេរិក​ ខណៈ​ដែល​ ប្រទេស​ឡាវ​មាន​ជិត​ ១ពាន់​លាន​ដុល្លារ​អាមេរិក​ មីយ៉ាន់ម៉ា​ មាន​ជាង​ ៩៨០លាន​ដុល្លារ​អាមេរិក​ ហើយ​កម្ពុជា​ ឈរ​លំដាប់​ទី​ ៤ មាន​ជាង​ ៨៥០លាន​ដុល្លារ​អាមេរិក​។

សូម​បញ្ជាក់​ដែរ​ថា​ បើ​យោង​តាម​របាយការណ៍​ពាណិជ្ជកម្ម​ពី​ ស្ថានទូត​ថៃ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ បានឱ្យ​ដឹង​ថា​ កាលពី​ឆ្នាំ​ ២០១៨កន្លងទៅ​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ និង​ថៃ​ បាន​កើនឡើង​រហូតដល់​ជាង​ ៨ពាន់​ ៣រយ​លាន​ដុល្លារ​អាមេរិក​ ដែល​ក្នុង​នោះ​ ផលិតផល​ដែល​កម្ពុជា​ នាំចេញ​ភាគច្រើន​ជា​ ពោត​ ដំឡូងមី​ ជាដើម​ ខណៈ​ដែល​ប្រទេស​ថៃ​ នាំចូល​ មក​កម្ពុជា​វិញ​ រួមមាន​ ឧបករណ៍​អេឡិចត្រូនិក​ ប្រេងឥន្ធនៈ​ គ្រឿងសម្អាង​ សម្ភារៈសំណង់​ជាដើម​ ហើយ​វា​ជា​សញ្ញា​វិជ្ជមាន​មួយ​ សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​ប្រទេស​ទាំងពីរ​ ខណៈ​ដែល​ប្រមុខ​រដ្ឋាភិបាល​ គ្រោង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ ឱ្យ​បាន​ដល់​ ១៥ពាន់​លាន​ដុល្លារ​អាមេរិក​ នៅ​ឆ្នាំ​ ២០២០​។

លើស​ពីនេះ​ ភាគី​ទាំងពីរ​ បាន​ឯកភាព​បង្កើត​ក្រុមការងារ​ចម្រុះ​ ដែល​បាន​ពិភាក្សា​អំពី​ កិច្ច​សហប្រតិបត្តិ​ការ​ជាច្រើន​រួមមាន​ កិច្ច​សហប្រតិបត្តិ​ការសម្រួល​ពាណិជ្ជកម្ម​ កិច្ច​សហប្រតិបត្តិ​ការ​បើក​ច្រកព្រំដែន​ កិច្ច​សហប្រតិបត្តិ​ការ​វិស័យ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ជាដើម​។

Advertisement

បើ​យោង​តាម​របាយការណ៍​ពី​ធនាគារជាតិនៃកម្ពុជា​ បាន​បង្ហាញថា​ នៅ​ឆ្នាំ​ ២០១៨នេះ​ ការនាំចេញ​របស់​កម្ពុជា​ សម្រេច​បាន​ជាង​ ១៣ពាន់​ ៥រយ​លាន​ដុល្លារ​អាមេរិក​ ខណៈ​ការនាំចូល​វិញ​ គឺ​មាន​ប្រមាណ​ជាង​ ១៨ពាន់​ ៧រយ​លាន​ដុល្លារ​អាមេរិក​ ដែល​សរ​បញ្ជាក់​ឱ្យ​ឃើញថា​ ឱនភាព​ពាណិជ្ជកម្ម​ ឬការនាំចូល​របស់​កម្ពុជា​មាន​លើស​ការនាំចេញ​ រហូតដល់​ជាង​ ៥ពាន់​ ២០០លាន​ដុល្លារ​អាមេរិក​។

ក្នុង​នោះ​ កម្ពុជា​ បាន​នាំចេញ​ផលិត​ភាគច្រើន​បំផុត​ គឺ​សម្លៀកបំពាក់​ និង​ស្បែកជើង​ ដែល​មានតម្លៃ​ជា​ទឹកប្រាក់​ប្រមាណ​ ១០ពាន់​លាន​ដុល្លារ​អាមេរិក​ ផលិតផល​កសិកម្ម​មាន​ប្រមាណ​ ៦៣០លាន​ដុល្លារ​អាមេរិក​ និង​ផលិត​ផល​ផ្សេង​ៗទៀត​ មាន​ជិត​ ៣ពាន់​លាន​ដុល្លារ​អាមេរិក​។

ដោយឡែក​ ក្នុងចំណោម​ការនាំចូល​ជាង​ ១៨ពាន់​លាន​ដុល្លារ​អាមេរិក​វិញ​ កម្ពុជា​បាន​នាំចូល​ភាគច្រើន​ គឺជា​វត្ថុធាតុដើម​សម្រាប់​វិស័យ​កាត់ដេរ​ ប្រេងឥន្ធនៈ​ សម្ភារ​សំណង់​ យាន​យន្ដ​ អាហារ​ និង​ភេសជ្ជៈ​ និង​ផលិត​ផល​ផ្សេង​ៗទៀត​។

របាយការណ៍​ដដែល​ បានឱ្យ​ដឹង​ទៀត​ថា​ សហភាព​អឺរ៉ុប​នៅតែ​ជា​មាន​ចំណែក​ទីផ្សារ​ធំ​សម្រាប់​ការនាំចេញ​របស់​កម្ពុជា​ ពោល​គឺ​មាន​ ២៩​% នៃ​ចំណែក​ទីផ្សារ​នាំចេញ​សរុប​ ខណៈ​អាមេរិក​មាន២៤​% អង់គ្លេស​មាន​ ៩% និង​ជប៉ុន​ មាន៨​%។ រី​ឯប្រទេស​ដែល​នាំចូល​មក​កម្ពុជា​ ឃើញថា​ ចិន​ឈរ​លំដាប់​មុខ​គេ​មាន​ជិត​ ៣០​% នៃ​ការនាំចូល​សរុប​ ថៃ​ មាន​ជាង​ ១៥​% វៀតណាម​មាន​ជិត​ ១២​% និង​ជប៉ុន​មាន​ ៤%៕




អត្ថបទបន្ទាប់


វៀតណាម​នឹង​ឈប់​នាំចូល​'អេតចាយ​'ផ្លា​ស្ទិ​ក ពី​កម្ពុជា​ ចាប់ពី​ឆ្នាំ២០២៥ទៅ​!

ព័ត៌មាន
រដ្ឋាភិបាល​វៀតណាម​បាន​ប្រកាស​បញ្ឈប់​ការនាំចូល​សំណល់​អេ​តចាយ​ផ្លា​ស្ទិ​ក ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​ក្បែរ​ខាង​ ដូចជា​ កម្ពុជា​ ឡាវ​ ...

គ្រឹះស្ថានធនាគារ និង មីក្រូហិរញ្ញវត្ថុ បញ្ចេញសាច់ប្រាក់រៀលលើសផែនការក្នុងទីផ្សារ

ព័ត៌មាន
គ្រឹះស្ថានធនាគារ និង មីក្រូហិរញ្ញវត្ថុនៅកម្ពុជាភាគច្រើនបានបង្ហាញពីកំណើននៃការ បញ្ចេញសាច់ប្រាក់រៀលនៅក្នុងទីផ្សារមានការកើនឡើងលើសផែនការដែល...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ