យោងតាមព្រះរាជក្រឹត្យដដែលនេះ ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈឥស្សរជន និងបុគ្គលមានស្នាដៃ ជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជាសរុបទាំង ៣៦៣រូបនោះ គឺំមានឋានៈស្មើចាប់ អគ្គនាយក រហូតដល់ឧបនាយករដ្ឋមន្ត្រី។
ក្នុងនោះ អ្នកឧកញ៉ា សៀ ឫទ្ធី ត្រូវបានព្រះមហាក្សត្រតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើរដ្ឋមន្ត្រី ដោយពុំទទួលប្រាក់ប្រាក់បំណាច់លើមុខងារនោះឡើយ។
អ្នកឧកញ៉ា សៀ ឫទ្ធី គឺជាម្ចាស់គម្រោងអភិវឌ្ឍន៍ផ្ទះតម្លៃសមរម្យដំបូងគេនៅកម្ពុជា Worldbridge Homes បុរី ទីក្រុង រណប សិរី មង្គល និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលប្រ៊ីដ គ្រុប។ អ្នកឧកញ៉ា ត្រូវបានមហាជនទូទៅស្គាល់ថា គឺជាអ្នកជំនួញដ៏មានទេពកោសល្យមួយរូបនៅកម្ពុជា។ ផ្ដើមចេញពីបុគ្គលិកបម្រើការនៅក្នុងវិស័យដឹកជញ្ជូន បច្ចុប្បន្ន អ្នកឧកញ៉ា មានក្រុមហ៊ុនជាង៣០ វិនិយោគលើពហុវិស័យនៅកម្ពុជា ពិសេសក្នុងវិស័យអចលនទ្រព្យ, ធនាគារ និងហិរញ្ញវត្ថុ និងវិស័យដឹកជញ្ជូន និងភស្ដុភារកម្មជាដើម។
អ្នកឧកញ៉ា សៀ ឫទ្ធី បច្ចុប្បន្ន ក៏មានតួនាទីជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា និងជាអនុប្រធានសមាគមឧកញ៉ាកម្ពុជាផងដែរ។
អ្នកឧកញ៉ា សៀ ឫទ្ធី ក៏ត្រូវបានគេស្គាល់ថា ជាវិនិយោគិនមួយរូប ដែលមានភាពប៉ិនប្រសប់នៅក្នុងការកៀរគរវិនិយោគិនអន្តរជាតិឲ្យមកវិនិយោគនៅកម្ពុជា ដោយកន្លងមក តាមរយៈកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មានខេមបូណូមីស អ្នកឧកញ៉ា ធ្លាប់លើកឡើងក្នុងន័យប្រៀបធៀបទាក់ទងនឹងទាក់ទាញការវិនិយោគពីក្រៅប្រទេសនេះថា ««ខ្ញុំមិនព្យាយាមផឹកទឹកអណ្តូងខ្លួនឯងទេ បើសិនជាយើងនាំគ្នាផឹកទឹកអណ្តូងរបស់យើងគ្រប់គ្នា នៅថ្ងៃណាមួយ អណ្តូងរបស់យើងនឹងរីង។ ដូច្នេះ ខ្ញុំត្រូវស្វែងរកប្រភពទឹកទន្លេនិងសមុទ្រពីខាងក្រៅ នោះទើបយើងមិនចេះរីងស្ងួត»។ ក្នុងន័យនេះ អ្នកឧកញ៉ាចង់បញ្ជាក់ថា លោកមិនព្យាយាមធ្វើការវិនិយោគតែនៅក្នុងស្រុកទេ ប៉ុន្តែ ត្រូវស្វែងរកប្រភពជំនួញពាណិជ្ជកម្មធំៗមកពីក្រៅប្រទេស ដើម្បីសហការវិនិយោគរួមគ្នា នោះទើបធ្វើឲ្យមុខជំនួញរបស់លោកកាន់តែរីកចម្រើនមិនចេះរីងស្ងួត ហើយនាំមកនូវចំណូលចូលជាតិ តាមរយៈការបង់ពន្ធផ្សេងៗផង។
ប្រទេសនិងក្រុមហ៊ុនបរទេសធំៗល្បីៗ ដែលលោកឧកញ៉ា សៀ ឫទ្ធី បោះទុនរកស៊ីជាមួយ មានមកពីប្រទេសចិន អាមេរិក ហុងកុង តៃវ៉ាន់ សិង្ហបុរី រុស្ស៊ី អាល្លឺម៉ង់ អូស្ត្រាលី ថៃ វៀតណាម និងភូមា៕