យោងតាមការចុះផ្សាយរបស់សារព័ត៌មានដ៏ល្បីល្បាញ Bloomberg នៅថ្ងៃពុធ ទី២៤ ខែមករា ធនាគារកណ្ដាលអាម៉េរិក(Federal Reserve)កំពុងមានផែនការសម្ងាត់ប្រុងបង្កើតលុយដុល្លារឌីជីថល ប៉ុន្តែផែនការនេះត្រូវបានលោក ដូណាល់ ត្រាំ ជំទាស់ដាច់ខាត។
លោក ដូណាល់ ត្រាំ ដែលមកពីគណបក្សសាធារណរដ្ឋបានបញ្ជាក់ប្រាប់ទៅក្រុមអ្នកគាំទ្ររបស់លោកក្នុងយុទ្ធនាការឃោសនា កាលពីយប់ថ្ងៃច័ន្ទ ទី២២ ខែមករា នៅរដ្ឋញូវហ៊ែមស័រ (New Hampshire) ថា លោកនឹងមិនអនុញ្ញាតឱ្យធនាគារកណ្ដាលអាម៉េរិក បង្កើតរូបិយប័ណ្ណឌីជីថលនោះឡើយ។
លោក វីវេក រ៉ាម៉ាស្វាមី (Vivek Ramaswamy) អតីតបេក្ខជនឈរឈ្មោះជាប្រធានាធិបតីអាម៉េរិក មកពីគណបក្សសាធារណរដ្ឋ ដែលកាលពីមុនមិនចូលចិត្តលោក ដូណាល់ ត្រាំ បានងាកមកកោតសរសេរលោក ដូណាល់ ត្រាំ យ៉ាងខ្លាំង ដែលបានចូលរួមជាមួយលោកក្នុងការជំទាស់នឹងផែនការបង្កើតលុយដុល្លារឌីជីថលនេះ។
ស្របគ្នាទៅនឹងជំហររបស់លោក ដូណាល់ ត្រាំ លោក វីវេក រ៉ាម៉ាស្វាមី (Vivek Ramaswamy) បានលើកឡើងថា រូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្ដាលអាចបង្កការគំរាមកំហែងដល់សិទ្ធិសេរីភាពបុគ្គល ព្រោះវាធ្វើឱ្យរដ្ឋាភិបាលមួយមានសិទ្ធិអំណាចធំដែលអាចលុបចោលគណនីធនាគារផ្ទាល់ខ្លួនរបស់បុគ្គលណាម្នាក់តាមអំពើចិត្តជាការដាក់ទណ្ឌកម្ម។
លោក ដូណាល់ ត្រាំ ធ្លាប់បានលើកឡើងម្ដងរួចមកហើយអំឡុងខែកក្កដា ឆ្នាំ២០១៩ ថា លោកមិនគាំទ្ររូបិយប័ណ្ណឌីជីថល Bitcoin និងរូបិយប័ណ្ណឌីជីថលផ្សេងៗទៀតនោះឡើយ ព្រោះវាមិនមែនជាក្រដាសប្រាក់ និងស្ថិតក្នុងលំហអាកាស ហើយតម្លៃរបស់វាទៀតសោតគឺប្រែប្រួលឡើងចុះមិនទៀង ពោលគឺមានហានិភ័យខ្ពស់។
លោកបានបន្ថែមថា រូបិយប័ណ្ណឌីជីថល ឬគ្រីបតូ ដែលមិនត្រូវបានធ្វើនិយ័តកម្មឱ្យបានត្រឹមត្រូវអាចជួយសម្រួលដល់អំពើល្មើសច្បាស់រួមមានទាំងការការលាងលុយកខ្វក់ ការជួញដូរគ្រឿងញៀន និងសកម្មភាពខុសច្បាស់ផ្សេងៗទៀតផងដែរ៕
ដោយ: តែម សុខុម