អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូញ៉ូ ហ្គូធឺរ៉េស (Antonio Guterres) បានប្រាប់សន្និសីទសារព័ត៌មានមួយថា ដោយសារ«វិបត្តិបំណុលដ៏ធ្ងន់ធ្ងរ»នេះ បានប្រមូលផ្តុំភាគច្រើនតែទៅលើប្រទេសមិនសូវមានការអភិវឌ្ឍនោះ ដូច្នេះហើយគេ «មិនបានវិនិច្ឆ័យថា វានឹងបង្កហានិភ័យជាប្រព័ន្ធដល់ប្រព័ន្ធហិរញ្ញវត្ថុសកលនោះទេ»។
ទោះយ៉ាងណា ប្រមុខសហប្រជាជាតិរូបនេះបានព្រមានថា នេះគឺជាអព្ភូតហេតុមួយដែលមនុស្សចំនួន ៣ពាន់៣រយលាននាក់បានរស់នៅក្នុងប្រទេសដែលចំណាយប្រាក់ច្រើនទៅលើបំណុលរបស់ពួកគេ ហើយវាគឺហួសពីហានិភ័យជាប្រព័ន្ធទៅទៀត ដែលគេហៅវាថា ជាការបរាជ័យជាប្រព័ន្ធតែម្ដង។
លោក ហ្គូធឺរ៉េស បាននិយាយថា ទីផ្សារហិរញ្ញវត្ថុហាក់ដូចជាមិនទាន់រងទុក្ខនៅឡើយទេ ក៏ប៉ុន្តែមនុស្សរាប់ពាន់លាននាក់កំពុងជួបទុក្ខលំបាកហើយនាពេលនេះ ហើយកម្រិតបំណុលសាធារណៈក៏កំពុងតែកើនឡើងស្រឺតៗផងដែរ។
លោក ហ្គូធឺរ៉េស បានបន្ថែមទៀតថា កាលពីឆ្នាំ២០២២ បំណុលសាធារណៈសកលបានឈានដល់កម្រិតខ្ពស់បំផុតរហូត ៩២ពាន់ពាន់លានដុល្លារ ហើយប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនកំពុងរែកពន់បំណុលដ៏វិសមាមាត្រមួយនេះ។
យោងតាមរបាយការណ៍របស់សហប្រជាជាតិបានបង្ហាញថា ចំនួនប្រទេសដែលប្រឈមនឹងកម្រិតបំណុលខ្ពស់បានកើនឡើងយ៉ាងខ្លាំងពី ២២ប្រទេសនៅក្នុងឆ្នាំ២០១១ ឡើងដល់៥៩ប្រទេសនៅក្នុងឆ្នាំ២០២២។
លោក ហ្គោធឺរ៉េស បាននិយាយថា ចំណែកបំណុលដែលកើនឡើង គឺជាបំណុលកាន់កាប់ដោយម្ចាស់បំណុលឯកជន ដែលបានយកអត្រាការប្រាក់ខ្ពស់ពីប្រទេសកំពុងអភិវឌ្ឍន៍ដោយលោកបានលើកឡើងពីប្រទេសមួយចំនួននៅតំបន់អាហ្វ្រិកដែលបានចំណាយប្រាក់សម្រាប់កម្ចីរបស់ពួកគេច្រើនជាងសហរដ្ឋអាមេរិកចំនួន៤ដង និងច្រើនជាងអឺរ៉ុបចំនួន៨ដង។
វិបត្តិបំណុលកំពុងធ្វើឱ្យរដ្ឋាភិបាលនៃប្រទេសជាច្រើនគ្មានប្រាក់សម្រាប់ការវិនិយោគ តាមទាន់គោលដៅអភិវឌ្ឍន៍របស់សហប្រជាជាតិសម្រាប់ឆ្នាំ២០៣០ ដែលរួមទាំងការបញ្ចប់ភាពក្រីក្រខ្លាំង និងការធានាឱ្យកុមារគ្រប់រូបទទួលបានការអប់រំបឋមសិក្សា និងមធ្យមសិក្សាដែលមានគុណភាពល្អ និងគ្មានប្រាក់សម្រាប់ការវិនិយោគលើការផ្លាស់ប្តូរទៅរកថាមពលកកើតឡើងវិញផងដែរ។
របាយការណ៍នេះបាននិយាយថា បំណុលសាធារណៈបានឈានដល់«កម្រិតដ៏ច្រើនលើសលុប»នេះ ភាគច្រើនដោយសារកត្តា២យ៉ាង។ ទីមួយ គឺតម្រូវការហិរញ្ញវត្ថុរបស់ប្រទេសទាំងនេះបានកើនឡើងនៅពេលពួកគេព្យាយាមទប់ទល់ផលប៉ះពាល់នៃវិបត្តិជាបន្តបន្ទាប់រួមទាំងជំងឺកូវីដ១៩ ការចំណាយសម្រាប់ការរស់នៅកើនឡើង និងការប្រែប្រួលអាកាសធាតុ។ និង ទីពីរគឺការរៀបចំហិរញ្ញវត្ថុសកល«ធ្វើឱ្យប្រទេសកំពុងអភិវឌ្ឍន៍ទទួលបានហិរញ្ញប្បទានមិនគ្រប់គ្រាន់ និងមានតម្លៃខ្ពស់ជាដើម»៕
អត្ថបទ ៖ សុខ ជា