ចក្រភពអង់គ្លេសនឹងផ្តល់ឱ្យអ៊ុយក្រែននូវកាំជ្រួចមីស៊ីលការពារដែនអាកាសថ្មីប្រហែល៦ពាន់គ្រាប់ និងទឹកប្រាក់ប្រមាណ ៤០លានដុល្លារអាមេរិកផ្សេងទៀត។ ទឹកប្រាក់ទាំង៤០លានដុល្លារនេះ នឹងរួមចំណែកគាំទ្រដល់ការផ្សាយរបស់បណ្តាញព័ត៌មាន BBC នៅក្នុងប្រទេសអ៊ុយក្រែន និង ក្នុងតំបន់ទាំងមូល រួមទាំងសម្រាប់ផ្តល់ឱ្យទាហាន និង អ្នកបើកយន្តហោះនៅអ៊ុយក្រែន។
នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន នឹងប្រកាសកញ្ចប់ជំនួយថ្មីនេះនៅថ្ងៃព្រហស្បតិ៍ អំឡុងកិច្ចប្រជុំរបស់មេដឹកនាំណាតូ និង G7 ខណៈពេលដែលវាក៏នឹងជាសញ្ញាបង្ហាញពីឆន្ទៈរបស់អង់គ្លេស ក្នុងការពង្រឹងសមត្ថភាពការពារប្រទេសអ៊ុយក្រែនបន្ថែមទៀតផងដែរ។
ប្រធានាធិបតីអង់គ្លេសរូបនេះបាននិយាយដែរថា ចក្រភពអង់គ្លេសនឹងធ្វើការជាមួយសម្ព័ន្ធមិត្តដើម្បីបង្កើនការគាំទ្រផ្នែកយោធា និងសេដ្ឋកិច្ចដល់អ៊ុយក្រែន ដោយពង្រឹងការការពារ ស្របពេលដែលគេកំពុងបង្កើនការប្រយុទ្ធ។
គួរជម្រាបថា ក្នុងការប្តេជ្ញាចិត្តថ្មី អង់គ្លេសគ្រោងនឹងផ្តល់កាំជ្រួចមីស៊ីលដល់អ៊ុយក្រែនឲ្យបានដល់ទៅ ១ម៉ឺនគ្រាប់ ជាមួយនឹងមូលនិធិបន្ថែមលើសពី ជាង ៥០០លានដុល្លារ សម្រាប់ជំនួយមនុស្សធម៌ និងសេដ្ឋកិច្ចផងដែរ។
ក្រៅតែពីអង់គ្លេស ប្រទេសជប៉ុនឯណោះវិញ បើតាមទូរទស្សន៍ NHK ជប៉ុន បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា រដ្ឋាភិបាលជប៉ុនកំពុងពិចារណាលើការពង្រីកជំនួយមនុស្សធម៌បន្ថែមចំនួន ១០០លានដុល្លារដល់អ៊ុយក្រែន និងប្រទេសជិតខាងអ៊ុយក្រែន បន្ថែមពីលើជំនួយចំនួន ១០០លានដុល្លារដែលជប៉ុនធ្លាប់បានប្រកាសកន្លងមក ។
NHK រាយការណ៍ទៀតថា រដ្ឋាភិបាលជប៉ុនក៏កំពុងសម្លឹងរកមើលការផ្តល់ប្រាក់កម្ចីបន្ទាន់ទ្វេដងដល់អ៊ុយក្រែនដល់ទៅ ២០០លានដុល្លារ ព្រមទាំងបញ្ជូនមន្ត្រីពេទ្យ កងកម្លាំងស្វ័យការពារ ដើម្បីគាំទ្រដល់ការមើលថែជនភៀសខ្លួនអ៊ុយក្រែននៅក្នុងប្រទេសប៉ូឡូញ និងប្រទេសជិតខាងដទៃទៀតផងដែរ៕