ក្រុមហ៊ុនដែក US Steel

ក្រុមហ៊ុនយក្សជប៉ុន Nippon បញ្ជូនតំណាងទៅវ៉ាស៊ីនតោន ដើម្បីចរចាទិញយកក្រុមហ៊ុនដែកយក្សអាម៉េរិក US Steel


ប្រភពមួយចំនួនបានទម្លាយប្រាប់សារព័ត៌មានជប៉ុន Nikkei Asia ថា ក្រុមហ៊ុនដែកជប៉ុន នីបផុន ស្ទៀល (Nippon Steel) បានបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន ដើម្បីជួបចរចាជាមួយក្រុមសមាជិកសភាអាម៉េរិក ក៏ដូចជាជួបពិភាក្សាជាមួយក្រុមអ្នកវិភាគជុំវិញកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុនដែកអាម៉េរិក US Steel។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ក្រុមហ៊ុនដែក US Steel
ដោយ

ការបញ្ជូនតំណាងរបស់ក្រុមហ៊ុនដែកជប៉ុន Nippon ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន នេះបានធ្វើឡើងមួយខែបន្ទាប់ពីក្រុមហ៊ុនជប៉ុន មួយនេះបានប្រកាសកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុនដែកអាម៉េរិក US Steel ក្នុងតម្លៃប្រមាណ១៤ពាន់លានដុល្លារ ដែលជាការទិញយកក្នុងទំហំធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនជប៉ុន មួយនេះ។

ផែនការទិញយកក្រុមហ៊ុនអាម៉េរិកនេះ ត្រូវបានជំទាស់ភ្លាមៗពីសមាជិកសភាមួយចំនួនរបស់សហរដ្ឋអាម៉េរិក រួមទាំងលោក ចន ហ្វេធឺមែន (John Fetterman) ជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋផេនស៊ីលវ៉េនៀ (Pennsylvania) ផងដែរ។ លោក ចន ហ្វេធឺមែន បានចាត់ទុកកិច្ចព្រមព្រៀងនេះថាគួរឱ្យភ្ញាក់ផ្អើល និងមិនត្រឹមត្រូវទាល់តែសោះដែលក្រុមហ៊ុនដែកជានិមិត្តរូបរបស់សហរដ្ឋអាម៉េរិក មួយនេះត្រូវបានលក់ទៅឱ្យប្រទេសផ្សេងបែបនេះ។

ដូច្នេះហើយប្រភពខ្លះបាននិយាយថា ក្រុមហ៊ុនដែកជប៉ុន Nippon ក៏បានចាត់បញ្ជូនប្រតិភូរបស់ខ្លួនដឹកនាំដោយលោក តាកាហ៊ីរ៉ូ ម៉ូរី (Takahiro Mori) ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន ដើម្បីជួបចរចាជាមួយសមាជិកសភាអាម៉េរិក មួយចំនួនរួមទាំងលោក ចន ហ្វេធឺមែន (John Fetterman) ផងដែរ។

កាលពីថ្ងៃច័ន្ទ ទី២២ ខែមករា លោកស្រី លែល ប្រេណាដ (Lael Brainard) ទីប្រឹក្សាសេដ្ឋកិច្ចជាតិរបស់ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន បានថ្លែងក្នុងសិក្ខាសាលាមួយនៅស្ថាប័នគោលនយោបាយសាធារណៈ ប៊្រូឃីង (Brookings) ថា ផលប៉ះពាល់សន្តិសុខជាតិដែលអាចកើតចេញពីការលក់ក្រុមហ៊ុនដែកអាម៉េរិក មួយនេះគឺចាំបាច់ត្រូវតែពិនិត្យផ្ទៀងផ្ទាត់ឡើងវិញដោយប្រុងប្រយ័ត្ន ហើយថា ជាក់ស្តែង សហរដ្ឋអាម៉េរិក មានច្បាប់មួយដែលតម្រូវឱ្យគិតគូរជាសំខាន់លើបញ្ហាសន្តិសុខជាតិ ព្រមទាំងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ផងដែរ។

លោក ក្លាក ផេកខាត (Clark Packard) អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខាតូ (Cato) បាននិយាយថា វាច្បាស់ណាស់ថា ជប៉ុន ទំនងជាមិនបង្កហានិភ័យសន្តិសុខជាតិណាមួយដល់សហរដ្ឋអាម៉េរិក នោះទេ ព្រោះ Nippon Steel គឺជាក្រុមហ៊ុនឯកជន មិនមែនគ្រប់គ្រងដោយរដ្ឋនោះទេដូច្នេះហើយសហរដ្ឋអាម៉េរិក គួរតែស្វាគមន៍រាល់ការវិនិយោគពីជប៉ុន។

ចំណែកលោក វីលៀម រ៉េន (William Reinsch) ជាអ្នកវិភាគមួយរូបយល់ឃើញថា ការអនុម័តកិច្ចព្រមព្រៀងនេះនឹងមិនកើតឡើងឆាប់ៗនោះទេ ហើយថា វាអាចអាស្រ័យលើការសម្រេចចិត្តរបស់ក្រុមសហជីពកម្មករ។ លោកបានបន្ថែមថា ប្រសិនបើគេអាចបញ្ចុះបញ្ចូលឱ្យសហជីពកម្មករគាំទ្រកិច្ចព្រមព្រៀងនេះបានសម្រេច ពេលនោះលោកគិតថា កិច្ចព្រមព្រៀងនេះនឹងត្រូវបានអនុម័តជាមិនខាន៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម កំពុងសម្រុកសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី តម្លៃ១៦ពាន់លានដុល្លារ

ព័ត៌មាន
គម្រោងអាកាសយានដ្ឋានអន្តរជាតិ ឡុងថាញ់ (Long Thanh International Airport) ក្រោមទុនវិនិយោគដ៏សម្បើមរហូតដល់ទៅ១៦ពាន់លានដុល្លារអាម៉េរិក ស្…

ការប្រាក់លើថ្លៃបណ្ណបំណុលរបស់រដ្ឋាភិបាលជប៉ុន នឹងកើនដល់១០៣ពាន់លានដុល្លារនៅឆ្នាំ២០២៧

ព័ត៌មាន
ការប្រាក់លើថ្លៃសញ្ញាបណ្ណ ឬបណ្ណបំណុលរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានព្យាករថា នឹងកើនឡើងរហូតដល់ទៅ១០៣ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ២០២៧ ខាងម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ