សភាសិង្ហបុរី បានអនុម័តសេចក្ដីព្រាងច្បាប់ថ្មីមួយ ស្ដីពី ការប្រឆាំងការលាងលុយកខ្វក់ និងបញ្ហាសំខាន់ ៗផ្សេងទៀត ដែលត្រូវបានតាក់តែងឡើងក្នុងគោលបំណងរឹតបន្តឹងលក្ខខណ្ឌតម្រូវសម្រាប់ក្រុមហ៊ុនប្រតិបត្តិករកាស៊ីណូ ជាពិសេសទាក់ទិននឹងប្រតិបត្តិការផ្ទេរប្រាក់។
ច្បាប់ថ្មីនេះតម្រូវឱ្យស្ថាប័នរដ្ឋដែលមានសមត្ថកិច្ចត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ចំពោះប្រតិបត្តិការផ្ទេរប្រាក់កាស៊ីណូ ឬការដាក់ប្រាក់បញ្ញើចាប់ពី៣ពាន់ដុល្លារអាម៉េរិកឡើងទៅ ខណៈកាលពីមុនច្បាប់តម្រូវឱ្យត្រួតពិនិត្យប្រតិបត្តិការផ្ទេរប្រាក់កាស៊ីណូចាប់ពី៧.៥៥០ដុល្លារអាម៉េរិកឡើងទៅ និងប្រាក់បញ្ញើចាប់ពី៣.៧៧៥ដុល្លារអាម៉េរិកឡើងទៅ។
លោកស្រី ចូសេហ្វីន តេវ (Josephine Teo) អនុរដ្ឋមន្ត្រីមហាផ្ទៃ និងជារដ្ឋមន្ត្រីទទួលបន្ទុកអភិវឌ្ឍន៍ឌីជីថល និងព័ត៌មានរបស់សិង្ហបុរី បានថ្លែងនៅចំពោះមុខសភាថា ប៉ូលិសអន្តរជាតិអាំងទ័រប៉ូល (Interpol) បានប៉ាន់ប្រមាណថា ក្នុងមួយឆ្នាំៗ មានលុយកខ្វក់ដែលមានប្រភពខុសច្បាប់ចន្លោះពី២ទៅ៣ទ្រីលានដុល្លារអាម៉េរិក ត្រូវបានលាងតាមរយៈប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។
លោកស្រី ចូសេហ្វីន តេវ (Josephine Teo) បានសង្កត់ធ្ងន់ថា ប្រទេសសិង្ហបុរី ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុថ្នាក់តំបន់ដ៏សំខាន់មួយ ប្ដេជ្ញារក្សាភាពស្អាតស្អំនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួន និងបន្តទប់ស្កាត់ និងបង្ក្រាបក្រុមលាងលុយកខ្វក់មិនឱ្យគេចផុតពីសំណាញ់ច្បាប់នោះឡើយ៕
ដោយ: តែម សុខុម