បច្ចុប្បន្ន អគារខ្ពស់បំផុតទាំង១០របស់សហរដ្ឋអាម៉េរិក គឺសុទ្ធតែស្ថិតនៅទីក្រុងញូវយ៉ក និងទីក្រុងឈីកាហ្គោ។ ញូវយ៉ក គឺជាទីក្រុងធំបំផុតទី១ រីឯឈីកាហ្គោ គឺជាទីក្រុងធំបំផុតទី៣ របស់សហរដ្ឋអាម៉េរិក ខណៈដែលទីក្រុងអូក្លាហូម៉ា ជាទីក្រុងធំបំផុតទី២០ ដែលមានប្រជាជនត្រឹមតែប្រហែល៧០ម៉ឺននាក់ប៉ុណ្ណោះ។
ទោះបីជាទីក្រុងអូក្លាហូម៉ា ជាទីក្រុងធំបំផុតទី២០ ក៏ដោយចុះ ប៉ុន្តែក្រុមអភិវឌ្ឍន៍មួយក្រុមដែលចង់សាងសង់អគារខ្ពស់បំផុតថ្មីនេះបានកត់សម្គាល់ថា ទីក្រុងអូក្លាហូម៉ា កំពុងតែពង្រីកខ្លួនបន្ថែមទៀត ជាហេតុធ្វើឱ្យពួកគេយល់ឃើញថា ទីក្រុងនេះអាចគាំទ្រដល់គម្រោងធំបែបនេះបាន ខណៈដែលទំហំនៃទីក្រុងនេះបានកើនឡើងជិត២% នៅចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ហើយនៅចន្លោះឆ្នាំ២០១០ ដល់ឆ្នាំ២០២០ ទីក្រុងអូក្លាហូម៉ា គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងចំនួន១៤នៅអាម៉េរិក ដែលបានបន្ថែមចំនួនមនុស្សជាង១០ម៉ឺននាក់។
ផែនការសង់អគារខ្ពស់បំផុតនេះ ពិតជាជួយគាំទ្រដល់ការពង្រីកក្រុងឱ្យរីកចម្រើនមែនហើយ ប៉ុន្តែសំណើនេះអាចនឹងត្រូវបរាជ័យតាំងពីដំបូងដោយសារអភិបាលក្រុងអូក្លាហូម៉ា មិនបាន
ប្តេជ្ញាចិត្តចំពោះផែនការនេះ ហើយសេដ្ឋវិទូម្នាក់នៅក្នុងទីក្រុងនេះក៏បានច្រានចោលគម្រោងសង់អគារខ្ពស់នេះដែរថា វាគ្រាន់តែជាការស្រមើស្រមៃដែលមិនអាចសម្រេចបាន។
ក្រុមអ្នកអភិវឌ្ឍន៍ដែលដឹកនាំដោយក្រុមហ៊ុនវិនិយោគអចលនទ្រព្យ ម៉េតសុន ឃែភីថល (Matteson Capital) និងក្រុមហ៊ុនស្ថាបត្យកម្ម អេអូ (AO) កាលពីសប្ដាហ៍មុនបានប្រកាសផែនការសាងសង់អគារខ្ពស់កប់ពពកនៅក្នុងទីក្រុងអូក្លាហូម៉ា នេះជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ចម្រុះថ្មីនៅក្នុងទីក្រុងនេះដែលមានហាងលក់រាយ ភោជនីយដ្ឋាន និងកន្លែងទាក់ទាញទេសចរណ៍ផ្សេងៗទៀត៕
អត្ថបទ៖ សុខ ជា